មនុស្សទូទាំងពិភពលោក តែងតែមានសកម្មភាពនិងទម្លាប់រៀងៗខ្លួន ទៅតាមបែបផែនរបស់ពួកគេ។ អ្នកខ្លះចូលចិត្តធ្វើបៀបនេះ អ្នកខ្លះចូលចិត្តធ្វើរបៀបនោះ ហើយរហូតដល់អ្វីដែលពួកគេចូលចិត្តធ្វើទាំងនោះ បានក្លាយជាទម្លាប់ដែលមិនអាចខ្វះបាន ហើយពួកគេត្រូវតែធ្វើវាជាប្រចាំ ឬជារៀងរាល់ថ្ងៃថែមទៀតផង។

យ៉ាងណាមិញ ឧទាហរណ៍ថា បើនៅសុខៗ ស្រាប់តែមានមនុស្សម្នាក់មកប្រាប់អ្នកថា ទម្លាប់ដែលអ្នកធ្វើជារឿយៗមិនអាចខ្វះបាននោះ អាចនឹងសម្លាប់អ្នកឲ្យស្លាប់មុនអាយុ តើអ្នកនឹងបញ្ឈប់ទម្លាប់អស់ទាំងនោះដែរឬទេ? នៅពេលខ្លះទម្លាប់ដែលមើលទៅ ហាក់សាមញ្ញធម្មតាៗ ប៉ុន្តែវាក៏អាចជាមុខកាំបិតដែលកំពុងតែ ចាក់អ្នកបន្តិចម្តងៗ ដោយមិនដឹងខ្លួន រហូតដល់ថ្ងៃណាមួយ ដែលមុខកាំបិតនោះចូលជ្រៅហើយ ទើបអ្នកដឹងថាទង្វើទាំងនោះ មានផលអាក្រក់បែបណាខ្លះ។

ជាក់ស្តែង ប្រិយមិត្តនឹងដឹងពីទម្លាប់មួយចំនួន ដែលអ្នកមិនគួរធ្វើ ព្រោះវាអាចនឹងធ្វើឲ្យអ្នកស្លាប់មុនអាយុបាន៖

១. លេបថ្នាំងងុយគេង

មនុស្សជាច្រើននាពេលបច្ចុប្បន្ន តែងតែជួបប្រទះបញ្ហាគេងមិនលក់ ហើយដើម្បីព្យាបាលជំងឺនេះ គ្រូពេទ្យតែងតែណែនាំឲ្យអ្នកជំងឺ លេបថ្នាំងងុយគេង។ ទោះជាយ៉ាងណាក្តី ការសិក្សាដ៏ជាក់លាក់មួយ បានបង្ហាញថា ការដែលលេបថ្នាំងងុយគេង អាចនឹងធ្វើឲ្យអ្នកស្លាប់មុនអាយុ។ 

ការសិក្សាស្រាវជ្រាវបានបន្ថែមថា មនុស្សដែលប្រើប្រាស់ថ្នាំងងុយគេង គឺអាចប្រឈមមុខនៃការស្លាប់មុនអាយុ៥ដង ជាងមនុស្សដែលមិនធ្លាប់ប្រើ។ ហើយអ្វីដែលកាន់តែអាក្រក់នោះ បើសិនជាអ្នកប្រើប្រាស់ថ្នាំងងុយគេង ក្នុងចំនួនតិច៤ ទៅ១៨ គ្រាប់​ក្នុងមួយឆ្នាំក៏ដោយ ប៉ុន្តែហានិភ័យ នឹងមិនថយចុះនោះទេ។ ហើយបើសិនជាអ្នក ប្រើថ្នាំងងុយគេងជារៀងរាល់ឆ្នាំ នោះអត្រានៃការស្លាប់មុនអាយុរបស់អ្នក នឹងកើនឡើងខ្លាំងបំផុត រហូតដល់ ៣ទៅ៦ដងឯណោះ។ 

ដូច្នេះហើយ បើអ្នកមិនចង់ជួបបញ្ហានេះទេ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ថ្នាំនេះ ហើយបើសិនជាអាចអ្នកគួរតែបញ្ឈប់ប្រើប្រាស់ថ្នាំងងុយគេង ព្រោះវាជារឿងដ៏ប្រសើរបំផុត។ 

