(ភ្នំពេញ)៖ កន្លងមកច្បាស់ជាមានមហាជនខ្មែរជាច្រើន បានស្គាល់ និងដាក់ការចាប់អារម្មណ៍គាំទ្រ មកលើតារាស្រី កញ្ញា វណ្ណ វល័ក្ខ តាមរយៈការបង្ហាញវត្ត មានតួសម្តែងខ្សែភាពយន្ត ចាក់បញ្ចាំងនៅលើស្ថានីយទូរទស្សន៍នានា ប៉ុន្តែបើនិយាយពីប្រវត្តិពិត របស់នាង ក៏ច្បាស់ជាមានទស្សនិកជនមួយចំនួនធំ ពុំធ្លាប់បានដឹងនៅឡើយទេ។

ថ្ងៃនេះ Khmertalking សូមបង្វែអារម្មណ៍ប្រិយមិត្ត ពីរឿងរ៉ាវអាជីពសិល្បៈរបស់ កញ្ញា វណ្ណ វល័ក្ខ មកស្គាល់ និងដឹងពីប្រវត្តិគ្រាដំបូងមុនពេលនាង ចូលសិល្បៈទាំងអស់គ្នា។ កញ្ញា វណ្ណ វល័ក្ខ គឺជាតារាស្រី មានដើមកំណើត មកពីទឹកដីខេត្តកំពង់ធំ ហើយគិតមកទល់ពេលនេះ អាជីពសិល្បៈរបស់នាងមានរយៈកាល ជាច្រើនឆ្នាំមកហើយ។

កញ្ញា វណ្ណ វល័ក្ខ កាលពីថ្មីៗកន្លងមកនេះ ធ្លាប់មានការបង្ហើបឲ្យដឹងថា ស្រីស្រស់ វណ្ណ វល័ក្ខ កាលពីក្មេង នាងធ្លាប់មានប្រវត្តិជាក្មេងលក់ទឹកអំពៅ ហើយកាលពីនៅលក់ទឹកអំពៅ គឺ វល័ក្ខ តែងរងការមាក់ងាយ យ៉ាងសុះសាច់ពីអ្នកភូមិ។ ក្រោយពេលក្លាយជាតារា គឺមនុស្សដែលមើលងាយពីមុនមក បែរជាមិនហ៊ាននិយាយរកនាង ហើយទៅជាចោទប្រកាន់ថា ឫក ទៅវិញ។

ប្រភពបានបញ្ជាក់ថា កញ្ញា វណ្ណ វល័ក្ខ គឺនាងកើតចេញពីកូនកសិករ ត្រកូលអ្នកក្រ ប៉ុន្តែចរិត វល័ក្ខ តាំងពីក្មេងរហូតក្លាយអ្នកសិល្បៈ មានឈ្មោះល្បី គឺនៅតែរក្សាភាពរួសរាយ រាក់ទាក់ មិនឆ្មើងឆ្មៃឡើយដដែល។ ជាងនេះទៅទៀតតារាស្រីរូបនេះ ជាមនុស្សម្នាក់ចេះ ជួយយកអាសារអ្នកដទៃ ពិសេសមិត្តភក្តិគ្រប់គ្នា។ នេះហើយជាប្រវត្តិរបស់នាង។

ដោយឡែក បើចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់កញ្ញា វណ្ណ វល័ក្ខ ទន្ទឹមគ្នា នៃការបង្ហើបនេះដែរ នាងក៏បាននិយាយការពិតរបស់ខ្លួនថា «វាមិនមែនជារឿងងាយទេ ដែលខ្ញុំខំប្រឹងតាំងពីក្មេងដើរលក់នំ តាមផ្សារពិបាកខ្លាំងប៉ុណ្ណា ទំរាំបានក្លាយជាតារា មានមុខមានមាត់ នៅក្នុងសង្គមដល់រាល់ថ្ងៃនេះ។ សូមអរគុណដល់ពុកម៉ែបងប្អូនខ្លាំងណាស់ ដែលស្រឡាញ់នឹងចូលចិត្ដរូបនាងខ្ញុំ!»។

ផ្អែកតាមការបង្ហើប និងសម្តីសារភាពចេញពីមាត់ ដោយផ្ទាល់របស់កញ្ញា វណ្ណ វល័ក្ខ ខាងលើនេះ អាចបញ្ជាក់ថា នាងជាមនុស្សម្នាក់ ដែលមានការតស៊ូ និងភាពតាំងចិត្តខ្ពស់សម្រាប់ផ្លូវជីវិតដ៏សែនលំបាក រហូតឆ្លងកាត់គ្រប់ឧបសគ្គ ឆ្ពោះមករកភាពជោគជ័យ ដើម្បីសាងសេចក្តីសុខដល់ខ្លួន និងក្រុមគ្រួសារផងនោះ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]