បរទេស៖ សព្វថ្ងៃនេះដោយសារបច្ចេកវិទ្យាទំនើប មនុស្សយន្ត និងគ្រឿងអេឡិចត្រូ​និច​ផ្សេងៗ ត្រូវបានគេផលិតឡើង ដោយបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត AI ។

ផ្ទុយទៅវិញ លោកបណ្ឌិត Subhash Kak ជាសាស្ត្រាចារ្យខាងវិស័យបច្ចេកវិទ្យាកុំព្យូទ័រ បានព្រមានថា ភាពវៃឆ្លាត AI នេះ នឹងធ្វើឲ្យពិភពលោក ជួបប្រទះភាពអត់ការងារធ្វើ ជាក់ជាពុំខាន។

លោកបណ្ឌិត Subhash Kak

លោកបណ្ឌិតបានប្រាប់សារព័ត៌មាន NBC ថា បច្ចេកវិទ្យា AI ត្រូវបានគេយកមកប្រើប្រាស់ ក្នុងប្រព័ន្ធសេដ្ឋកិច្ច ដូចជា ក្នុងផលិតកម្មចំណីអាហារ ឧស្សាហកម្ម និងការគិតបញ្ជីជាដើម ដើម្បីជំនួសនូវការងាររបស់មនុស្ស។

មនុស្សយន្ត​ បម្រើការងារនៅភោជនីយដ្ឋាន

លោកបានបន្តថា នៅរយៈពេលប្រហែល ១២ឆ្នាំខាងមុខ មនុស្សប្រមាណ ៨០០លាននាក់ នឹងបាត់បង់ការងារធ្វើ ដោយសារកំណើននៃបច្ចេកវិទ្យានេះ។ នេះក៏ព្រោះការប្រើប្រាស់​​បច្ចេកវិទ្យា AI ក្នុងវិស័យការងារ ​មាន​ភាព​ងាយស្រួល និង​ចំណាយ​តិច​ ជាងការជួល​កម្លាំង​ពលកម្មរបស់មនុស្ស។

គួររម្លឹកថា នាពេលថ្មីៗកន្លងទៅនេះ ក្រុម Hanson Robotics ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង បានបង្ហាញនូវមនុស្សយន្តមួយប្រភេទ ដែលគេដាក់ឈ្មោះឲ្យថា Sophia។

Sophia ត្រូវបានគេផលិតឡើង ដោយបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត AI ដែលអនុញ្ញាតឲ្យមនុស្សយន្តប្រភេទនេះ អាចរៀនយល់ និងប្រាស្រ័យ​​ទាក់ទងជាមួយមនុស្ស ក្នុងលក្ខខណ្ឌដ៏ពិសេសជាច្រើន។ ហើយត្រូវ​បានគេ​ជឿជាក់ថា អាច​ដណ្តើម​ការងាររបស់មនុស្សបានទៀតផង។

មនុស្សយន្ត AI Sophia

ជុំវិញបញ្ហានេះ អ្នកវិទ្យាសាស្ត្រមួយចំនួន បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ចាត់វិធានការណ៍យ៉ាងណា ទប់ស្កាត់កុំឲ្យបច្ចេកវិទ្យា AI នេះ បង្កបញ្ហាប្រឈមដល់មនុស្សជាតិ នាពេលអនាគត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]