រូបតំណាង

២. អង្គុយយូរពេក

ត្រង់ចំណុចនេះ ស្តាប់ទៅហាក់ចម្លែកខ្លាំងណាស់ ព្រោះគ្រាន់តែអង្គុយច្រើន ហេតុអ្វីអាចបណ្តាលឲ្យស្លាប់មុនអាយុទៅវិញ? យ៉ាងណាមិញ ចំណុចនេះមិនមែនជារឿងកំប្លែងនោះទេ តែជាចំណុចមួយដែលអ្នកត្រូវតែដឹង។ បើសិនជាពេលនេះ អ្នកកំពុងអង្គុយ អ្នកគួរតែងើបឈរមួយភ្លែតសិន។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការដែលអង្គុយមានរយៈពេលយូរពេក អាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងស្លាប់មុនអាយុបាន។ 

ការសិក្សាស្រាវជ្រាវ របស់មហាវិទ្យាល័យ Leicester បានបង្ហាញឲ្យឃើញថា មនុស្សដែលចំណាយពេលអង្គុយច្រើនម៉ោងនៅក្នុង កន្លែងធ្វើការឬនៅផ្ទះ អាចបង្កើនហានិភ័យនៃការកើតជំងឺបេះដូង និងទឹកនោមផ្អែម។ លើសពីនេះទៅទៀត មហាវិទ្យាល័យនេះ បានរកឃើញថាចំនួនមនុស្សជាង៨សែននាក់ បើទោះជាពួកគេធ្វើលំហាត់ប្រាណជាទៀងទាត់ក៏ដោយ ក៏ហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងនឹងអាចមានផងដែរ បើសិនជាគេចំណាយពេលវេលាភាគច្រើន អង្គុយធ្វើការក្នុងការិយាល័យហួសកំណត់នោះ។ ដូច្នេះហើយអ្នកគួរតែទម្លាប់ខ្លួន ក្រោកឈរឲ្យបានយ៉ាងតិចម្តងក្នុងមួយម៉ោង បើសិនជាអ្នកមិនចង់ឲ្យជំងឺនេះ សម្លាប់ជីវិតអ្នកមុនអាយុនោះ។ 

រូបតំណាង

៣. មិនពេញចិត្តនឹងការងារ ឬការងារតប់ប្រមល់ខ្លាំងពេក

នៅពេលដែលអ្នកលឺមនុស្សនិយាយថា “ការងារនៅកន្លែងធ្វើការខ្ញុំគរដូចភ្នំ” នោះអ្នកច្បាស់ជាមិនចង់ធ្វើការនៅកន្លែងនោះទេ។ ជឿអត់? បើសិនជាយើងប្រាប់ថា ការងារដែលអ្នកធ្វើ រាល់ថ្ងៃអាចនឹងធ្វើឲ្យអ្នកអាយុខ្លី? អ្នកមិនជឿទេមែនទេ? ប៉ុន្តែវាជាការពិត។

ផ្អែកលើការសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យ University College ក្នុងទីក្រុងឡុង ក្នុងឆ្នាំ២០១២ បានបង្ហាញថា អ្នកដែលមានការងារស្រ្តេសខ្លាំង អាចប្រឈមមុខនឹងជំងឺគាំងបេះដូងរហូតដល់២៣ភាគរយ ជាងមនុស្សដែលមិនសូវមានការងារធ្វើ។ អ្វីដែលលើសពីនេះ សម្រាប់អ្នកដែលមានការងារតានតឹង ត្រូវគិតច្រើនដូចជា ប្រធានាធិបតី ឬនាយករដ្ឋមន្រ្តីក្តី អាចនឹងប្រឈមមុខ មានមុខមាត់ចាស់ជាងអាយុ។ ហើយមិនត្រឹមតែប៉ុណ្ណោះ បើសិនជាអ្នកមានការងារស្ត្រសច្រើន លើសពី ១១ម៉ោង អ្នកនឹងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តថែមទៀតផង។ 

រូបតំណាង

៤. មិនដែលរួមភេទ ឬកម្ររួមភេទ

ត្រង់ចំនុចនេះ ស្តាប់ទៅអាចនឹងជាចំនុចដែលមិនទំនង ឬមិនល្អសម្រាប់ប្រិយមិត្តមួយចំនួន ប៉ុន្តែវាក៏ជាចំណុចសំខាន់មួយ ដែលអ្នកត្រូវដឹងបើសិនជាអ្នកចង់ មានអាយុវែងនោះ។ យ៉ាងណាមិញ ចំណុចនេះគឺជាចំណុចដ៏រសើបមួយ បើសិនជាអ្នកមិនដែលរួមភេទ ឬរួមភេទមិនគ្រប់គ្រាន់អាចបណ្តាលឲ្យអ្នកស្លាប់មុនអាយុ ជាក់ជាមិនខាន។

