នៅថ្ងៃទី១៤ ខែភុម្ភៈ ជាថ្ងៃដ៏សែនពិសេស សម្រាប់គូស្នេហ៍ប្រុសស្រីជាច្រើនគូ នៅក្នុងពិភពលោក ហើយសម្រាប់ថ្ងៃនោះ ក៏ជាថ្ងៃមួយក្នុងការសារភាពស្នេហា ទៅកាន់គូស្នេហ៍ ឬមនុស្សដែលអ្នកបានលួចស្រលាញ់ អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ផងដែរ។

តែយ៉ាងណាមិញ សម្រាប់ឆ្នាំនេះ ថាតើ ក្នុងនាមអ្នកជាមិត្តប្រុសរបស់នាង ឬជាអនាគត ស្វាមី គួរធ្វើយ៉ាងដូចម្តេចខ្លះ សម្រាប់នាង ក្នុងថ្ងៃដ៏ពិសេសនេះ។

ដូច្នោះ ខាងក្រោមនេះ ជាទិចនិកមួយចំនួន សម្រាប់អ្នកគួរតែធ្វើក្នុងថ្ងៃនោះ ចំពោះនាង៖

១. ទិញផ្កាជាបាច់តូច ឬធំ ឲ្យទៅនាង

នៅពេល មុនថ្ងៃពិសេសនោះ អ្នកគួរតែឆ្លៀតពេលខ្លះ ទៅកាន់ហាងផ្កា ឬកក់ទិញវា តាមរយៈបណ្តាញសង្គម ទុកសម្រាប់ថ្ងៃនោះ ឲ្យទៅនាង។ ហើយ ក្នុងនោះ អ្នកក៏ត្រូវតែសង្កេតមើលមនុស្សជាទីស្រលាញ់របស់អ្នក ថាតើ នាងនឹងចូលចិត្តផ្កាប្រភេទណា និងវាមានពណ៌បែបម្តេចដែរ។ ព្រោះថា ផ្កាមានច្រើនប្រភេទ ហើយវាក៏សម្បូរពណ៌ចម្រុះគ្នាច្រើន ផងដែរ។ ហេតុនេះ ប្រសិនបើ អ្នកមិនបានត្រៀមខ្លួន ក្នុងការសង្កេតពីចំណង់ចំណូលចិត្តរបស់មិត្តស្រីអ្នកនោះទេ វាអាចនឹងធ្វើឲ្យ អ្នកទិញ ឬកក់មកខុសពីអ្វី ដែលនាងចង់បាន សម្រាប់ថ្ងៃនោះ។

យ៉ាងណាមិញ សម្រាប់អ្នកដែលកំពុងតែលួចស្រលាញ់គេវិញ អ្នកគួរតែធ្វើតាមអ្វីដែលមានដូចខាងលើ នេះ ព្រោះថា ប្រសិនបើ អ្នកបានដឹងការពិតនៃចំណង់ចំណូលចិត្តរបស់នាង វាក៏បានជួយឲ្យការសារភាពរបស់អ្នក ទៅកាន់នាង កាន់តែមានភាពជោគជ័យ កាន់តែខ្ពស់។

រូបភាពតំណាង

២. ញាំុអាហារពេលល្ងាច នៅក្រៅផ្ទះ ជាមួយនាង

អាហារពេលល្ងាច ពិតជារឿងមួយយ៉ាងសំខាន់ សម្រាប់ស្នេហារបស់អ្នក នាថ្ងៃនោះ។ ក៏ប៉ុន្តែ អ្នកក៏ត្រូវតែត្រៀមខ្លួន ក្នុងការកក់វាទុកជាមុន និងឈ្មោះមុខម្ហូប ជាគូ សម្រាប់ពេល នោះឲ្យហើយ។ ព្រោះថា ប្រសិនបើ អ្នកមានការខ្ចះខ្ចាយ ក្នុងការកក់ទុកហាងអាហារ នាថ្ងៃនោះមុន អ្នកប្រហែលជាអាចនឹងមិនមានកន្លែងល្អៗ សម្រាប់ជាពេលវេលារ៉ូមែនទិក ជាមួយនាង តែ២នាក់។ ហើយ រសជាតិអាហារ ក៏អាចជាកត្តាជះឥទ្ធិពល ដ៏ស្នេហារបស់អ្នក និងនាង ឲ្យកាន់តែមានភាពស្រស់បំព្រង ផងដែរ។

