ភ្នំពេញ៖ កន្លងមកប្រទេសកម្ពុជាយើង តែងតែនាំចូលតុក្កតាជាច្រើនប្រភេទមកពីបរទេស ដែលជាពិសេសគឺនាំចូលមកពីប្រទេសជិតខាងយើងតែម្តង។ ជាការពិតណាស់ ហើយតុក្កតាដែលពេញនិយមបំផុត ក្នុងស្រទាប់មហាជននោះ គឺប្រភេទតុក្កតាTeddy ដែលជាតុក្កតាខ្លាឃ្មុំ ញាត់សំឡី ព្រមទាំងតុក្កតាដែលមានរូបរាងខុសគ្នាជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាប្រភេទតុក្កតាញាត់សំឡីនេះផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ពេលនេះកម្ពុជាយើងមានរោងចក្រផលិត និងញាត់សំឡីតុក្កតា Teddy ទាំងនេះដោយខ្លួនឯងហើយ។ ជួបជាមួយនឹងលោក សុវណ្ណ ច័ន្ទរតនា នាយកគ្រប់គ្រងក្រុមហ៊ុន ម៉ាយ ថយ (My Toys Cambodia) ដែលជាសហគ្រាសផលិតតុក្កតាដំបូងបង្អស់នៅកម្ពុជា បានថ្លែងមកកាន់់ខ្មែរឡូតថា ក្រុមហ៊ុនផលិតតុក្កតារបស់លោក បានបង្កើតឡើងរយៈពេល២ឆ្នាំមកហើយ គោលបំណងដែលបង្កើតក្រុមហ៊ុនផលិតតុក្កតានេះឡើង គឺដើម្បីចង់កាត់បន្ថយនូវការនាំចូលតុក្កតាពីបរទេស ដោយឲ្យប្រជាជនងាកមកប្រើប្រាស់និងជួយគាំទ្រផលិតផលក្នុងស្រុកវិញម្តង។ ម៉្យាងវិញទៀត វាក៏ជាការបើកឱកាសការងារ ដល់យុវជន និងអ្នកដែលមានជីវភាពខ្វះខាត អាចមានការងារធ្វើមួយដ៏សមរម្យ ជាមួយនឹង សហគ្រាសលោកផងដែរ។

លោក សុវណ្ណ ច័ន្ទរតនា នាយកគ្រប់គ្រងក្រុមហ៊ុន ម៉ាយ ថយ (My Toys Cambodia) ជាមួយនឹងបុគ្គលិក

នាយកក្រុមហ៊ុន ម៉ាយ ថយ (My Toys Cambodia) វ័យក្មេង លោក ច័ន្ទរតនា បានបន្តទៀតថា ការកកើតក្រុមហ៊ុននេះដំបូងឡើយ គឺមិនទាន់ធំដុំ ដោយមានម៉ាស៊ីនបាញ់សំឡីអ្វីទាំងអស់នេះដូចជាពេលបច្ចុប្បន្ន ហើយពោលគឺកាលនោះ លោកបានបើកធ្វើវាជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដោយទាំងការញាត់សំឡី ទាំងការដេរផ្ចិតតុក្កតា គឺធ្វើដោយដៃទាំងអស់។ 

ប៉ុន្តែដោយសារមានការគាំទ្រច្រើនគួរសម ពីសំណាក់អតិថិជន អាជីវកម្មរបស់លោកក៏ចាប់ផ្តើមរីកចម្រើនឡើងបន្តិចម្តងៗ រហូតមកដល់ប៉ុន្មានខែចុងក្រោយនេះ លោកក៏បាននាំចូលម៉ាស៊ីនញាត់សំឡីតុក្កតាមកពីបរទេស ដែលធ្វើឲ្យអាត្រាការលក់និងចំនួននៃការផលិតតុក្កតាកាន់តែបានច្រើនជាងមុនផងដែរ។ លើសពីនេះទៅទៀត លោកក៏មានរោងចក្រដេរតុក្កតា ដោយខ្លួនឯងនៅក្នុងប្រទេសកម្ពុជានេះផងដែរ ដែលវាជាការងាយស្រួល ដល់អតិថិជនអាចទិញរូបរាងតុក្កតាដែលខ្លួនស្រលាញ់ចង់បានតាមចិត្តថែមទៀតផង។

លោក សុវណ្ណ ច័ន្ទរតនា នាយកគ្រប់គ្រងក្រុមហ៊ុន ម៉ាយ ថយ (My Toys Cambodia)
តុក្កតា នៅម៉ាយ ថយ (My Toys Cambodia)

ក្នុងមួយថ្ងៃ ម៉ាយ ថយ (My Toys Cambodia) ផលិតតុក្កតាបានចន្លោះពី៥០​ទៅ៦០ គ្រាប់ ដោយឡែកសម្រាប់ថ្ងៃបុណ្យ ដូចជាបុណ្យណូអែល ឬក៏បុណ្យនៃក្តីស្រលាញ់ជាដើម គឺ ម៉ាយ ថយ នឹងសម្រុកផលិតឲ្យបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ការលក់ឲ្យបានទាន់ពេលវេលា ពីព្រោះថាអាត្រានៃការទិញក្នុងពេលបុណ្យទានម្តងៗ មានរហូតទៅដល់រាប់ពាន់គ្រាប់ឯណោះ។ 

តួយ៉ាង សម្រាប់តម្លៃវិញ គឺលក់ក្នុងតម្លៃទីផ្សារធូរថ្លៃខ្លាំងមែនទែន ហើយអ្វីដែលពិសេសជាងនេះទៅទៀត ឲ្យតែថ្ងៃបុណ្យ ក្រុមហ៊ុន ម៉ាយ ថយ តែងតែមានការបញ្ចុះពិសេសជានិច្ច អាចនិយាយបានថា តម្លៃកាន់តែថោកជាងថ្ងៃធម្មតាទៅទៀត។ ហើយសម្រាប់ថ្ងៃបុណ្យ Valentine’s Day ខាងនេះ ក្រុមហ៊ុនផលិតតុក្កតា ម៉ាយ ថយ (My Toys Cambodia) ក៏មានការចុះតម្លៃពិសេសសម្រាប់អតិថិជនទិញដុំ និងរាយផងដែរ។

តុក្កតា នៅម៉ាយ ថយ (My Toys Cambodia)
តុក្កតាមានកម្ពស់រហូតទៅដល់៣ម៉ែត្រ តុក្កតា នៅម៉ាយ ថយ (My Toys Cambodia)

គួរឲ្យបញ្ជាក់ថា ក្រុមហ៊ុនផលិតតុក្កតា ម៉ាយ ថយ (My Toys Cambodia) មានទីតាំងស្ថិតនៅគល់ស្ពានអាកាសស្ទឹងមានជ័យ នៅលើផ្លូវ២៧១តែម្តង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]