ផ្ទុយទៅវិញ សម្រាប់អ្នកដែលមាន ការរួមភេទច្រើន ឬអាចហៅបានថាគ្រប់គ្រាន់ អាចជួយបង្កើនអាយុរបស់ពួកគេ ឲ្យមានអាយុវែងបាន។ ការស្រាវជ្រាវជាច្រើន បានបង្ហាញថា ការរួមភេទគ្រប់គ្រាន់ អាចជួយបង្កើនចរន្តឈាម កាត់បន្ថយសម្ពាធឈាម និងបង្កើនកម្រិតកូឡេស្តឺរ៉ល បានល្អ។ ហើយក្រៅពីនេះ អាចធ្វើឲ្យមនុស្សមួយចំនួន ស្រកទម្ងន់ផងដែរ ព្រោះថាបើសិនជាអ្នក ចំណាយពេល៣០នាទីជាមួយដែគូរបស់អ្នក នោះអ្នកនឹងអាចដុតកម្តៅកាល់ឡូរី រហូតដល់២០០កាល់ឡូរីឯណោះ។ ហើយអ្វីដែលពិសេសនោះ ការរួមភេទ ក៏អាចការពារអ្នកពីជំងឺផ្តាសាយ និងក្អកជាដើមផងដែរ។ 

រូបតំណាង

៥. អង្គុយសម្លឹងតែមុខកញ្ចក់ទូរទស្សន៍

ជឿអត់? គ្រាន់តែមើលទូរទស្សន៍តែ២ម៉ោងក្នុងមួយថ្ងៃ អាចបណ្តាលឲ្យអ្នកមានហានិភ័យស្លាប់មុនអាយុ ក្នុងនោះគឺជំងឺទឹកនោមផ្អែម និងជំងឺគាំងបេះដូង ទាំងនេះដោយផ្អែកតាមអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ Harvard។

យ៉ាងណាមិញ ផលប៉ះពាល់អវិជ្ជមាននៃការមើលទូរទស្សន៍នេះ ហាក់ដូចគ្នានឹងផលប៉ះពាល់នៃការអង្គុយច្រើន ប៉ុន្តែអ្នកមានដឹងទេ ផលប៉ះពាល់នៃការមើលទូរទស្សន៍ គឺវាមានហានិភ័យខ្ពស់ជាងការអង្គុយយូរឯណោះ។ ក្នុងនោះដែរ យោងតាមកាសែតញូវយ៉កថែមស៍ បានឲ្យដឹងថា ជារៀងរាល់ក្នុងមួយម៉ោង នៃការមើលទូរទស្សន៍បន្ទាប់ពីអ្នកមានអាយុ ២៥ឆ្នាំទៅ នោះអ្នកនឹងថយអាយុចំនួន ២១,៨នាទី ឯណោះ។ 

រូបតំណាង

៦. គេងមិនគ្រប់គ្រាន់ ឬគេងច្រើនពេក

សាលាវេជ្ជសាស្រ្ត Harvard បានចង្អុលបង្ហាញថា អាយុមនុស្សមួយចំនួននឹងមានការថយចុះ បើសិនជាអ្នកគេងតិចជាង ឬច្រើនជាង៩ម៉ោងក្នុងមួយយប់។ យ៉ាងណាមិញ មនុស្សមួយចំនួនធំ នៅលើពិភពលោកយើងនេះ ភាគច្រើនទទួលរងពីការគេងតិចពេក ជាងការដែលគេងច្រើនពេក ហើយការស្រាវជ្រាវបានបន្ថែមថា អ្នកគួរតែរៀបចំការគេងរបស់អ្នក ឲ្យបានល្អបើសិនជាអ្នកចង់បានអាយុវែង។ 

ក្នុងនោះដែរ កង្វះនៃការគេងមិនគ្រប់គ្រាន់ វាត្រូវបានតភ្ជាប់ជាមួយនឹង ហានិភ័យខ្ពស់នៃជំងឺជាច្រើនដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីកមួយចំនួន ជំងឺវង្វេងការចងចាំ ការឡើងទម្ងន់ និងជាពិសេសនោះអាចនឹងស្លាប់មុនអាយុ។ ហើយការស្រាវជ្រាវនេះបានបន្ថែមថា ការដែលគេងច្រើនហួសកំណត់ ក៏អាចឲ្យមានបញ្ហាផងដែរ ប៉ុន្តែមិនមានហានិភ័យខ្ពស់ខ្លាំងដូចការគេងមិនគ្រប់នោះទេ។  

