ខេត្តបាត់ដំបង ៖ យុវនិស្សិតម្នាក់បានបង្ហាញពី ទេពកោសល្យគួរឱ្យភ្ញាក់ផ្អើលដោយ គ្រាន់តែប្រើដៃម្ខាង កាន់បំពង់ទុយោជ័រប្រវែង១ម៉ែត្រធ្វើឱ្យ គេមើលទៅហាក់ដូចជា អង្គុយលើខ្យល់ផុតពីដី ។ និស្សិតផ្នែក “IT” រូបនេះបានបង្ហាញពី ភាពអស្ចារ្យរបស់ខ្លួន កាលពីយប់ថ្ងៃទី១៨ វិច្ឆិកា ២០១២ នៅលើសួនច្បារខាងមុខវត្តកណ្តាល ក្នុងក្រុងបាត់ដំបង ដែលមានមនុស្សរាប់សិប នាក់ចោមរោមមើល ។

ការបង្ហាញមុខតាមរយៈការសម្តែងរបស់យុវជន រូបនេះមនុស្សជាច្រើនហាក់ដូចមិនធ្លាប់ស្គាល់មុខ ឬសាវតារយុវជននេះទេ បើទោះជាគេអះអាងថា មានស្រុកកំណើតនៅក្នុងក្រុងបាត់ដំបងនេះក្តី ។ អ្នកចោមរោមមើលការសម្តែងភាពអស្ចារ្យរបស់យុវនិស្សិតរូបនេះ សុទ្ធតែជញ្ជក់មាត់ស្ងើចសរសើរថា «ខ្លាំង» ដែលមិនធ្លាប់ជួបប្រទះអ្នកបង្ហាញទេពកោសល្យមិនគួរឱ្យជឿ បែបនេះឡើយ ។

ស្ថិតក្នុងសម្លៀកបំពាក់ដូចរ៉ូបពណ៌ស្រគាំរលើប រលោង  យុវជនវ័យ២០ឆ្នាំ រូបនេះ បានអង្គុយពែនភ្នែនរបៀបស្មឹងស្មាធិ៍នៅលើខ្យល់កម្ពស់ផុតពី ការ៉ូឡាប្រហែលកន្លះម៉ែត្រ ដោយប្រើដៃខាងស្តាំម្ខាងច្រត់ទប់នឹងបំពង់ទុយោជ័រប្រវែង១ ម៉ែត្រប៉ុណ្ណោះ ។ ប៉ុន្តែមុនពេលបង្ហាញភាពអស្ចារ្យឱ្យគេមើល យុវជននេះ ស្ថិតក្នុងការហ៊ុមព័ទ្ធដោយសំពត់ខ្មៅ លុះពេលអ្នករៀបចំទម្លាក់សំពត់ខ្មៅនោះចុះ ក៏លេចរូបយុវជននេះអង្គុយលើខ្យល់ភ្លាមដែរ ។ អ្នកចោមរោមមើលជាច្រើនបានបង្ហាញពីចម្ងល់គ្រប់ៗគ្នា ថែមទាំងបានយកដៃរាវផ្នែកខាងក្រោមទៀតផង ក្រែងយុវជននេះអង្គុយលើវត្ថុអ្វីម្យ៉ាង តែគ្មានអ្វីបន្តិចឡើយ ។ នេះជាភាពអស្ចារ្យដែលធ្វើឱ្យមនុស្សរាប់សិបនាក់មានការភ្ញាក់ ផ្អើលកាន់តែខ្លាំង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]