ខេត្តព្រះសីហនុ ៖ បុរសជនជាតិបរទេស ម្នាក់ទំនងស្រវឹងផងនោះបានបើក រថយន្តបោះពួយ ទៅបុកម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ជិះគ្នា២នាក់ឪពុក និងកូន បណ្តាលឱ្យ ឪពុកស្លាប់ភ្លាមៗនៅនឹងកន្លែង ឯកូនស្រីរងរបួសធ្ងន់ បាក់ជើងស្តាំ ខណៈជិះម៉ូតូដឹកកូនស្រីទៅកំដរការគេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃទី១៨ វិច្ឆិកា ២០១២ នៅចំណុចភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បង្កឱ្យបុរសម្នាក់ឈ្មោះ ទូច ហ៊ីម អាយុ៤៦ឆ្នាំ បានស្លាប់ និងកូនស្រីឈ្មោះ ទូច វណ្ណី អាយុ២៦ឆ្នាំ រងរបួសធ្ងន់ អ្នកទាំង២មានទីលំនៅក្រុមទី១ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្ត។

លោកបញ្ជាក់ថា រថយន្តបង្កហេតុម៉ាក matis កូរ៉េ ពណ៌ស បើកដោយបុរសជនជាតិបរទេសម្នាក់ឈ្មោះ LIONEL.HUBERT.JOSYEN កាន់លិខិតឆ្លងដែនលេខ ១០C៧៧៤៤១ អាយុ៥៧ឆ្នាំ ជនជាតិបារាំង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានទៅបុកម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ជិះគ្នា២នាក់ឪពុកកូនពីក្រោយពេញទំហឹង ខណៈបត់ម៉ូតូដឹកកូនស្រីចូលកន្លែងប្រារព្ធពិធីមង្គលការ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]