អំពើផិតក្បត់ក្នុងរឿងស្នេហា និងសង្គមគ្រួសារប្តីប្រពន្ធ គឺជារឿងមួយស្ទើរតែក្លាយ ជាមេរោគដ៏កាចសាហាវ ដែលអាចធ្វើឲ្យជីវិតគ្រួសារប្រេះឆា បែកបាក់ និងអាចឈានទៅរកការលែងលះគ្នាជាដើម។

អំពើផិតក្បត់ដែលកើតមានឡើង ជាញឹកញយនោះ ភាគច្រើនតែងកើតមានទៅលើ ភាគីបុរសជាប្តីតែម្តង ដោយបូកផ្សំនឹងចរិតពីធម្មជាតិ ចូលចិត្តញ៉េះញ៉ោះក្បែរស្រីៗ រហូតភ្លេចប្រពន្ធកូន។ ប៉ុន្តែពេលខ្លះក៏អាចបណ្តាលមកពី ស្រ្តីជាប្រពន្ធផងដែរ ដែលមិនសូវចេះយកចិត្តទុកដាក់លើស្វាមីខ្លួនដូចជា ឈ្លោះប្រកែក ប្រចណ្ឌ យំមុខយំក្រោយ ទើបធ្វើឲ្យបុរសនឿយណាយចិត្តក៏មាន។

ដោយសារកត្តាបែបនេះហើយ ពេលខ្លះយើងក៏មិនអាចបន្ទោស តែភាគីខាងបុរស ឬភាគីខាងស្រី ថានរណាជាអ្នកខុសបានទាំងស្រុងនោះដែរ។

ដូច្នេះជឿជាក់ថា អត្ថបទខាងក្រោមនេះ អាចនឹងជួយស្រាយបំភ្លឺចម្ងល់ក្នុងចិត្តអ្នកថា ហេតុផលអ្វីដែលធ្វើឲ្យបុរសៗ ចេះតែលួចលាក់ផិតក្បត់មានស្រី ហើយចំណុចណាខ្លះ ដែលអ្នកជាប្រពន្ធត្រូវធ្វើការកែប្រែ ៖

រូបភាពតំណាង

# ធម្មជាតិមនុស្សប្រុស គឺចូលចិត្តលេងសើច

មិនថាស្នេហា និងជីវិតអាពាហ៍ពិពាហ៍ល្អ ឬរលូនយ៉ាងណា បើរាល់ថ្ងៃមានតែរឿងការងារ កូនចៅ ញ៉ាំគេងៗជាដដែលៗនោះ វានឹងធ្វើឲ្យបុរសៗមានភាពធុញទ្រាន់ក្នុងជីវិតជាខ្លាំង។ សារជាតិបុរសចូលចិត្តអ្វីដែលប្លែក រំភើប សេរីភាព ជាពិសេស បុរសមួយចំនួនចូលចិត្តដើរលេង លេងសើចសប្បាយដោយការញ៉ែស្រី លួចលាក់មានស្រីក្មេង ញ៉ាំអាហារឆ្ងាញ់ លេងហ្គេម និងធ្វើអ្វីផ្អែមល្ហែមរម្លឹកកាលនៅវ័យកំលោះជាដើម។

ដូច្នេះប្រសិនជាប្រពន្ធដែលនៅផ្ទះ ទុកខ្លួនឯងចោលមិនរវល់ ទាំងរឿងសម្រស់ ជាពិសេសគឺមិនប្រឹងបង្កើតអ្វីថ្មីៗឲ្យមានភាពស្និទ្ធស្នាល និងមានអ្វីថ្មីៗសម្រាប់ជីវិតប្តីប្រពន្ធទេ ភាគច្រើនបំផុតបុរសៗប្រាកដជាលួចមានស្រីក្រៅផ្ទះជាមិនខាន។

