ចំនួនមេជីវិតឈ្មោល ត្រូវបានគេចាត់ទុកថា ជាកត្តាសំខាន់សម្រាប់ការមានកូន។ ចំនួនមេជីវិតឈ្មោលមានការប្រែប្រួល និងបាត់បង់គុណភាព ក្នុងការបង្កកំណើត គឺដោយសារតែកត្តាមួយចំនួន ដែលលមានឥទ្ធិពលទៅលើកម្រិតតេស្តូស្តេរ៉ូន (Testosterone) ។

លើលពីនេះទៅទៀត ក៏មានមនុស្សមួយចំនួន បានព្យាឈាមរកដំណោះស្រាយ ក្នុងការបង្កើនចំនួនមេជីវិតឈ្មោល ក៏ដូចជាបង្កើនគុណភាពមេជីវិតឈ្មោល ដើម្បីទទួលបានប្រសិទ្ធភាពនៅក្នុងការមានកូនផងដែរ។

រូបភាពតំណាង

ប៉ុន្តែនៅពេលនេះ អ្នកនឹងបានដឹងអំពីវិធីធម្មជាតិងាយៗ ដែលអាចជួយបង្កើនចំនួនមេជីវិតឈ្មោលដល់បុរសបាន។

១/ ការធ្វើលំហាត់ប្រាណ

បើផ្អែកតាមការសិក្សាជាច្រើន បានបង្ហាញថា ការសម្រកទម្ងន់ និងការធ្វើលំហាត់ប្រាណចំពោះមនុស្សធាត់ គឺអាចបង្កើនចំនួនមេជីវិតឈ្មោលបាន។

២/ កាត់បន្ថយភាពតានតឹង

ជាការពិតណាស់ ភាពតានតឹង អាចធ្វើឲ្យមានការកាត់បន្ថយ ចំណង់ផ្លូវភេទរបស់អ្នក និងថែមទាំងធ្វើឲ្យប៉ះពាល់ ដល់ការមានកូនផងដែរ។ ហេតុនេះការកាត់បន្ថយភាពតានតឹង អាចជួយអ្នកក្នុងការបង្កើន ចំនួនមេជីវិតឈ្មោលបាន។

៣/ ឈប់ជក់បារី

ការសិក្សាមួយក្នុងឆ្នាំ២០១៦ ដែលលទ្ធផលនៃការស្រាវជ្រាវផ្សេងៗគ្នា ចំនួន២០ ក្នុងចំណោមអ្នកចូលរួមសរុប ៦,០០០នាក់ បានរកឃើញថា ការជក់បារីបានធ្វើឲ្យមានការកាត់បន្ថយចំនួនមេជីវិតឈ្មោល។

៤/ ចៀសវាងការប្រើគ្រឿងស្រវឹងច្រើនពេក និងចៀសវាងការប្រើប្រាស់ថ្នាំញៀន

ការប្រើប្រាស់ថ្នាំញៀន និងការទទួលទានគ្រឿងស្រវឹងច្រើនពេក គឺវាបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយ ចំនួនមេជិវិតឈ្មោលរបស់បុរស។ នេះបើយោងតាមអ្នកស្រាវជ្រាវមួយចំនួនបានលើកឡើង។

រូបភាពតំណាង

៥/ ចៀសវាងការប្រើប្រាស់ឱសថមួយចំនួន

ការប្រើប្រាស់ថ្នាំពេទ្យ តាមវេជ្ជបញ្ជាមួយចំនួន អាចកាត់បន្ថយការផលិតមេជីវិតឈ្មោល ដែលមានសុខភាពល្អ។ ប៉ុន្តែនៅពេលដែលអ្នកឈប់ប្រើថ្នាំទាំងនោះ មេជីវិតឈ្មោល នឹងវិលត្រលប់មកធម្មតាវិញ ឬអាចកើនឡើងផងដែរ។

៦/ ទទួលទានវីតាមីន D និងកាល់ស្យូមឲ្យបានគ្រប់គ្រាន់

ចំពោះករណីនេះ ក៏មានក្រុមអ្នកស្រាវជ្រាវ លើកឡើងថា វីតាមីន D និងជាតិកាល់ស្យូមហាក់ដូចជា ប៉ះពាល់ដល់សុខភាព របស់មេជីវិតឈ្មោល ព្រោះបើកាលណា ការទទួលទានវីតាមីន D ទាប នោះចំនួនមេជីវិតឈ្មោល ក៏មានកម្រិតទាបផងដែរ។

៧/ បង្កើនការទទួលទានជាតិខ្លាញ់ល្អ និងកាត់បន្ថយការទទួលទានជាតិខ្លាញ់ដែលមិនល្អ

ពពួកជាតិខ្លាញ់ល្អ មានដូចជា ជាតិខ្លាញ់អូមេហ្គា៣ និងអូមេហ្គា៦ ដែលវាមានសារៈសំខាន់ចំពោះការលូតលាស់ នៃស្រទាប់មេជីវិតឈ្មោល។ ចំណែកឯអាស៊ីតខ្លាញ់មិនល្អ ដែលអាចធ្វើឲ្យចំនួនមេជីវិតឈ្មោលថយចុះនោះ ហៅថាអាស៊ីតខ្លាញ់ Trans-fatty acid ។ ការទទួលទានអាស៊ីតខ្លាញ់បែបនេះ  ត្រូវបានគេដឹងថា បង្កើនហានិភ័យនៃជំងឺក្រិនសរសៃឈាម និងប៉ះពាល់ដល់ការលូតលាស់នៃមេជីវិតឈ្មោល។

៨/ ចៀសវាងការទទួលទានសណ្តែកសៀង និងអាហារមួយចំនួន

ចៀសវាងការទទួលទានសណ្តែកសៀងច្រើនពេក ឬអាហារដែលមានជាតិអ័រម៉ូនអេស្ត្រូសែន ដែលជាសមាសធាតុម្យ៉ាង អាចកាត់បន្ថយការការផលិតមេជីវិតឈ្មោល។

៩/ អាហារមួយចំនួនដែលអាចបង្កើនមេជីវិតឈ្មោល

ជាមួយគ្នានេះផងដែរ អ្នកក៏អាចទទួលទានអាហារ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលអាចបង្កើនចំនួនមេជីវិតឈ្មោល រួមមាន ផលិតផលទឹកដោះគោ សូកូឡាខ្មៅ ខ្ទឹមស ចេក ខាត់ណាខៀវ រមៀត ទំពាំងបារាំង គ្រាប់ធញ្ញជាតិ និងពពួកត្រីសាល់ម៉ុនជាដើម ៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]