-ហាយឡេនឌ័រ បុកបង្គោលភ្លើងរួចបន្ដ បុកតូបលក់អីវ៉ាន់

-រថយន្ដមែកសឺដេសបុករថយន្ដ AUDI រួចបន្ដ បុកដើមគគីរ

-រថយន្ដកូរ៉េបុក រោងប៉ុស្ដិ៍២៤ម៉ោង រួច បន្ដបុកបង្គោលភ្លើង

ភ្នំពេញ ៖ គ្រាន់តែក្នុងរយៈ ពេលមួយ យប់ គ្រោះថ្នាក់ចរាចរក្នុងរាជធានីភ្នំពេញ ស្ថិតនៅតាម ខណ្ឌមួយ ចំនួន ដែលមានលក្ខណៈ ធំគួរសមបាន កើតឡើងជា បន្ដ បន្ទាប់ ដែល គ្រោះថ្នាក់ចរាចរទាំងនេះ បង្កឡើង រវាង រថយន្ដនិងរថយន្ដ ដែលភាគច្រើនត្រូវបាន សមត្ថកិច្ចនិងសាក្សីនៅកន្លែងកើតហេតុអះ អាងថា បណ្ដាល មកពីអ្នកបើកបរទាំងនោះ មានអាការៈស្រវឹងស្រា ទប់ចង្កូតមិនជាប់និង បើកបរដោយគ្មាន ការប្រុងប្រយ័ត្ន។

គ្រោះថ្នាក់ចរាចរនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលមួយយប់ មាន ពីរករណីកើតឡើង ដែលករណីទី១បង្កឡើង ដោយរថយន្ដម៉ាកហាយ ឡេនឌ័រ មួយគ្រឿង បានបុកបង្គោលភ្លើង បណ្ដាល ឱ្យរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ រួចហើយបន្ដទៅបុកតូប លក់អីវ៉ាន់នៅតាមដងផ្លូវ ប៉ុន្ដែសម្រាប់គ្រោះ ថ្នាក់ចរាចរខាងលើនេះ មិនបណ្ដាលឱ្យ នរណាម្នាក់រងរបួសនោះទេ រីឯរថយន្ដបង្ក ហេតុ ក៏មិនត្រូវ បានសមត្ថកិច្ចឃាត់បានដែរ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៤០នាទី រំលង អាធ្រាត្រឈាន ចូល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៨៤ កែង ផ្លូវព្រះមុនី វង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ មាន រថយន្ដម៉ាកហាយឡេនឌ័រមួយគ្រឿងពណ៌ស គ្មាននរណា ស្គាល់ស្លាកលេខ បើកតាម បណ្ដោយផ្លូវលេខ៨៤ ក្នុងទិសដៅពីត្បូងទៅ ជើង លុះដល់ចំណុចកើតហេតុ ក៏បត់ស្ដាំប៉ុន្ដែ បានជ្រុលចង្កូតទៅបុកបង្គោលភ្លើង បណ្ដាល ឱ្យរងការខូចខាត ។

សមត្ថកិច្ចបានបន្ដដោយដកស្រង់សំដី របស់សាក្សីមួយចំនួន ឱ្យដឹងថា ពេលនោះ រថយន្ដបង្កហេតុ ក៏បាន ជ្រុលទៅបុកតូបលក់ ឥវ៉ាន់នៅតាមដងផ្លូវ បណ្ដាលឱ្យរង ការ ខូច ខាតយ៉ាងច្រើន ប៉ុន្ដែម្ចាស់រថយន្ដដែល គេ មិនស្គាល់អត្ដសញ្ញាណ មិនបានឈប់រថយន្ដ និងធ្វើការដោះស្រាយជាមួយភាគីជនរង គ្រោះនោះ ឡើយ ពោលបានបើករថយន្ដគេច ខ្លួនតែម្ដងទៅ ។