នៅក្នុងឱកាសនោះ អ្នកគួរតែឆ្លៀតចាប់អាហារឲ្យទៅនាង ហើយព្យាយាមលួចមើល ទឹកមុខរបស់នាងតិចៗ ខណៈពេលញាុំអាហារជាមួយគ្នា។ នៅពេលញាំុអាហារ អ្នកគួរតែចេះចាប់ផ្តើមនិយាយរឿងកំប្លែង ឬធ្វើអ្វីសប្បាយៗ មួយចំនួន ទៅកាន់នាង។ ឧទាហរណ៍ដូចជា ការលួចទៅប្រាប់អ្នកភ្លេងឲ្យលេងបទចម្រៀងណាពិសេស សម្រាប់នាង មកដល់ទុករបស់អ្នក ឬអ្នកក៏អាចសុំគេឡើងច្រៀងលើឆាក ជូននាង នាថ្ងៃនោះ ជាមួយគ្នាផងដែរ។ ព្រោះថា រឿងរ៉ាវមួយចំនួន ដែលអ្នកមិនធ្លាប់ធ្វើជាមួយនាង ពីមុនមក ឬមិនសូវមានសេចក្តីក្លាហាន ហ៊ានធ្វើសម្រាប់នាង នាឱកាសនេះ អ្នកគួរតែធ្វើវា ហើយបង្ហាញនាង ពីអារម្មណ៍នៃសេចក្តីស្រលាញ់របស់អ្នក ទៅកាន់នាងខ្លាំងប៉ុន្មានដែរ។

រូបភាពតំណាង

៣. ដំណើរកម្សាន្ត តែពីរនាក់ អាចក្នុង ឬក្រៅប្រទេស

នាក្នុងឱកាសនោះផងដែរ អ្នកគួរតែឆ្លៀតពេលមកមើលតារាងដំណើរកម្សាន្តមួយចំនួន នៅក្នុង ឬក្រៅប្រទេស សម្រាប់មនុស្សពីរនាក់។ វាក៏អាចជួយសន្សំសំចៃប្រាក់អ្នក មួយចំនួនធំ ដោយមិនសូវមានតម្លៃថ្លៃ ហើយអ្នកក៏ថែមទាំងអាចជ្រើសរើសបាន កន្លែងដំណើរកម្សាន្តស្អាតៗ ព្រមទាំងពោរពេញដោយភាពរ៉ូមែនទិច ថែមទៀតផង។

លើសពីនោះទៅទៀត អ្នកគួរតែចេះធ្វើឲ្យនាងមានភ្ញាក់ផ្អើល នាថ្ងៃនោះ ដូចជាការមិនញាុំអី នៅក្រោមភ្លើងទៀន ឬអង្គុយមើលផ្កាយជាមួយនាង ដើម្បីជាការឆ្លងថ្ងៃពិសេស ជាមួយគ្នា។ 

រូបភាពតំណាង

៤. ផ្ញើសំបុត្រសរសេរដោយផ្ទាល់ដៃ នៃរឿងរ៉ាវពេញមួយឆ្នាំ ដែលអ្នកបានធ្វើវា ជាមួយនាង

ការសរសេរសំបុត្រផ្ទាល់ដៃ វាពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ៗ នៅក្នុងសម័យនេះ។ ព្រោះថា ទន្ទឹមនឹងភាពជឿនលឿន កាន់តែទំនើប ការសរសេរសំបុត្រផ្ទាល់ដៃ ក៏ជាការឆ្លុះបញ្ចាំងពីការខិតខំ និងជាកម្លាំងចិត្តមួយប្រភេទ ដែលមនុស្សបច្ចុប្បន្ន រមែងតែងតែចង់បាន គ្រប់ពេល។ ហេតុនេះ នៅក្នុងថ្ងៃនោះ ប្រសិនបើ អ្នកអាចត្រៀមខ្លួន ក្នុងការសរសេរសំបុត្រតូចមួយខ្លី ស្តីពីរឿងរ៉ាវមួយចំនួន ដែលអ្នក ហើយនិងនាងបានឆ្លងកាត់រួមគ្នា អស់រយៈពេលពេញមួយឆ្នាំ កន្លងទៅនេះ។

