ភ្នំពេញ៖ នៅពេលខាងមុខនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនក៏បានឈានចូលមកហើយ ដោយក្នុងនោះដែរប្រជាពលរដ្ឋខ្មែរយើងភាគច្រើន ដែលមានកាត់ខ្សែចិន ឬជាកូនចៅចិន បាននាំគ្នាប្រារព្ធធ្វើពិធីចូលឆ្នាំថ្មីនេះជារៀងរាល់ឆ្នាំ និងប្រកាន់ភ្ជាប់មិនចាញ់ជនជាតិចិនសុទ្ធសាធប៉ុន្មាននោះទេ។

ជាក់ស្តែងនៅតាមគ្រួសារតូច ឬធំនីមួយៗ ក៏តែងតែមានការសែនព្រេននំចំណី ដុតក្រដាសសែន និងមានពិធីជប់លៀងជួបជុំបងប្អូន មកពីីទីជិតទីឆ្ងាយផងដែរ។

មិនតែប៉ុណ្ណោះនៅតាមបណ្តាហាងលក់របស់របរធំៗមួយចំនួនទាំងក្នុងរាជធានី និងខេត្ត ក៏មានការសែនព្រេនដូនតា ការតុបតែងផ្កា លម្អនៅកន្លែងហាងរបស់ខ្លួនផងដែរ ដើម្បីបួងសួងឱ្យរកស៊ីមានបាន។ 

ចំណែកឯនៅកន្លែងខ្លះទៀត ក៏មានការតាំងគោម តាំងរូបចូលឆ្នាំថ្មី ដាំផ្កាអង្គាសីល ឬស្បៃរឿងជាដើមផង ដើម្បីទាក់ទាញអតិថិជន ហើយពួកគេក៏មានជំនឿយ៉ាងមុតមាំថា វត្ថុពណ៌ក្រហមទាំងអស់នេះនឹងជួយទាញលាភសំណាង ជួួយទាញមាសប្រាក់ និងទាក់ទាញអតិថិជនមកពីគ្រប់ទិសទីច្រើនៗ ឱ្យចូលទិញរបស់នៅក្នុងហាងខ្លួន។ 

រូបភាព៖ ថ្ងៃសែននីចំណី ពេលចូលឆ្នាំចិន
រូបភាព៖ អាំងប៉ាវដែលចងភ្ជាប់នៅនឹងដើមផ្កាអង្គារសីលដើម្បីរកស៊ីមានបាន

ហើយក្រៅពីមានការសែននំចំណី ការលោតម៉ុងសាយ និងការជួបជុំគ្នាជាមួយសាច់ញាតិបងប្អូនជិតឆ្ងាយជាដើម ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលមានកាត់ខ្សែចិន និងជនជាតិចិនមួយទៀត បានប្រកាន់ភ្ជាប់យ៉ាងតឹងរឹង និងសំខាន់ជាងគេបំផុត នៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិនបាននោះគឺ «ការចែកអាំងប៉ាវ»

រូបភាព៖ ទទួលបានអាំងប៉ាវនៅក្នុងឱក្ាសបុណ្យចូលឆ្នាំចិន

ធម្មតាជនជាតិចិនតែងមានជំនឿយ៉ាងមុតមាំថា ការចែកអាំងប៉ាវនេះនឹងនាំសិរីសួស្តី ភាពមានបានត្រជាក់ត្រជុំដល់ខ្លួន និងក្រុមគ្រួសារប្រាកដណាស់ ព្រោះអ្នកដែលចែកអាំងប៉ាវតែងប្រាថ្នាចង់បានពរជ័យពីមនុស្សដែលខ្លួនឱ្យអាំងប៉ាវដើម្បីខ្លួនសុខសប្បាយ រកស៊ីមានបានពេញមួយឆ្នាំ

ចំណែកឯអ្នកដែលទទួលបានអាំងប៉ាវនៅពេលចូលឆ្នាំចិនម្តងៗវិញ គឺតែងតែសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ព្រោះបានទទួលអាំងប៉ាវជាទីគាប់ចិត្ត ទោះបីជាទឹកប្រាក់តិច ឬច្រើនក្តី ពីបងប្អូន និងចៅហ្វាយនាយរបស់ខ្លួនជាដើម

