ខេត្តព្រះសីហនុៈ បុរស២នាក់ និងស្រ្តីម្នាក់ជាកម្មករ បម្រើការងារនៅរោងចក្រកាត់ដេរហោសស្វែល ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរងរបួសធ្ងន់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ម៉ូតូបុកម៉ូតូ ខណៈដែលពួកគេទាំង៣នាក់ ជិះម៉ូតូឌុបគ្នាចេញពីជប់លៀងនៅឆ្នេរអូរឈើទាល។

យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១៧ និង៤៥នាទីថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១២ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូ ស្ថិតនៅមុខក្រុមហ៊ុនលាយស៊ីម៉ង់ត៍ អ៊ុយញ៉ុង ក្នុងភូមិពីរ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យបុរស២នាក់ ជាកម្មកររងរបួសបែកក្បាល ធ្លាយខួរចេញមកក្រៅ រីឯនារីជាកម្មកររោងចក្រជាមួយគ្នាដែរនោះ បានរងរបួសស្រាល ត្រូវបានគេបញ្ជូនទៅ សង្រ្គោះភ្លាមៗនៅមន្ទីរព្យាបាលឃ្លាំងលើ។

តែបើតាមការបញ្ជាក់ពីក្រុមគ្រួពេទ្យឃ្លាំងលើបានឲ្យដឹងផងដែរថា ស្ថានភាពរបួសបុរសពីរនាក់ជាកម្មករ ពិតជា ធ្ងន់ធ្ងរណាស់ មានសង្ឃឹមតិចតួចក្នុងការជួយសង្រ្គោះ ដោយឡែកនារីរងគ្រោះមានសង្ឃឹមច្រើន។

សាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះជាកម្មកររោងចក្រ ទាំង៣នាក់ បានជិះម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1B-0240 ឌុបគ្នាចេញពីជប់ លៀងថ្ងៃឈប់សម្រាកពីការងារនៅឆ្នេរអូរឈើទាល លុះដល់ចំណុចកើតហេតុបានបុកគ្នាជាមួយម៉ូតូមួយគ្រឿង ទៀត ម៉ាកវ៉េវពណ៌ក្រហម ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1A-0892 ដែលបើកបញ្រ្ចាសទិសគ្នា ពេញទំហឹង បណ្តាលភាគីកម្មកររោងចក្រ រោងចក្ររងរបួសធ្ងន់ទាំង៣នាក់ រីឯភាគីម្ខាងទៀត បានរត់គេចចេញពីកន្លែងកើតហេតុបានហើយ។

ជនរងគ្រោះទាំង៣ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ និងទីកន្លែងកំណើតនៅឡើយទេ គ្រាន់តែដឹងថា ជាកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រហោសស្វែលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុង ភូមិពូធឿង ឃុំមិត្តត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]