រូបតំណាង

៧. ផឹកកាហ្វេច្រើនពេក

កាហ្វេគឺជាភេសជ្ជៈមួយ ដែលមានគុណសម្បត្តិច្រើនសម្រាប់សុខភាព ប៉ុន្តែវាក៏មានផលប៉ះផលមួយចំនួនទៀត ដល់សុខភាពដូចគ្នា។ ការស្រាវជ្រាវមួយ ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Journal Mayo Clinic បានបង្ហាញថា មនុស្សដែលមានអាយុក្រោម ៥៥ឆ្នាំ ដែលទទួលទានកាហ្វេ៤ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ ឬ ២៨កែវក្នុងមួយសប្តាហ៍ អាចនឹងបង្កើនហានិភ័យនៃការស្លាប់មុនអាយុ រហូតដល់ ៥៦ភាគរយ។ ទាំងនេះដោយផ្អែកលើ ការសិក្សាទ្រង់ទ្រាយធំមួយ ដោយមានមនុស្សចូលរូមចំនួន ៤៣,៧២៩ នាក់ ហើយ ៩,៨២៧ នាក់ ជាមនុស្សស្រី និង ៣៣,៩០០ ជាមនុស្សប្រុសផងដែរ។ 

យ៉ាងណាមិញ យោងតាមអ្នកជំនាញដែលសិក្សាពីហានិភ័យនៃកាហ្វេ ដែលធ្វើឲ្យអ្នកស្លាប់មុនអាយុបានបង្ហាញថា កាហ្វេមានសមត្ថភាពក្នុងការបង្កើនសម្ពាធឈាម ហើយធ្វើសកម្មភាពផលិត epinephrine និងបញ្ឈប់សកម្មភាពអាំងស៊ុយលីន ដែលទាំងនេះអាចនឹងធ្វើឲ្យខូចខាត ដល់រាងកាយរបស់អ្នកផងដែរ។ ដូច្នេះហើយ ដើម្បីឲ្យមានសុវត្ថិភាព បើសិនជាអ្នកកំពុងមានវ័យក្រោម៥៥ឆ្នាំនៅឡើយ ហើយអ្នកចង់រស់បានយូរនោះ អ្នកគួរតែប្រាកដខ្លួនឯង ក្នុងការរៀបចំផែនការផឹកកាហ្វេរបស់អ្នក ឲ្យបានត្រឹមត្រូវ បើសិនជាអ្នកមិនអាចបញ្ឈប់នៃការផឹកវាបានទេនោះ។ 

រូបតំណាង

៨. ញ៉ាំអំបិល ឬជាតិប្រៃខ្លាំងពេក

សមាគមវេជ្ជសាស្រ្តរដ្ឋ Texas (TMA) បានព្រមានប្រជាពលរដ្ឋខ្លួនថា ការទទួលទានអាហារដែលមាន ជាតិអំបិលខ្ពស់អាចបណ្តាលឲ្យឆាប់ស្លាប់។ យ៉ាងណាមិញ ការញ៉ាំអាហារដែលមាន ជាតិអំបិលច្រើន ឬប្រៃខ្លាំងនឹងបង្កឲ្យអ្នកមានគ្រួសក្នុងតម្រងនោម ហើយជាពិសេសនោះ វាអាចបណ្តាលឲ្យមានជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ អ្នកស្រាវជ្រាវបានណែនាំថា បើសិនជាអ្នកមានជំងឺលើសឈាម អ្នកគួរតែប្រើអំបិលតែ ១,៥០០ មីលីក្រាមប៉ុណ្ណោះជារៀងរាល់ថ្ងៃ។

យ៉ាងណាមិញ ដោយផ្អែកលើ AMA បានសារាភាពថា ជនជាតិអាមេរិក ៦៥ លាននាក់មានជំងឺលើសឈាម និងជាង ៥០០,០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារ ជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺបេះដូង ព្រោះថាពួកគេចូលចិត្តញ៉ាំអាហាររបៀប Fast Food ហើយសារធាតុអំបិលនៅក្នុង អាហារ Fast Food ទាំងនោះមានចំនួនច្រើនលើស ពីចំនួនដែលអ្នកជំនាញណែនាំឲ្យញ៉ាំទៅទៀត។

ដូច្នេះហើយ បើសិនជាអ្នកចូលចិត្តញ៉ាំអាហារប្រៃខ្លាំង អ្នកគួរតែកាត់បន្ថយខ្លះ ព្រោះថាវាមិនមានផលល្អសម្រាប់ជីវិតអ្នកនោះទេ។ 

