ក្នុងឱកាសចូលឆ្នាំថ្មីចិន នឹងមកដល់ក្នុងពេលឆាប់ៗ មនុស្សជាច្រើន មានការមមាញឹកជាខ្លាំង ក្នុងការតុបតែងលម្អផ្ទះ ឲ្យមានភាពស្រស់ស្អាត និងប្លែក សម្រាប់នាថ្ងៃចូលឆ្នាំថ្មីនេះ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន ដែលរមែងតែងតែមានការងឿងឆ្ងល់ ជាខ្លាំង ថាហេតុអ្វីបានបងប្អូនខ្សែចិននិយម ចូលចិត្តធ្វើមុខម្ហូបមួយចំនួននោះ ដដែលៗ ជារៀងរាល់ឆ្នាំ សែនទៅដល់ជីដូនជីតារបស់ខ្លួន។

ដូច្នោះ ក្នុងថ្ងៃនេះ ក្រុមការងារខាង ខ្មែរឡូត ក៏សូមបង្ហាញប្រាប់ទៅកាន់អ្នកទាំងអស់គ្នា ពីអាថ៌កំបាំងមួយចំនួននៃមុខម្ហូបទាំងនោះ នាពេលសែនចូលឆ្នាំថ្មីរបស់ចិន៖

ដោយយោងទៅតាមការបកស្រាយរបស់អ្នកគ្រូចិន ដែលមានឈ្មោះថា ឡេង សុខណា នៅឯវិហារចិនមួយកន្លែង ដោយមានឈ្មោះថា «សាខាមហាធម៌មេត្រី សឹងហ័រ ភ្នំពេញ» បានប្រាប់ឲ្យឃើញថា មានមុខម្ហូបមួយចំនួន ដែលត្រូវបានបងប្អូនចិន និយមសែនព្រេងជូនទៅដល់កុងម៉ារបស់ខ្លួន ជារៀងរាល់ឆ្នាំ រួមមានដូចជា សម្លចាប់ឆាយ មីឆា និងស្ងោរមាន់ ព្រមជាមួយផ្លែឈើមួយចំនួន ជាដើម។

ក៏ព្រោះថា មុខម្ហូបទាំងអស់នេះ សុទ្ធសឹងតែបាន បង្កប់នូវកម្រងអត្ថន័យ ជាច្រើន សម្រាប់បងប្អូនចិន នាថ្ងៃនោះ។ ចំពោះ មុខម្ហូប “ចាប់ឆាយ” ដែលរមែង តែងតែមានវត្តមានជាពិសេស ក្នុងថ្ងៃនោះ ក៏ព្រោះថា វាត្រូវបានគេបង្កើតឡើង ដើម្បីតំណាងឲ្យភាពជួបជុំបងប្អូន កូនចៅប្រុសស្រី ដែលបានបែកបាក់គ្នា អស់រយៈពេលយូរហើយ។ ជាពិសេស​ វាជាម្ហូបដ៏ល្បីបំផុត នៅក្នុង ឱកាស បុណ្យចូលឆ្នាំចិន ដែលភាគច្រើន គេតែងតែធ្វើមិនដែលដាច់ នៅតាមគេហដ្ឋាននីមួយៗ។

មិនតែប៉ុណ្ណោះ សម្រាប់ជនជាតិចិន គឺគេធ្វើម្ហូបនេះឡើង ដើម្បីបរិភោគ ឲ្យបាន៣ថ្ងៃ ក្នុងឱកាសចូលឆ្នាំចិន ដើម្បីជួបតែរឿងមានសុភមង្គល និងរីករាយ នៅក្នុងគ្រួសារ។

អ្នកគ្រូចិន ដែលមានឈ្មោះថា ឡេង សុខណា នៅឯវិហារចិនមួយកន្លែង ដោយមានឈ្មោះថា << សាខាមហាធម៌មេត្រី សឹងហ័រ ភ្នំពេញ >>

ចំណែក ការសែន “ មីឆា ” ទៅដល់កុងម៉ារបស់ខ្លួន នាថ្ងៃនោះ ព្រោះថា វាបានបង្កប់នូវ អត្ថន័យឲ្យយើង មានអាយុវែង និងសុខភាពល្អ ទៅតាមសរសៃមី ដែលមានរាង វែងៗ។ ជាមួយគ្នានេះដែរ ពេលខ្លះ មីឆាទាំងអស់នោះ ក៏ត្រូវបានបងប្អូន ខ្សែចិន បានហៅកាត់ថា “មីអាយុវែង”។ 