ប៉ុន្តែ ប្រសិនបើ អ្នកមិនមែនមាននាមជាមិត្តប្រុសរបស់នាង នោះទេ ឬក៏គ្រាន់តែជាមនុស្សលួចស្រលាញ់នាង អ្នកគួរតែមានសេចក្តីក្លាហាន ក្នុងការសរសេរសំបុត្រផ្ទាល់ដៃ ប្រាប់នាងពីការខិតខំប្រឹងប្រែងរបស់អ្នក ទៅកាន់នាង ក្នុងរយៈពេលណាមួយ។ ព្រោះថា នេះគឺជាឱកាសល្អបំផុត សម្រាប់អ្នក ក្នុងការនិយាយពាក្យពេចន៍ពិត ចេញពីក្នុងចិត្ត ប្រាប់ទៅនាង ជាសម្ងាត់។ ហើយ វាក៏អាចផ្តល់ជាសេចក្តីសង្ឃឹមឲ្យអ្នកខ្ពស់ សម្រាប់ថ្ងៃនោះ ក្នុងការសារភាពស្នេហ៍ទៅកាន់នាង ផងដែរ។ 

រូបភាពតំណាង

៥. សារភាពស្នេហ៍

ឆ្លៀតនៅក្នុងឱកាសនោះ អ្នកក៏អាចសារភាពស្នេហ៍ទៅកាន់មនុស្សដែលអ្នកបានលួចពេញចិត្ត ជាយូរណាស់មកហើយ។ ហេតុនេះ អ្វីដែលអ្នកគួរតែត្រៀមខ្លួនឲ្យហើយ សម្រាប់ថ្ងៃនោះ រួមមានដូចជា ពាក្យពេចន៍នៅក្នុងការសារភាព ការតុបតែងខ្លួនប្រាណ និងស្ទាយផ្សេងៗ ក្នុងការសារភាពស្នេហ៍ ប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានេះដែរ អ្នកគួរតែចំណាយពេលវេលាប៉ុន្មានថ្ងៃ មុនថ្ងៃបុណ្យនៃក្តីស្រលាញ់ ទៅលួចមើលចំណង់ចំណូលចិត្តរបស់នាង មិនថា ប្រភេទអាហារ ភេសជ្ជៈ ការតុបតែងខ្លួនរបស់ស្រ្តី សៀវភៅអាន និងប្រភេទបុរសណាដែលនាងនិយម ចូលចិត្តនិយាយជាមួយគ្នា រាល់ដង។ ព្រោះថា ប្រសិនបើ អ្នករៀបចំយុទ្ធសាស្រ្ត បានកាន់តែលម្អិត នោះកម្រិតនៃភាពឆ្លើយតបថា យល់ព្រមរបស់នាង មកកាន់អ្នក ក៏កាន់តែមានច្រើន យ៉ាងនោះដែរ។

ថ្វីបើ អ្នកអានទៅហាក់បីដូចជា មានភាពងាយស្រួល តែធាតុពិតការសារភាពស្នេហ៍ ទៅកាន់នរណាម្នាក់ វាមិនមានភាពងាយស្រួល ដូចអ្វីដែលអ្នកកំពុងតែគិត នោះទេ។ ដូច្នោះ រាល់ដំណាក់កាលនីមួយៗ ខាងលើ អ្នកគួរតែមានការប្រុងប្រយ័ត្នវា ឲ្យកាន់តែខ្ពស់ ព្រោះមិនដូច្នោះទេការសារភាពរបស់អ្នក ក្នុងថ្ងៃនោះ អាចប្រែក្លាយទៅជាមិនល្អវិញ បានយ៉ាងរហ័ស។ 

រូបភាពតំណាង

៦. ជូននាងដើរទិញរបស់ជាមួយគ្នា

ស្តាប់មើលទៅ វាហាក់បីដូចជារឿងសាមញ្ញានោះទេ ក៏ប៉ុន្តែ ថាតើ មានគូស្នេហ៍ប៉ុន្មានគូ ទៅដែលបានចំណាយពេលវេលាខ្លះ ក្នុងជីវិត ដឹកដៃគ្នា ទៅផ្សារដើរទិញអីវ៉ាន់ ជាមួយគ្នានោះ។ ហេតុនេះហើយ ឆ្លៀតនៅក្នុងថ្ងៃដ៏ពិសេសនោះ អ្នកគួរតែចំណាយពេល ខ្លះ ជូននាងទៅទិញរបស់ដែលនាងចង់បាន។ ឧទាហរណ៍ថា ប្រសិនបើ នាងចង់ទៅទិញស្បែកជើង ភ្លាមៗនោះ អ្នកគួរតែជូននាងទៅទិញវា ជាមួយគ្នា។ ក្នុងនោះផងដែរ អ្នកក៏គួរតែដើរតួ ជាអ្នកជួយពាក់ស្បែកជើងឲ្យនាង នាពេលសាកស្បែកជើង ឬជាការណែនាំពណ៌មួយចំនួន ទៅកាន់នាង។ ជាមួយគ្នានេះដែរ