រូបភាពតំណាង

# បុរសៗចូលចិត្តធ្វើឲ្យមនុស្សស្រីជាទីស្រលាញ់មានក្តីសុខ

ធម្មជាតិជាបុរស គឺចូលចិត្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យមនុស្សស្រីជាទីស្រលាញ់សប្បាយចិត្ត។ ដូចដែលយើងបានដឹងហើយថា មនុស្សស្រីខុសពីមនុស្សប្រុស មនុស្សស្រីមានការងារជាច្រើនដែលត្រូវរ៉ាប់រង ទាំងបាយទឹក ផ្ទះសម្បែង កូនចៅណាម្តាយឪពុកទាំងសងខាងផង។ មាតាដៃ១០០បែបនេះ ហត់បែបនេះ ធ្វើម្តេចនឹងមានអារម្មណ៍ស្នេហាច្រើនជាមួយនឹងប្តីទៅ។ ដូច្នេះនៅពេលដែលប្រពន្ធសម្តែងក្តីធុញទ្រាន់ រអ៊ូរទាំ ឬគ្មានអារម្មណ៍រួមស្នេហាទេ នឹងធ្វើឲ្យមនុស្សប្រុសអន់ចិត្ត ថែមទាំងអាចខឹងមួរម៉ៅផងដែរ។

ដោយហេតុនេះបុរសៗ អាចនឹងសាកល្បងរកស្រីខាងក្រៅ ហើយអាចជួបមនុស្សស្រីណាដែលបង្ហាញពីក្តីស្រលាញ់ និងមានក្តីសុខពេលនៅក្បែរគាត់ជាដើម។ ជាពិសេសប្រសិនជាបានឮពាក្យសរសើរពីមនុស្សស្រីម្នាក់នោះទៀត បុរសៗនឹងមានមោទនភាពចំពោះខ្លួនឯង ដែលអាចធ្វើឲ្យមនុស្សស្រីមានក្តីសុខបាន។ ជាចុងក្រោយបុរសអាចនឹងបាក់ចិត្ត ស្រលាញ់ស្រីខាងក្រៅពិតៗក៏ថាបាន។

រូបភាពតំណាង

# បុរសៗចូលចិត្តរឿងលើគ្រែ

ជាធម្មជាតិបុរសៗគិតរឿងលើគ្រែច្រើនជាងមនុស្សស្រី។ ប៉ុន្តែនៅក្នុងជីវិតរៀបការ មានគូស្នេហ៍ជាច្រើនតែងតែមានបញ្ហា រឿងសេចក្តីសុខនៅលើគ្រែនេះ ដោយភាគច្រើនមកពីខាងស្រីជាប្រពន្ធ អាចនឹងមានចរិតអឹមអៀន ឬមានការងារជាច្រើន ដែលត្រូវគិតដូចជារឿងផ្ទះ គ្រួសារ ប្តី កូនៗ និងរឿងម្ហូបអាហារ រហូតមិនសូវមានអារម្មណ៍ក្នុងរឿងផ្លូវភេទ មិនអាចបំពេញបំណងរបស់ស្វាមីបាន។

នេះក៏ជាហេតុផលមួយ ដែលធ្វើឲ្យបុរសតែងតែចេញទៅរកស្រីខាងក្រៅ ហើយបើប៉ះចំមនុស្សស្រីដែលពូកែផ្គាប់ផ្គន់រឿងលើគ្រែទៀត បុរសនោះពិតជាជាប់ស្នេហ៍ ភ្លេចប្រពន្ធកូននៅឯផ្ទះជាមិនខាន។

រូបភាពតំណាង

# បុរសៗចូលចិត្តជីវិតសាមញ្ញ

ខុសពីមនុស្សស្រី មនុស្សប្រុសចូលចិត្តប្រើជីវិតសាមញ្ញ មិនចូលចិត្តមនុស្សស្រីដែលពូកែដ្រាម៉ា ស្លៀកសំលៀកបំពាក់ហ៊ឺហាខ្លាំងពេក ហើយក៏មិនចូលចិត្តរៀបគម្រោង ធ្វើនេះធ្វើនោះទុកជាមុនច្រើនដែរ។ បុរសៗចូលចិត្តប្រើជីវិតងាយៗ ដូចជា ទៅធ្វើការ មានភាពរីករាយ លំហែអារម្មណ៍ លេងកីឡា លេងហ្គេម និងរឿងលើគ្រែជាដើម។