ទន្ទឹមនឹងនេះដែរ ការជ្រើសរើស សរសៃមី ក៏ត្រូវតែមានពណ៌លឿង ហើយមានលក្ខណៈវែងៗ ទើបជាការប្រសើរ សម្រាប់ទទួលបានពរជ័យ ពីកុងម៉ារបស់ខ្លួន នាពេលនោះ ទាំងអស់គ្នា។ ហើយគេមិនរើសជាប្រភេទមី ដែលមានពណ៌ផ្សេងៗដាច់ខាត ក្រៅពី ពណ៌លឿង។​ ហេតុដូចនេះហើយ ទើបថ្ងៃចូលចិន គេតែងប្រទះឃើញ របស់របរទាំងឡាយ សម្បូរទៅដោយ ពណ៌លឿង និងពណ៌ក្រហម ​ដែលជាពណ៌មួយ នាំលាភ ទៅដល់ ក្រុមគ្រួសារក្នុងផ្ទះ។ 

មួយទៀត គឺបន្លែមួយចំនួន ដែលគេមិនដែលភ្លេច មានដូចជា ផ្សិត និង ទំពាំង ដែលជួយធ្វើឲ្យក្រុមគ្រួសារក្នុងផ្ទះ មានមុខមាត់ និងកេរ្តិ៍ឈ្មោះ ល្បីរន្ធឺ និង លុយហូរចូលដូចផ្សិត។ 

ដោយឡែក ចំពោះការសែន “ មាន់ស្ងោរ “ ព្រមជាមួយនឹងផ្លែឈើវិញ គឺវាបាន តំណាងឲ្យភាពសម្បូរសប្បាយរបស់អ្នក នៅក្នុងសមាជិកក្រុមគ្រួសារ លុយចូលសន្ធឹកសន្ធាប់។ 

អ្នកគ្រូបានបន្តថា  ចំពោះផ្លែឈើ ក៏គេត្រូវរើសផងដែរ មិនមែនចេះតែដាក់ឲ្យតែបាននោះទេ ដូចជា ផ្លែ ត្របែក ផ្លែសាវម៉ាវ គឺគេដាច់ខាត មិនដាក់សែន ព្រោះជាផ្លែឈើ ដែលបែកបាក់គ្នា និង មានរឿងបញ្ហាផ្សេងៗ នៅក្នុងផ្ទះ។ ផ្លែឈើ ដែលគេតែងចំណាំ ដាក់បំំផុត គឺផ្លែក្រូច ផ្លែមៀន ដើម្បីឲ្យមានបាន ដូចនឹងឈ្មោះ ផ្លែទាំងនោះ។

រូបសំណាក់របស់អ្នកតាទាំងបី សម្រាប់នាំលាភសំណាងដល់បងប្អូនចិន
នាឡិកាសុភមង្គល

អ្នកគ្រូ បានបន្តថា ថ្ងៃចូលឆ្នាំចិន មិនមែនចេះតែដាក់សែន ម្ហូប តាមតែនឹកឃើញនោះទេ ​គឺមានក្បូនច្បាប់ត្រឹមត្រូវ ទើបជួយឲ្យរកស៊ីចម្រុងចម្រើនបាន។ ហើយជាពិសេស ក៏មានម្ហូបមួយចំនួន ក៏គេមិនតម្រូវឲ្យសែន ក្នុងពិធីដែរ ដែលមានដូចជា សម្លកកូរ ដែលធ្វើឲ្យ ជីវិតគ្រួសារ គ្មានសុភមង្គល គ្មានចិត្តស្ងប់ នៅតែគិតផ្លូវអាក្រក់ដាក់គ្នាទៅវិញទៅមក។ 

មិនតែប៉ុណ្ណោះ ការដាក់សែនម្ហូប គឺគេតែងតែធ្វើដដែលបែបនេះ ជារៀងរាល់ឆ្នាំចិន មិនមែន ឆ្នាំនេះ ធ្វើមុខម្ហូបនេះ ឆ្នាំក្រោយ ធ្វើម្ហូបផ្សេងៗនោះទេ។ 

ជាចុងក្រោយអ្នកគ្រូ ​ឡេង សុខណា ក៏បានប្រាប់ឲ្យកូនចៅ​ទាំងអស់ ប្រកាន់ភ្ជាប់ទៅតាមទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្លួន ឲ្យបានល្អ ព្រោះថា ការធ្វើបែបនេះ នឹងជះផលល្អ ឲ្យខ្លូនឯង និងគ្រួសារ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]