អំឡុងពេលដើរមើលរបស់ អ្នកគួរតែឆ្លៀតលួចចាប់កាន់ដៃនាង ហើយដើរកាត់ហ្វូងមនុស្សជាច្រើន ព្រោះវាក៏អាចជាផ្នែកមួយ ជួយឲ្យស្នេហារបស់អ្នក កាន់តែមានភាពកក់ក្តៅ លើសពីថ្ងៃធម្មតា។ ព្រោះទាំងអស់នេះហើយ ដែលនាងពិតជាចង់បានពីមិត្តប្រុស របស់ខ្លួន នាថ្ងៃពិសេសនោះ។ ហេតុនេះហើយ ថ្ងៃមួយនោះ ក៏មិនបានឆ្លងទៅដោយឥតប្រយោជន៍ ពេកទេ។  

រូបភាពតំណាង

៧. ទៅធ្វើលំហាត់ប្រាណរួមគ្នា

ប្រសិនបើ អ្នកជាបុគ្គល ដែលរមែងតែងតែមានការមមាញឹកខ្លាំង ជាមួយការងារក្រៅផ្ទះ ហើយគ្មានពេលគ្រប់គ្រាន់ សម្រាប់ហាត់ប្រាណ មិនថា ទៅម្នាក់ឯង ឬជាមួយនាង នោះទេ។ ដូច្នោះ ថ្ងៃនោះ អ្នកគួរតែឆ្លៀតពេលមួយខ្លី ជូននាងទៅហាត់ប្រាណរួមគ្នា ហើយកុំភ្លេចត្រៀមខ្លួន ទិញឈុតហាត់ប្រាណជាគូ ទៅផង។ ព្រោះថា ទាំងអស់នេះ សុទ្ធសឹងតែជាផ្នែកមួយដែលអាចនាំនាង ឲ្យមានសេចក្តីសុខ និងមិនអាចបំភ្លេចបាន។ ក្នុងនោះ អ្នកក៏អាចដើរតួ ជាគ្រូជួយបង្វឹកបង្ហាត់រៀនទៅដល់នាង ពីចលនា ឬក្បាច់មួយចំនួន ក្នុងការហាត់ប្រាណ ដើម្បីសុខភាព។

ហើយ កុំភ្លេចកក់ទុកបន្ទប់ណា ដែលអាចហាត់ប្រាណតែពីរនាក់ ឬជាមួយក្រុមតូច ប្រុសស្រី ព្រោះថា បរិយាកាសទាំងអស់នោះ ក៏អាចជាកត្តាមួយនាំឲ្យស្នេហារបស់អ្នក កាន់តែមានភាពសិ្នតរមួល និងស្រស់បំព្រងជាមួយនាង ផងដែរ។ ជាមួយគ្នានេះ អ្នកគួរតែរកមើលលំហាត់ប្រាណណា ដែលអាចឲ្យអ្នក ហើយនិងនាង មានពេលវេលាមួយរួមគ្នា មិនថារយៈពេលខ្លី ឬវែងនោះទេ ដូចជាការធ្វើការម៉ាស្សាស្បែក និងដងខ្លួន រួមគ្នា ជាដើម។ ព្រោះថា អ្នកទាំងពីរ ក៏អាចរក្សាការចងចាំរបស់អ្នក បានល្អប្រសើរ ជាមួយនាង នៅទីនោះ។  

