ភ្នំពេញ៖ ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ​បាននាំយកថវិកាចំនួន​៥០លានរៀល ទៅបរិច្ចាគដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ដែលជាមន្ទីរពេទ្យមួយ ជួយព្យាបាលជំងឺក្មេងៗ ដោយឥតគិតថ្លៃ ប្រចាំប្រទេសកម្ពុជា ដោយក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពេទ្យ គ្រប់ជាន់ថ្នាក់។

លោក ឡេង ណាវ៉ាត់ត្រា នាំយកថវិកា​​៥០លានរៀល បរិច្ចាគដល់មន្ទីរពេទ្យ «គន្ធបុប្ផា»​

លោក ឡេង ណាវ៉ាត់ត្រា បានថ្លែងប្រាប់ឲ្យដឹងថា ថវិកាចំនួន ៥០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផានៅពេលនេះ គឺក្នុងគោលបំណងតែមួយគត់ គឺដើម្បីជួយ​សង្គម និងសង្គ្រោះជីវិតកុមារក្រីក្រកម្ពុជា។ ម្យ៉ាងវិញទៀតជីវិតរបស់លោក ក៏ធ្លាប់ហែលឆ្លងនូវការលំបាក កាលពីនៅកុមារភាព ហើយបងប្អូនរបស់លោកក៏ធ្លាប់ មានកូនចៅមកព្យាបាលនៅមន្ទីរនេះ ទើបសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដល់ស្ថាប័នមនុស្សធម៌ តាមដែលអាចធ្វើទៅបាន។

លោក ឡេង ណាវ៉ាត់ត្រា បានបន្តឲ្យដឹងថា៖

«បាទបង.! អ្វីដែលខ្ញុំចង់បាន គឺចង់ឃើញមន្ទីរពេទ្យគន្ធបុប្ផា នៅតែបន្តការជួយដល់ក្មេងៗ នៅប្រទេសខ្មែរ ព្រមទាំងព្យាបាល ដោយឥតគិតថ្លៃ ជាពិសេសគ្រួសារមួយចំនួន ដែលគ្មានលទ្ធភាពបង់ថ្លៃព្យាបាល ពួកគាត់ពិតជាត្រូវការជំនួយពីសប្បុរសជនណាស់។ ខ្ញុំយល់ពីការលំបាក របស់ប្រជាពលរដ្ឋ ព្រោះកាលពីកន្លងទៅ ខ្ញុំធ្លាប់មានបងប្អូនទទួលបានសេវាកម្មព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃនេះដែរ។ ដូច្នេះខ្ញុំរីករាយ ក្នុងការជួយកិច្ចការងារមនុស្សធម៌ និង ចូលរួមចំណែកជួយសង្គម។​ ខ្ញុំសម្រេចចិត្តផ្ដល់ទឹកប្រាក់បន្តិចបន្តួច តាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបាន ហើយទឹកប្រាកចំនួន ៥០ លានរៀលនេះ ទោះជាមិនសូវច្រើនក្ដី ប៉ុន្តែវាអាចជាចំណែកមួយ ដើម្បីឲ្យក្មេងៗ នៅកម្ពុជា គាត់​មានសុខភាពល្អ ក៏ដូចជាធ្វើជាត្រពាំងស្នងឫស្សី ជាធនធានមនុស្សសម្រាប់ខ្មែរ នាពេលអនាគត»។

លោក ឡេង ណាវ៉ាត់ត្រា ក៏បានអំពាវនាវដល់សប្បុរសជន ក៏ដូចជា អ្នកសិល្បៈ គ្រប់រូបថា៖

«​ប្រសិនបើមានលទ្ធភាព សូមចូលរួមជួយការងារសង្គមឲ្យបានច្រើន ជាពិសេសសូមចូលរួម ជួយផ្ដល់កម្លាំងចិត្តដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តរក្សាជំហររឹងមាំ និង បន្តរក្សាការជួយដល់ក្មេងៗ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រឈមមុខនឹងជំងឺ និង ត្រូវការជំនួយពីអ្នកទាំងអស់គ្នា»។

បន្ថែមពីលើចំណុចខាងលើ ម្ចាស់ផលិតកម្ម Galaxy និងជាម្ចាស់បុរីវីឡាកូនកាត់ លោក ឡេង ណាវ៉ាត់ត្រា បានបន្តទៀតថា នៅពេលខាងមុខ លោកនឹងបន្តធ្វើការងារមនុស្សធម៌ ឲ្យបានច្រើន ដើម្បីជួយឲ្យប្រជាពលរដ្ឋ ដែលខ្វះលទ្ធភាព៕

លោក ឡេង ណាវ៉ាត់ត្រា នាំយកថវិកា​​៥០លានរៀល បរិច្ចាគដល់មន្ទីរពេទ្យ «គន្ធបុប្ផា»​
លោក ឡេង ណាវ៉ាត់ត្រា នាំយកថវិកា​​៥០លានរៀល បរិច្ចាគដល់មន្ទីរពេទ្យ «គន្ធបុប្ផា»​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡេង ណាវ៉ាត់ត្រា