យោងតាមប្រភពពត៌មានពីគេហទំព័រ អេមឺរេត (EMIRATES) របស់ប្រទេសអារ៉ាប់ បានអោយ ដឹងថា មានក្រុមគ្រួសារមួយ ត្រូវបានតុលាការកាត់ទោស អោយជាប់គុក ព្រមទាំងត្រូវវាយ នឹងខ្សែតីថែមទៀតផង ដោយសារតែពួកគេបានបំពានដល់ប៉ូលីស។

ប៉ូលីសម្នាក់ ដែលជាសមាជិកក្រុមលើកកំពស់គុណធម៌ និងបំបាត់អំពើអសីលធម៌នានា បានស្តីបន្ទោសទៅលើក្មេងស្រី ២នាក់ នៅឯមជ្ឈមណ្ឌល សំរាប់ដើរទិញឥវាន់ មួយកន្លែង ក្នុងរដ្ឋធានី រីយ៉ា (Riyadh) ប្រទេសអារ៉ាបី សាអូឌីត (Saudi Arabia) ព្រោះតែពួកគេ សំដែង នូវកាយវិការមិនសមរម្យមួយចំនួន។ ប្រភពពត៌មានបានបន្ថែម អោយដឹងទៀតថា បន្ទាប់ពី ប៉ូលីសខាងលើ ស្តីបន្ទោសអោយខ្លួនរួចនោះ ពួកគេទាំងពីរមានការខឹងសម្បាយ៉ាងខ្លាំង ហើយក៏ដោះអាវក្រៅចេញ យកមកគ្រប និង ទាញ ក្បាលរបស់ប៉ូលីស បន្ទាប់មក ម្តាយរបស់ក្មេងស្រីទាំងពីរបានមកដល់ ក៏យកស្បែកជើងគប់មកលើប៉ូលីសរូបនេះ បន្ថែមទៀត។ ហើយនៅពេលដែល ឪពុករបស់ ក្មេងស្រីខាងលើមកដល់ បានវាយប្រហារ ទៅលើប៉ូលីសរូបនោះបន្ថែមទៀត ព្រមទាំងប្រើពាក្យសំដីមិនសមរម្យ មួយចំនួន និង បាននិយាយថា “មិនមែនជាកិច្ចការរបស់លោកឯងទេ យើងចង់ធ្វើអីស្រេចតែយើង” ។

ទោះជាយ៉ាងណា ពួកគេត្រូវបានតុលាការកាត់ទោស អោយក្មេងស្រីដែលយកអាវគ្របក្បាល ប៉ូលីស ជាប់គុក ៥ខែ និង ត្រូវវាយ ១២០ខ្សែតី ចំណែកប្អូនស្រីរបស់គេ ជាប់គុក ១ខែ និងវាយ ៣០ខ្សែតី។ រីឯ ម្តាយរបស់ពួកនាងវិញ ជាប់គុក ២ខែ និងត្រូវវាយ ៦០ខ្សែតី ខណៈឪពុកវិញ ត្រូវជាប់គុក ១ខែ និង វាយ ៤៥ខ្សែតី។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]