ទឹកដោះជូរ ភាគច្រើនត្រូវបានគេពេញនិយមទទួលទាន ដើម្បីជំនួយសុខភាព និងជួយដល់ការសម្រកទម្ងន់ និងបំបាត់ខ្លាញ់ក្បាលពោះជាដើម។

ក្រៅពីនេះទឹកដោះគោជូរ ក៏អាចយកថែទាំសម្រស់បានផងដែរ ដោយការយកមកលាយគ្រឿងផ្សំបន្ថែមយ៉ាងហោច ក៏ ២ ទៅ៣មុខបន្ថែមដែរ ដោយសារតែ ទឹកដោះគោជូរមានផ្ទុកទៅដោយ សារធាតុសំខាន់ៗ មានប្រយោជន៍ដូចជា៖ វីតាមីន D កាល់ស្យូម អាស៊ីតឡាទិក (Lactic Acid) និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។

តែពេលនេះមិនបាច់ពិបាកទៀតទេ គ្រាន់តែលាបទឹកដោះគោជូរតែម្តងលើផ្ទៃមុខ ក៏មានប្រយោជន៍សម្រាប់ស្បែកបានដែរ ដោយគេដឹងថាអាចជួយជម្រុះកោសិកាស្បែកដែលងាប់ៗចោល បង្កើតកោសិកាស្បែកមុខ ដែលថ្មីមានសុខភាពល្អ បង្ការ និងព្យាបាលការរលាកស្បែក ថែមទាំងធ្វើឱ្យផ្ទៃមុខស្រស់ស្អាតបានច្រើនបែប ច្រើនយ៉ាងផងដែរ។

ចង់ដឹងថា គ្រាន់តែលាបទឹកដោះគោជូរសុទ្ធៗលើផ្ទៃមុខតែឯង អាចជួយដល់ស្បែក និងផ្ទៃមុខបានកម្រិតណាខ្លះ មកតាមដានទាំងអស់គ្នា៖

លាបទឹកដោះគោជូរសុទ្ធៗលើផ្ទៃមុខតែឯង

# ផ្តល់សំណើមផ្ទៃមុខ

មុខដែលស្ងួត ខ្សោះៗ គ្មានជាតិទឹកនឹងធ្វើឱ្យអ្នកឆាប់ចាស់ ជ្រីវជ្រួញជាងវ័យបាន ប៉ុន្តែទឹកដោះគោជូរ អាចជួយដោះស្រាយបញ្ហាទាំងនេះ។ គ្រាន់តែលាងមុខឱ្យស្អាតលាបទឹកដោះគោជូរលើផ្ទៃមុខ និងក ឱ្យសព្វ ទុកចោល ១០នាទី ចាំលាងទឹកចេញ ហើយអនុវត្តមួយសប្តាហ៍ឱ្យបាន ៣ដង នឹងជួយធ្វើឱ្យមុខមានសំណើម ទន់រលោង និងស្រស់ស្អាតជាមិនខាន។

# ជួយបង្ការ និងព្យាបាលការរលាក

ជាតិសង្កសី ដែលមាននៅក្នុងទឹកដោះគោជូរ អាចជួយបង្ការ និងកាត់បន្ថយការរលាកស្បែកផ្សេងៗបានយ៉ាងប្រសើរ។ ក្រៅពីនេះ ថែមទាំងជួយឱ្យស្បែកមានសុខភាពល្អ បង្កើតកោសិកាស្បែកមុខថ្មីៗ មានសុខភាពល្អ ជាពិសេស ថែមទាំងធ្វើឱ្យមុខដែលកើតមុន និងរលាកដោយសារការញិចមុន ឆាប់ជាសះស្បើយផងដែរ។

# ប្រឆាំងនឹងការកើតមុន

ទឹកដោះគោជូរ មិនត្រឹមតែអាចប្រឆាំង នឹងការរលាកស្បែកផ្សេងៗ បាននោះទេ តែថែមទាំងអាចការពារការកកើតមុន ការរលាកស្បែកមុខ និងប្រឆាំងនឹងមេរោគផ្សិតដែលបណ្តាលឱ្យមានបញ្ហាស្បែកមុខផ្សេងៗបានផងដែរ។

ទឹកដោះគោជូរ

# ធ្វើឱ្យមុខភ្លឺរលោង

ជាតិអាស៊ីតឡាក់ទិក (Lactic Acid) ដែលមាននៅក្នុងទឹកដោះគោជូរ អាចប្រឆាំងនឹងសារធាតុមេឡានីន(melanin) ដែលធ្វើឱ្យស្បែកមុខខ្មៅ និងឡើងស្រអាប់បាន។ ដូច្នេះ គ្រាន់តែលាបទឹកដោះគោជូរ លើផ្ទៃមុខជាប្រចាំ នឹងធ្វើឱ្យស្បែកមុខស ទន់ ភ្លឺ និងរលោងស្រស់ស្អាតជាមិនខាន។