រូបតំណាង

៩. ខ្យល់ដកដង្ហើម

ពិតជាត្រឹមត្រូវណាស់ ធម្មតាការដកដង្ហើមដែលមានខ្យល់បរិសុទ្ធ អាចនឹងធ្វើឲ្យអ្នកមានសុខភាពល្អនិង អាយុវែង ប៉ុន្តែបើសិនជាពេលនេះ អ្នកកំពុងតែរស់នៅក្នុងទីក្រុង ដែលជាទីប្រជុំជនពោពេញទៅដោយ ផ្សែងពុលនោះ អ្នកនឹងមានបញ្ហាដ៏ធំ ក្នុងការស្លាប់មុនអាយុព្រោះតែអ្នក កំពុងតែស្រូបខ្យល់ទាំងនោះ ជារៀងរាល់ថ្ងៃ។

យោងតាម ការសិក្សាស្រាវជ្រាវ របស់វិទ្យាស្ថាន Massachusetts Institute of Technology បានបង្ហាញថា មនុស្សជាង ២០០,០០០ នាក់ជារៀងរាល់ឆ្នាំ បានស្លាប់មុនអាយុនៅក្នុងសហរដ្ឋអាមេរិក។ ឯចំណែក ៥៣,០០០ នៃចំនួនមនុស្សទាំងនោះ គឺត្រូវស្លាប់ដោយសារបញ្ហាសុខភាពខ្យល់ដង្ហើម ដែលពួកគេបានស្រូបពី ខ្យល់កខ្វក់របស់រថយន្ត។ ហើយចំណែក ៥២,០០០ ទៀត បានស្លាប់ដោយសារការខ្យល់ជាតិពុល ពីរោងចក្រផ្សេងៗនៅក្នុងទីក្រុង។ ដូច្នេះហើយ ត្រង់ចំណុចនេះ គឺជាចំណុចពិបាកបំផុតសម្រាប់អ្នកដែលរស់នៅទីក្រុង ព្រោះអ្នករាល់គ្នាមិនអាច បោះបង់ការងារហើយទៅរស់នៅតាមទីជនបទ ដើម្បីទទួលបានខ្យល់ បរិយាកាសបរិសុទ្ធនោះទេ។ 

រូបតំណាង

១០. ការវះកាត់ឲ្យមានសុដន់ធំ ឬមានសុដន់ធំស្រាប់

ត្រង់ចំណុចនេះ ស្តាប់ទៅហាក់កំប្លែងបន្តិចនិងមិនទំនងសោះ ប៉ុន្តែវាពិតជាសំខាន់សម្រាប់នារីៗមួយចំនួន ដែលប្រាថ្នាចង់បានសុដន់ធំ តាមរយៈការវះកាត់ផ្សេងៗ។ យ៉ាងណាមិញ បើសិនជាពេលនេះអ្នកមានសុដន់ធម្មតា ហើយមិនទាន់កែខៃឲ្យធំនោះទេ អ្នកគួរតែសប្បាយចិត្តទៅ ព្រោះថាការស្រាវជ្រាវថ្មីបាន បង្ហាញថាការដែលមានសុដន់ធំ អាចបណ្តាលឲ្យមានជំងឺ និងការឆាប់ស្លាប់មុនអាយុ។

សេចក្តីរាយការណ៍មួយបាននិយាយថា ស្រ្តីដែលមានសុដន់ធំ អាចនឹងទទួលរងការឈឺចាប់យ៉ាងខ្លាំង ផ្នែកខ្នង ដៃនិងក.ជាដើម។ ការរាយការណ៍នេះបានបន្ថែមថា ការដែលមានសុដន់ធំនឹងធ្វើឲ្យអ្នកមានជំងឺឈឺក្បាល និងខូចទ្រង់ទ្រាយឆ្អឹងខ្នងថែមទៀតផង។ ហើយមិនត្រឹមតែប៉ុណ្ណោះ កាលដែលមានសុដន់ធំ បានបណ្តាលឲ្យស្រ្តីមួយចំនួន បង្ខំចិត្តលេបថ្នាំជាប្រចាំដើម្បី បំបាត់ការឈឺចាប់របស់ពូកគេជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាក្តី ទាំងនេះអាចជាការភ្ញាក់ផ្អើលមួយ សម្រាប់អ្នកពេលដែលលឺពីបញ្ហាមួយនេះ ប៉ុន្តែការស្រាវជ្រាវដ៏ច្បាស់នេះ នៅតែបន្តប្រកាសយ៉ាងច្បាស់ថា ស្រ្តីដែលមានសុដន់ធំ អាចនឹងស្លាប់មុនអាយុដល់ទៅ៥ឆ្នាំឯណោះ៕ 

រូបតំណាង

ប្រភព៖ huffingtonpost & toptenz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]