រូបភាពតំណាង

៨. ទៅមើលកុនតែពីរនាក់ ជាមួយនាង នាពេលល្ងាច

នៅក្នុងថ្ងៃនោះផងដែរ អ្នកគួរតែប្រញាប់ប្រញាល់ទៅកក់ទុក នៅខ្សែភាពយន្តរ៉ូមែនទិចណាមួយ នាពេលល្ងាច ជាមួយនាង។ ព្រោះថា សម្រាប់ថ្ងៃនោះ អាចនឹងមានខ្សែភាពយន្តមួយចំនួន ត្រូវបានពេញអស់ ឬគ្មានម៉ោងសម្រាប់មើល ជាគូ។ ហេតុនេះ អ្នកគួរតែត្រៀមខ្លួនទៅកក់វា មុនពេលប៉ុន្មានថ្ងៃ។ ជាមួយគ្នានេះ អំឡុងពេលមើលកុន អ្នកគួរតែឆ្លៀតពេលបញ្ចុកនំ ឬទឹកឲ្យទៅនាងបន្តិច នោះក៏កាន់តែល្អប្រសើរ សម្រាប់ទំនាក់ទំនងស្នេហាអ្នក។ 

រូបភាពតំណាង

៩. ការថតរូប ជាសន្លឹកគូ

ថ្វីបើ បច្ចុប្បន្ននេះ ការថតរូប ពិតជាកំពុងតែមានការពេញនិយម ក៏ប៉ុន្តែ ចំពោះការថត ជាសន្លឹក ក៏ប្រហែលជាមានមនុស្សតិចណាស់ នៅចូលចិត្តថតវា បែបនេះទៀត។ តែបើទោះបីជាយ៉ាងណា ចំពោះ ការថតរូបបែបជាសន្លឹករឹង វាពិតជាមានសារៈប្រយោជន៍ សម្រាប់ធ្វើការរក្សាទុកនូវកម្រងរូបភាពជាច្រើនរបស់អ្នក និងគូស្នេហ៍របស់អ្នក។ នៅក្នុងថ្ងៃនោះ អ្នកគួរតែត្រៀមកាមេរ៉ា និងថ្មរបស់វាឲ្យពេញ សម្រាប់ថតរូបជាសន្លឹក ជាមួយមិត្តស្រីរបស់អ្នក។ 

ជាមួយគ្នានេះដែរ អ្នកគួរតែនាំនាងទៅ ដើរលេងកន្លែងណា ដែលមានលក្ខណៈប្លែកខុសពីមួយសព្វដង ព្រោះនោះ ក៏អាចធ្វើឲ្យនាងមានការភ្ញាក់ផ្អើល ខ្លាំង ផងដែរ។ ទន្ទឹមនឹងនេះ ប្រសិនបើ អ្នកជាមនុស្សដែលនិយមចូលចិត្តថតរូប បែបរឹងមាំ ដូច្នោះសម្រាប់ថ្ងៃនេះ អ្នកគួរតែចាប់ផ្តើមថតបែបកំប្លែងៗ ជាមួយនាង ទុកជាអនុស្សាវរីយ៍ ព្រោះថា វាក៏អាចជួយអ្នកឲ្យមានភាពសប្បាយរីករាយខ្ពស់។  

រូបភាពតំណាង

១០. ចាប់ផ្តើមឲ្យកាដូទៅនាង ជាស្ករសូកូឡា ឬខ្សែក

សម្រាប់ថ្ងៃនោះ អ្នកគួរតែចាប់ផ្តើមត្រៀមខ្លួនទិញអីវ៉ាន់មួយចំនួន ទុកឲ្យនាង ដែលរួមមាន ដូចជា ស្ករសូកូឡា ខែ្សក ឬក៏អាចជាចិញ្ចៀន នៅក្នុងឱកាសនោះ។ ព្រោះថា របស់របរទាំងអស់នោះ វាពិតជាតម្លៃខ្លាំងណាស់ សម្រាប់មនុស្សស្រី ហើយជាពិសេស វាក៏បានបង្កប់នូវកម្រងអនុស្សាវីរយ៍ជាច្រើន សម្រាប់ជាកម្លាំងចិត្តដល់នារី គ្រប់ៗរូប។ ហេតុនេះ អ្នកគួរគីប្បតែត្រៀមទុកវា រួចជាមុន ហើយកុំភ្លេចចាប់ផ្តើមប្រគល់វាឲ្យនាង នៅពេលពាក់កណ្តាលនៃកម្មវិធីជួបជុំរបស់អ្នក ជាមួយនាង នោះទើបធ្វើឲ្យតម្លៃនៃកម្មវិធីកាន់តែមានភាពសប្បាយរីករាយខ្លាំងទៅទៀត។  

រូបភាពតំណាង

ប្រភព៖ hercampus.com ||narcity.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]