ថ្វីបើមនុស្សគ្រប់គ្នា ព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីឲ្យធ្មេញស ដោយការប្រើប្រាស់ផលិតផល ឬថ្នាំដុសធ្មេញគ្រប់ប្រភេទផ្សេងៗ នៅលើទីផ្សា ប៉ុន្តែពេលខ្លះវាមិនទទួលបានប្រសិទ្ធភាព ទៅតាមអ្វីដែលពួកគេចង់បាននោះឡើយ។

ហេតុនេះយើងនឹងធ្វើការណែនាំ ជាមួយនឹងគន្លឹះបែបធម្មជាតិងាយស្រួល ដែលអាចកម្ចាត់ស្នាមលឿងនៅលើធ្មេញចេញ ធ្វើឲ្យធ្មេញសស្អាត ជាពិសេស ចំពោះអ្នកជក់បារីបង្កឲ្យធ្មេញលឿង ក៏អាចសាកល្បងវិធីសាស្រ្តនេះបានដែរ។

តោះ! តាមដានជាមួយនឹងវិធីសាស្រ្តអនុវត្តន៍ ដើម្បីធ្វើឲ្យធ្មេញសទាំងអស់គ្នា៖

១/ ធ្វើឲ្យធ្មេញសដោយប្រើសម្បកក្រូច (ក្រូចឆ្មារសម្បកលឿង)

ធ្មេញលឿងអាចដោះស្រាយបាន ដោយប្រើតែសម្បកក្រូច (ក្រូចឆ្មារសម្បកលឿង) ជាពិសេសចំពោះអ្នកជក់បារី។

វិធីអនុវត្តន៍៖

• យកសម្បកក្រូច (ក្រូចឆ្មារសម្បកលឿង) ដុសនៅលើធ្មេញមុនពេលចូលគេងជារៀងរាល់យប់ រយៈពេលពីរ ទៅ៣សប្តាហ៍។

២/ ម្សៅសូដា

បើយោងតាមការសិក្សាមួយ បានបង្ហាញថា ថ្នាំដុសធ្មេញដែលមានជាតិម្សៅសូដា គឺមានប្រសិទ្ធភាពក្នុងការកម្ចាត់ ធ្មេញពណ៌លឿង ជាងថ្នាំដុសធ្មេញដែលមិនមានជាតិម្សៅសូដា។

វិធីអនុវត្តន៍៖

• លាយម្សៅសូដាចំនួន ១/៤ស្លាបព្រាបាយ ជាមួយនឹងថ្នាំដុសធ្មេញ ដែលអ្នកប្រើជាប្រចាំថ្ងៃ បន្ទាប់មកដុសធ្មេញរបស់អ្នក ជាមួយនឹងល្បាយមួយនេះ ហើយខ្ពុរមាត់ជាមួយនឹងទឹកក្តៅឧណ្ហៗ។

• អ្នកអាចអនុវត្តន៍វិធីនេះម្តង ឬពីរដងក្នុងមួយអាទិត្យ។

រូបភាពតំណាង

៣/ ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរីមានផ្ទុកវីតាមីន C ខ្ពស់ ដែលអាចកម្ចាត់កំណកកំបោរ ដែលបណ្តាលឲ្យធ្មេញមានពណ៌លឿង។

វិធីអនុវត្តន៍៖

• ដំបូងកិនផ្លែស្រ្តបឺរីចំនួន ២ផ្លែ រួចយកទៅដុសនៅលើធ្មេញរបស់អ្នកថ្នមៗជាការស្រេច

• អនុវត្តន៍វិធីនេះ យ៉ាងហោចណាស់ ២ដង ក្នុងមួយថ្ងៃ រយៈពេលជាច្រើនសប្តាហ៍។ 

៤/ ផ្លែក្រូចឆ្មារសម្បកលឿង

វិធីអនុវត្តន៍៖

• លាយបរិមាណល្មម នៃទឹកក្រូចឆ្មារសម្បកលឿង ជាមួយនឹងអំបិលច្របល់ចូលគ្នាឲ្យសព្វ

• បន្ទាប់មកយកល្បាយ ដែលបានលាយរួចនោះ មកត្រដុសនៅលើធ្មេញ និងអញ្ចាញ។ ជាពិសេស កន្លែងដែលមានស្នាមលឿង ហើយទុកចោលរយៈពេល៥ ទៅ៦នាទី សឹមលាងសម្អាតទឹកចេញ។

• អ្នកអាចអនុវត្តន៍វិធីនេះ រយៈពេលពីរ ទៅបីដង ក្នុងមួយថ្ងៃ រយៈពេល២សប្តាហ៍។ 

រូបភាពតំណាង

៥/ ទឹកខ្មេះប៉ោម

វិធីប្រើទឹកខ្មេះប៉ោម ដើម្បីឲ្យធ្មេញ.ស គឺមានភាពងាយស្រួល ដោយអ្នកគ្រាន់តែយកទឹកដាក់លាយជាមួយនឹងទឹកខ្មេះប៉ោមបន្តិច រួចខ្ពុរមាត់របស់អ្នកជាមួយល្បាយនេះ រយៈពេលពីរ ទៅបីនាទី សឹមលាងសម្អាតមាត់ ជាមួយទឹកធម្មតាជាការស្រេច។

៦/ អំបិល

អំបិលត្រូវបានគេចាត់ទុកថា ជាឱសថបុរាណធម្មជាតិមួយប្រភេទ ដែលជួយធ្វើឱ្យធ្មេញសចំពោះអ្នកជក់បារី។

វិធីអនុវត្តន៍៖

• អ្នកត្រូវយកអំបិលលាយជាមួយម្សៅសូដា ក្នុងបរិមាណសមល្មម រួចជូតថ្នមៗនៅលើធ្មេញរបស់អ្នកជាការស្រេច។

• ចំពោះវិធីនេះសូមប្រុងប្រយ័ត្ន នៅពេលប្រើអំបិល ព្រោះវាអាចធ្វើឱ្យខូចអញ្ចាញធ្មេញរបស់អ្នកបាន។ 

រូបភាពតំណាង

៧/ ផ្លែប៉ោម

ជាការពិតណាស់ ការទទួលទានផ្លែប៉ោមចំនួន ១ ឬ ២ផ្លែ ជារៀងរាល់ថ្ងៃ គឺអាចកម្ចាត់ស្នាមលឿងនៅលើធ្មេញបានយ៉ាងល្អ។ ព្រោះការទំពារផ្លែប៉ោម ដោយយកចិត្តទុកដាក់ អាចធ្វើឲ្យជាតិអាស៊ីត និងជាតិសរសៃ ដែលមានផ្ទុកនៅក្នុងផ្លែប៉ោម ជួយសម្អាតធ្មេញលឿងរបស់អ្នក ក្លាយទៅជាសស្រស់ស្អាតបាន ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]