(ភ្នំពេញ)៖ តារាចម្រៀងប្រុស ដែលឆ្វាក់តែខាងផលិតចម្រៀងសិចស៊ី លោក អេនឌី ត្រូវបានគេដឹងថា មួយរយៈចុងក្រោយនេះ លោកតែងបញ្ចេញចម្រៀងថ្មីៗ ជាច្រើនបទ ដែលសុទ្ធសឹងតែជាបទស្រើបស្រាល ស៊ីអារម្មណ៍ ឈុតឆាកលើគ្រែ ពោរពេញទៅដោយឈុតក្ដៅរោលរាល ដោយមានការចូលរួមសម្ដែង ពីសំណាក់ ស្រីស្អាត ឌុច លីដា, សុខ សោម៉ាវត្តី, ពេជ្រ អាវីហ្សា និងកែវ ស្រីនាង ជាដើម។ ខណៈដែល MV កំពុងមានភាពកញ្រ្ជោល ទន្ទឹមនឹងនេះ ក៏មានពាក្យរិះគន់ពីសំណាក់មហាជន ទាក់ទងទៅនឹង ការផលិតចម្រៀងទាំងនោះ ដោយមានភាពលើស ហួសហេតុ ប៉ះពាល់ប្រពៃណីខ្មែរ។ ឆ្លើយតបនឹងការរិះគន់ទាំងអស់ លោក អេនឌី ទ្រាំលែងបាន បញ្ចេញប្រតិកម្មភ្លាមៗ។

លោក អេនឌី បានរៀបរាប់តាមរយៈគណនីហ្វេសប៊ុកថា «នឿយហត់ណាស់មួយរយៈ មិនដឹងធ្វើយ៉ាងណាឲ្យត្រូវចិត្ត អ្នកទាំងអស់គ្នានោះទេ ជួយប្រាប់ផង តើឲ្យខ្ញុំធ្វើយ៉ាងណា ? ខ្ញុំខំអស់ពីលទ្ធភាពរបស់ខ្ញុំហើយ អ្នកទាំងអស់គ្នាមានយល់អត់? និយាយវាងាយស្រួលជាងធ្វើ MV ខ្ញុំសិចស៊ីមានអ្នកមិនពេញចិត្ត និងជេរតែចូលចិត្តមើលច្រើន តែពេលខ្ញុំថតធម្មតាអ្នកមិនដែលយកភ្នែកមើលរឺក៏សរសើរទេ និយាយទៅអ្នកសិល្បៈខ្មែរ គឺមានតែពាក្យថាខុសមួយមុខប៉ុណ្ណោះ ចុះបើអ្នកមិនចូលចិត្តMV របៀបស៊ិចស៊ី អ្នកកុំមើល កុំគាំទ្រ វាចប់បាត់ទៅហើយ លើកក្រោយ មានអ្នកណាហ៊ានថតទៀត។ តែនេះចូលចិត្តមើល រួចហើយជេរ ហើយថាខ្លួនឯងហ្នឹងត្រឹមត្រូវ ខ្មែរមិនជួយខ្មែរផង តើបរទេសណាមកជួយអ្នកឯងទៅ តែបើ share ពេលគេជេរគ្នាឈ្លោះគ្នា និងនាំរឿងឲ្យគ្នាវិញ ចូលចិត្តណាស់ នេះហើយចរិតខ្មែរ ដែលរក្សាវប្បធម៌បានល្អបំផុតនោះ តែបើនិយាយពីការងារត្រឹមត្រូវវិញ មិនដែលមើលទេ សូម្បីlike ក៏គ្មានដែរ ខ្ញុំធ្វើចម្រៀង និង MV រាល់ថ្ងៃនេះពិបាកណាស់ ត្រូវពឹងទៅលើលុយខ្លួនឯងខ្លះ ការជួយពី Spondser ខ្លះ ពេលខ្លះក៏បានរួចខ្លួន ពេលខ្លះក៏ខាត ព្រោះចង់ឲ្យល្អបំផុតតាមលទ្ធភាពដែលអាចធ្វើបាន»។

លោក អេនឌី បានបន្តទៀតថា «តែខ្ញុំគ្មានបានអីមកវិញទេ មានតែការជេរ មិនចូលចិត្តបែបនេះបែបនោះ ចុះយើងមិននិយាយឲ្យយោបល់ស្រួលបួលមក តាមរយៈការចេះដឹង និងពីវប្បធម៌ ដែលអ្នកស្រឡាញ់ និងគោរពមកចាំបាច់មកជេរគ្នាឲ្យគេឃើញ ពីភាពថោកទាបរបស់ខ្មែរធ្វើអី ? ហើយតាំងខ្លួនជាមនុស្សល្អ ធ្វើអញ្ចឹងធ្វើអី ? ខ្ញុំខំរាល់ថ្ងៃគ្មានអ្វីដែលខ្ញុំចង់បានពីអ្នក ក្រៅតែពីកំលាំងចិត្ត និងក្តីស្រលាញ់ប៉ុណ្ណោះ តែវាផ្ទុយស្រឡះ អ្វីដែលខ្ញុំបានមានតែការជេរ និងមិនពេញចិត្ត តើឲ្យយខ្ញុំធ្វើបែបណាទៀត ? សុំទោសផង បើមានពាក្យណាមិនសមរម្យ និងសូមអរគុណដល់អ្នកដែលគាំទ្រ ដល់ខ្ញុំផង»។

គួរបញ្ជាក់ថា លោក អេនឌី បច្ចុប្បន្ន គឺជាតារាសម្ដែង និង តារាចម្រៀង ដែលមានប្រជាប្រិយភាពគួរសម ក្នុងវិស័យសិល្បៈ ភាពច្រើន លោកយកចម្រៀងសម័យ ដើមមក Cover ដោយផលិតសាច់រឿង ទៅជារសជាតិថ្មីមួយបែបផ្សេង ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ខណៈការងារសិល្បៈលោក ក៏មានភាពមមាញឹក៕

អេនឌី ជាមួយនឹង កែវ ស្រីនាង
អេនឌី ជាមួយនឹង សុខ សោម៉ាវត្តី
សាររបស់ អេនឌី
អេនឌី ជាមួយនឹង ឌុច លីដា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនឌី