ខេត្តកណ្តាលៈ គ្រួសារមួយ ដោយសារតែសម្លសាច់ឆ្កែ ប្តីបានបង្កជាជម្លោះ រហូតដល់ដេញវាយតប់ប្រពន្ធ រត់ចោល ផ្ទះសម្បែង ពេលប្រពន្ធនិងកូនចូលផ្ទះ ឲ្យប្រពន្ធសំពះបាត់ជើង រួចយកឆ្នាំងវាយក្បាលប្រពន្ធ ៤ឆ្នាំងបន្ថែមទៀត ប៉ុន្តែ ខណៈពេលនោះ ប្រពន្ធមិនខឹងទេ លុះដល់ថ្ងៃទី១៧ លោកប្តីបង្កើតរឿង ចោទប្រពន្ធថាមានប្រុស ទាក់ទងតាមទូរស័ព្ទ ហើយទះប្រពន្ធពីរកំផ្លៀង ប្រពន្ធខឹងប្តឹងឲ្យនគរបាលឃាត់ខ្លួន ចាត់ការទៅតាមផ្លូវច្បាប់ ។ ការឃាត់ខ្លួននេះ កើតឡើងកាល ពីវេលាម៉ោង៦និង១៤នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅលំនៅឋាន ភូមិព្រែកថ្មី ឃុំរកាសខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

លោក លន ចាន់ថា អធិការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យជាប្តីមាន ឈ្មោះ ជាង ពីន អាយុ ៣៣ឆ្នាំ ជាកសិករ និងប្រពន្ធជាជនរងគ្រោះ មានឈ្មោះ ថោង ថាវរី អាយុ ៣៣ឆ្នាំ មានមុខរបរ ជាកសិករ អ្នកទាំងពីរ រស់នៅជាមួយគ្នា ក្នុងភូមិ ឃុំកើតហេតុខាងលើ។

លោក លន ចាន់ថា បានបន្តទៀតថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ជនសង្ស័យជាប្តី មកពីផឹកស្រាវិញ ក៏សួរប្រពន្ធរក សម្លសាច់ឆ្កែ  ប្រពន្ធបានឆ្លើយប្រាប់ប្តីថា អស់ហើយ ពេលនោះ ពីន ជាប្តីក៏ខឹង រួចហើយយកឆ្នាំងសម្លដេញគប់ប្រពន្ធ និង យករំពាត់ឫស្សី ប៉ុនមេជើង ដេញវាយប្រពន្ធ រត់ចោលផ្ទះសម្បែង ពេលប្រពន្ធនិងកូន មកចូលផ្ទះវិញ ឲ្យសំពះបាតជើង និង ស្ទុះយកឆ្នាំង វាយក្បាលប្រពន្ធចំនួន៤ដង ទើបស្ងប់ចិត្ត ។ លុះដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ឈ្មោះ ពីន ជាប្តីបាន ប្រច័ណ្ឌប្រពន្ធដោយចោទថា មានប្រុសទូរស័ព្ទទាក់ទង ហើយក៏បានទះកំផ្លៀងប្រពន្ធចំនួន ២កំផ្លៀង  បង្កើតរឿងវាយដំជា រឿយៗ ក៏ប្តឹងឲ្យនគរបាលឃាត់ខ្លួន រួចហើយចាត់ការទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ជូនមកស្នង ការដ្ឋានចាត់ការបន្តទៅតាមផ្លូវច្បាប់៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]