ជាមួយគ្នានេះ កាលពីវេលា ម៉ោង៩និង ៤៥នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ មានគ្រោះថ្នាក់ ចរាចរមួយទៀតបានកើត ឡើងផងដែរ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ ៥១ កែងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបង្កឡើងដោយរថយន្ដ ម៉ាកមែកសឺដេស បានបុករថយន្ដម៉ាក AUDI បណ្ដាលឱ្យរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ រួច ហើយ រថយន្ដ AUDI បានទៅបុកនឹងដើមគគីរ បណ្ដាលឱ្យខូច ខាតកាន់តែខ្លាំងឡើងថែម ទៀត ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោងកើត ហេតុនោះ មានរថយន្ដ ម៉ាកមែកសឺដេសមួយ គ្រឿង ពណ៌ស ពាក់ស្លាកលេខ បណ្ដោះ អាសន្ន  ៧០៤១ បើកបរតាមបណ្ដោយ ផ្លូវលេខ៥១ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថ យន្ដស៊េរីទំនើប ម៉ាកឿឌ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ2J-3838 ខណៈកំពុងបើកបរ បញ្ច្រាសទិសគ្នា បណ្ដាលឱ្យរថយន្ដរងគ្រោះ វិលខ្ញាល់ពីរ បីជុំ រួចក៏ទៅបុកដើមគគីរមួយ ដើមបណ្ដាលឱ្យរងការ ខូចខាតកាន់តែខ្លាំង ឡើងថែមទៀត។

បើយោងតាម សមត្ថកិច្ចក្រោយគ្រោះ ថ្នាក់ចរាចរនេះ កម្លាំងសមត្ថកិច្ចជាច្រើន នាក់បានចុះទៅជួយ អន្ដរាគមន៍ និងដោះ ស្រាយ ហើយចុងក្រោយខាងភាគីរថយន្ដ បង្កហេតុ បានចេញសងការខូចខាតទាំង ស្រុង ចំពោះរថយន្ដរងគ្រោះ ដោយមិនចាំ បាច់រំខានដល់សមត្ថកិច្ចស្ទូចរថយន្ដទាំងពីរ នាំទៅដោះស្រាយ នៅកន្លែងសមត្ថកិច្ចនោះ ឡើយ ។

ដោយឡែកកាល ពីវេលាម៉ោង១និង៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅមុខសាលាបឋម សិក្សាមិត្ដភាពតាមបណ្ដោយ ផ្លូវលេខ២២៣ ក្រុមទី៥៣ ភូមិ៩ សង្កាត់ផ្សារដើម គរ ខណ្ឌ ទួលគោក មានករណីគ្រោះថ្នាក់ចរាចរមួយ ទៀត ដែលបង្កឡើងដោយរថយន្ដកូរ៉េ ពណ៌ ខៀវ ដឹកសម្ភារៈតុការ បានរេចង្កូតទៅបុក រោងប៉ុស្ដិ៍សន្ដិសុខ២៤ម៉ោង បណ្ដាលឱ្យសរស នៃរោងប៉ុស្ដិ៍សន្ដិសុខ ខាងលើទ្រេត រួចរថយន្ដ ក៏ជ្រុលទៅបុកបង្គោលភ្លើង ដែលនៅក្បែរ នោះទៀតផង ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បណ្ដាលមកពីអ្នក បើករថយន្ដងងុយដេក ហើយលក់មួយភាំង ក៏ជ្រុលចង្កូតទៅបុករោង ប៉ុស្ដិ៍សន្ដិសុខតែម្ដងទៅ។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់ ចរាចរខាងលើនេះ មិនបណ្ដាលឱ្យនរណា ម្នាក់រងរបួសនោះទេ ប៉ុន្ដែធ្វើឱ្យរថយន្ដបង្ក ហេតុរងការខូចខាត ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចចរាចរ បានស្ទូចយករថយន្ដទៅកាន់ការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីធ្វើ ការដោះស្រាយ។

គួរកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរនៅ ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅពេលយប់ នោះ ត្រូវបានគេមើល ឃើញថា កើតឡើង ស្ទើរតែជារៀងរាល់ថ្ងៃ ដែលភាគច្រើនគ្រោះ ថ្នាក់ចរាចរទាំងនេះបង្កដោយអ្នកបើក រថយន្ដមានអាការៈស្រវឹងនិងខ្វះការប្រុង ប្រយ័ត្ន ព្រមទាំងពេលបើកបរមិនគោរព ច្បាប់ចរាចរឱ្យបាន ត្រឹមត្រូវ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]