ទាក់ទងជាមួយនឹងរឿងរ៉ាវរបស់អាំងប៉ាវរបស់ជនជាតិចិននេះ ក្រុមការងារខ្មែរឡូតយើង ក៏បានចុះទៅសួរផ្ទាល់ជាមួយនឹងលោកគ្រូ គាវ នៅព្រះវិហារចិន «ពិតថាវកុង» ដ៏ល្បីមួយកន្លែងនៅម្តុំសាលាទួនហ្វា ក្នុងរាជធានីភ្នំពេញ លម្អិតបន្ថែមទៀតផងដែរ។

ដោយនៅក្នុងនោះ ជំនឿទៅលើការចែកអាំងប៉ាវ ពិតជាមានពិតមែន ហើយអាំងប៉ាវនេះទៀតសោត ក៏មានបែកចែកជាប្រភេទអាំងប៉ាវផ្សេងៗខុសគ្នាច្រើនយ៉ាង។

ជាក់ស្តែងលោកគ្រូ គាវ ដែលជាគ្រូចិនសែ ក៏បានរៀបរាប់ប្រាប់ក្រុមការងារយើងទាំងស្រុងដូច្នេះថា៖ 

លោកគ្រូ គាវ គ្រូចិនសែនៅក្នុងវិហារ «ពិនថាវកុង»

«អាំងប៉ាវរបស់ជនជាតិចិនមានច្រើនប្រភេទដូចជា អាំងប៉ាវសម្រាប់រកស៊ីមានលុយមានយ័ន្តនៅជាមួយគ្នា អាំងប៉ាវសម្រាប់ការពារខ្លួន និងអាំងប៉ាវសម្រាប់ឱ្យមានលាភមានជ័យក្នុងជីវិតប្រចាំថ្ងៃ។ ហើយអាំងប៉ាវនេះទៀតសោត គឺគេមិនឱ្យនិយាយពាក្យថាខ្ចីទេ អាចប្រើពាក្យថាសុំយកទៅរកស៊ីឱ្យមានបាន សុំឱ្យហេងៗសុខសប្បាយ សម្រាប់ការរកស៊ីក្នុងឆ្នាំថ្មីឱ្យបាន ១០០០ ភាគរយ។ ដោយភាគច្រើនអាំងប៉ាវប្រភេទនេះក៏មានចារយ័ន្តនៅពីលើ ទុកដាក់នៅក្នុងហិបលុយ ឬហោប៉ៅលុយជាដើមផងដែរ។

ក្រៅពីនេះក៏មានអាំងប៉ាវរំដោះគ្រោះថែមទៀត ដោយនៅក្នុងអាំងប៉ាវសម្រាប់រំដោះគ្រោះនេះមានបែងចែកជាពីរប្រភេទបន្ថែមទៀតគឺ ទី១ អាំងប៉ាវការពារឱ្យបានសុខសប្បាយតាមផ្លូវពេលធ្វើដំណើរណាមកណាតាមបណ្តាទីខេត្តជិតឆ្ងាយ និងទី២ គឺអាំងប៉ាវលាភជ័យសម្រាប់ដាក់តាមខ្លួនមានសិរីសួស្តី មានសំណាងក្នុងខ្លួន ពេលចូលឆ្នាំថ្មី។

«ហើយដើមកំណើតអាំងប៉ាវនេះ គឺជាជំនឿរបស់ជនជាតិចិនតៗគ្នា នៅពេលដែលគេមកស្រុកខ្មែរយើងរកស៊ីគេជឿលើដូនតាគេថាវាអាងការពារខ្លួន ព្រោះគេជឿជាក់ថាបើមានអាំងប៉ាវពណ៌ក្រហមនៅក្នុងខ្លួនគឺអាចការពារពួកគេឱ្យសុខសប្បាយឈ្នះអស់មាសត្រូវមកពីគ្រប់ទិសទី ព្រោះពណ៌ក្រហមអាចដេញសត្រូវខ្មោចព្រាយបិសាយឱ្យវាខ្លាច ឱ្យវារត់ចេញឆ្ងាយបាន ពេលឃើញហើយវាតែងតែខ្លាចរអាមិនហ៊ានមកបៀតបៀនទេ ដូច្នេះនៅពេលចូលឆ្នាំថ្មីៗជនជាតិតែងមានអាំងប៉ាវដាក់ជាប់ខ្លួនជានិច្ចគ្រប់ៗគ្នា។