# ការពារស្បែកពីកម្តៅថ្ងៃ

ការនៅក្រោមកម្តៅថ្ងៃយូរពេក នឹងធ្វើឱ្យស្បែករបស់អ្នករលាក និងមានផលប៉ះពាល់ផ្សេងៗជាមិនខាន។ តែការប្រើទឹកដោះគោជូរ លាបលើផ្ទៃមុខ ឱ្យបាន ១០នាទី ទៅ ១៥នាទី អាចជួយធ្វើឱ្យផ្ទៃមុខ ស ទន់ រលោង និងបំបាត់បញ្ហាស្បែកខ្មៅខ្លោច ដោយសារតែ កម្តៅថ្ងៃបានយ៉ាងប្រសើរ។

# ប្រឆាំងនឹងភាពចាស់

មិនខុសពីចំណុចមុនៗ ទឹកដោះគោជូរ អាចជួយផ្តល់សំណើមស្បែកមុខ ថែមទាំងប្រឆាំងនឹងភាពចាស់ ជ្រីវជ្រួញបានយ៉ាងល្អផងដែរ។ មិនតែប៉ុណ្ណោះ ទឹកដោះជូរថែមទាំងមានសមត្ថភាព ជួយពង្រឹងកោសិកាស្បែក ឱ្យកាន់តែរឹងមាំ និងព្យាបាលបញ្ហាស្បែកផ្សេងៗឱ្យឆាប់ជាសះស្បើយទៀតផង។

ទឹកដោះគោជូរ

# កម្ចាត់ភាពកខ្វក់

ជាតិធូលី ដី និងសារធាតុកខ្វក់ ដែលជាប់នៅលើស្បែក នឹងធ្វើឱ្យពណ៌ផ្ទៃមុខរបស់អ្នកមានស៊ីគ្នា ហើយធ្វើឱ្យស្បែកមានបញ្ហា និងគ្មានភាពស្រស់ថ្លាផងដែរ។ តែការប្រើប្រាស់ទឹកដោះគោជូរ លាបលើផ្ទៃមុខជាប្រចាំ បញ្ហាទាំងឡាយប្រាកដជាបានដោះស្រាយ ដោយសារតែ វាបានដើរតួនាទី ជាគ្រឿងសម្អាតផ្ទៃមុខបានយ៉ាងប្រសើរ។

# ប្រឆាំងនឹងបញ្ហាស្បែកផ្សេងៗ

ដូចដែលអ្នកបានដឹងហើយថា ទឹកដោះគោជូរ អាចមានសមត្ថភាពលាងសម្អាត និងកម្ចាត់មេរោគបាក់តេរី រួមទាំងមេរោគផ្សិតផ្សេងៗបាន។ ដូច្នេះហើយ ការយកទឹកដោះគោជូរលាបលើផ្ទៃមុខជាប្រចាំ អាចជួយការពារផ្ទៃមុខពីផលប៉ះពាល់ផ្សេងៗ មិនថា មុខមុន ជាំ ខ្មៅ និងបញ្ហារលាកផ្សេងៗនោះទេ។ ជាពិសេសវាអាចជួយធ្វើឱ្យសម្រស់របស់អ្នកកាន់តែស្រស់ស្អាត ក្មេងខ្ចីជាងវ័យ ទន់ ម៉ដ្ឋ និងភ្លឺរលោងស្ទើរតែមិនគួរឱ្យជឿ។

ទឹកដោះគោជូរ

ចំណាំ៖ អ្នកអាចទិញផលិតផលទឹកដោះគោជូរ សម្រាប់លាបលើផ្ទៃមុខបាន តែត្រូវចាំថា ត្រូវតែជ្រើសរើសទឹកដោះគោជូរធម្មជាតិ គ្មានជាតិខ្លាញ់ គ្មានជាតិស្ករ និងគ្មានពណ៌តែប៉ុណ្ណោះ ទើបល្អសម្រាប់ការថែរទាំសម្រស់របស់អស់លោកអ្នកបាន។

ដូច្នេះគ្រាន់តែលាបទឹកដោះគោជូរងាយៗ លើផ្ទៃមុខសោះ ក៏អាចស្អាតបានដែរ នៅចាំអីទៀត សាកល្បងទាំងអស់គ្នាតែម្តងទៅ៕  

ទឹកដោះគោជូរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]