ហើយមួយទៀតនោះគឺឱ្យតែមានអាំងប៉ាវនៅក្នុងខ្លួន គឺជនជាតិចិនតែងមានជំនឿថានឹងនាំឱ្យខ្លួនមានសំណាង មានលាភ មានជ័យចូលក្នុងខ្លួនជាប់ជានិច្ច។ ដោយនេះគឺអបិយជំនឿ ដែលប្រជាជនចិន ៩០ ភាគរយជឿទៅលើវា ហើយមានតែ ១០ ភាគរយប៉ុណ្ណោះដែលមិនមានជំនឿទៅអាំងប៉ាវពណ៌ក្រហមនេះ»

រូបភាព៖ ការទទួលបានអាំងប៉ាវនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

ម្យ៉ាងទៀតលោកគរូក៏បានប្រាប់ថា ចំពោះលុយ ដែលដាក់នៅក្នុងអាំងប៉ាវមិនបានកំណត់ចំនួនលុយដាក់ឱ្យដូចៗគ្នាទេ ព្រោះហុងស៊ុយមនុស្សយើងម្នាក់ៗមិនថាជាការរកស៊ី ឬដើម្បីមានលាភសំណាងទេ គឺវាអាស្រ័យទៅលើអាយុរបស់មនុស្សម្នាក់ៗខុសៗគ្នា

រូបភាព៖ អាំងប៉ាវ

ក្រៅពីនេះ យើងក៏អាចជូនអាំងប៉ាវទៅអ្នកមានគុណរបស់ខ្លួនទាំងពីរឱ្យគាត់ឱ្យពរជ័យមកកាន់យើងវិញ ដើម្បីរកស៊ីមានបាន និងមានសេចក្តីសុខសប្បាយពេញមួយឆ្នាំនេះក៏បានដែរ។ 

ធ្វើដូច្នេះវាគឺជាសិរីមង្គលដ៏ធំបំផុតនៅក្នុងជីវិត ព្រោះមាតាបិតាជាអ្នកមានគុណមិនអាចកាត់ថ្លៃបានឡើយសម្រាប់កូនៗគ្រប់រូប បើឱ្យគាត់កាន់តែច្រើននោះយើងនឹងចម្រើនទៅតាមនោះដែរ ដោយទទួលបាននូវពាក្យជូនពរពីគាត់ ដែលចាស់ៗបុរាណខ្មែរយើងតែងតែមានជំនឿជឿជាក់ថា ពាក្យសម្តីគ្រប់ម៉ាត់ គ្រប់ពាក្យរបស់ឪពុកម្តាយ គឺពាក្យ ស័ក្កិសិទ្ធិ ជាងវត្ថុអ្វីៗទាំងអស់នៅក្នុងលោក៕  

តោះចង់ជ្រាបច្បាស់លំអិតបន្ថែមទៀតយើងមកទស្សនាវីដេអូតាមការរៀបរាប់ពីលោកគ្រូ គាវ ជាលោកគ្រូចិនដ៏ល្បីល្បាញម្នាក់ ដូចខាងក្រោមនេះទាំងអស់គ្នា៖ 

រូបភាព៖ ការជូនអាំងប៉ាវទៅនរណាម្នាក់ដែលយើងពេញចិត្តនឹងឱ្យគេ
រូបភាព៖ វិហារចិន «ពិនថាវកុង» នៅរាជធានីភ្នំពេញ
រូបភាព៖ វិហារចិន «ពិនថាវកុង» នៅរាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]