ប៉ុន្តែស្ត្រីជាប្រពន្ធភាគច្រើន ចូលចិត្តរៀបគម្រោងទៅនេះទៅនោះរាល់អាទិត្យ ជួបមិត្តភក្តិ ចេញទៅក្រៅ ដើរលេងទិញទំនិញ និងរឿងឲ្យប្តីមើលកូនៗ ដោយខ្លួនឯងចូលហាងកែសម្ផស្ស ធ្វើសក់ធ្វើក្រចកទៅវិញ។ ទង្វើទាំងនេះហើយដែលអាចធ្វើឲ្យបុរសជាប្តី មានភាពធុញទ្រាន់ ហត់នឿយ ណាយចិត្តពីប្រពន្ធ ហើយចេញទៅរកស្រីក្រៅ ដើម្បីធូរស្រាលចិត្ត និងរីករាយជាមួយនឹងជីវិតធម្មតាៗ។

រូបភាពតំណាង

# បុរសៗចូលចិត្តអារម្មណ៍រំភើប

ទោះបីជាបុរសៗចូលចិត្តភាពសាមញ្ញក៏ពិតមែន តែបុរសៗក៏ចូលចិត្តអារម្មណ៍ដែលរំភើប និងមានភាពភ្ញាក់ផ្អើលនៅក្នុងជីវិតប្តីប្រពន្ធដែរ។ និយាយរួម គឺត្រូវការអារម្មណ៍រំភើបរីករាយ ទាំងខាងផ្លូវកាយ និងផ្លូវចិត្ត (អារម្មណ៍) ដូចជាញ៉ាំបាយក្រោមពន្លឺភ្លើងទៀន មានគម្រោងរីករាយលើគ្រែពេញដោយភាពរំភើបញាប់ញ័រ ទៅដើរលេងកន្លែងដែលរីករាយ និងការជូនរបស់ ឬធ្វើអ្វីមួយឲ្យបុរសជាប្តីមានភាពរំភើបភ្ញាក់ផ្អើលជាដើម។

ប៉ុន្តែគួរឲ្យស្តាយមានមនុស្សស្រីជាច្រើន មើលរំលងពីចំណុចមួយនេះ ហើយធ្វើឲ្យបុរសជាប្តីធុញទ្រាន់ អន់ចិត្ត ដែលជាហេតុធ្វើឲ្យប្តីចេញទៅរកស្រីខាងក្រៅ។

រូបភាពតំណាង

# បុរសៗឆាប់អន់ចិត្ត

បុរសៗដែលជាប្តីតែងតែចង់ក្លាយជាវីរបុរស និងមានភាពល្អប្រសើរគួរជាទីមោទនភាពសម្រាប់ស្ត្រីដែលជាប្រពន្ធ។ បុរសគឺជាភេទដែលត្រូវការមុខមាត់ជាធំ ប្រសិនជាបុរសមានកំហុស ប្រពន្ធមិនគួរបន្ទោសបង្អាប់ ស្តីឲ្យ ឬរិះគន់ចំៗនោះទេ ត្រូវនិយាយរិះគន់ដោយពាក្យពិរោះៗ លួងលោម រួចចាំព្យាយាមកែគាត់បន្តិចម្តងៗតាមដំណើរ។

ប៉ុន្តែផ្ទុយពីនេះ ប្រសិនជាប្រពន្ធគិតតែបំបាក់មុខប្តី ស្តីឲ្យមុខក្រោយ បន្ទោសនេះបន្ទោសនោះ នឹងធ្វើឲ្យបុរសជាប្តីអន់ចិត្ត ខឹងរួចអាចចេញទៅក្រៅរកអ្នកដែលយល់ចិត្តជាងប្រពន្ធរបស់ខ្លួនជាមិនខាន។

រូបភាពតំណាង

# បុរសត្រូវការ ការយកចិត្តទុកដាក់

ត្រង់ចំណុចនេះ មិនខុសគ្នាប៉ុន្មានទៅនឹងចំណុចខាងលើឡើយ បើទោះបីជាប្រុសៗមិនត្រូវការយកចិត្តទុកដាក់ខ្លាំង ដូចជាមនុស្សស្រីយ៉ាងណាក្តី តែបុរសជាប្តីនៅតែចង់បានពេលវេលា និងការយកចិត្តទុកដាក់ពីប្រពន្ធ។

ប្រសិនបើស្រ្តីជាប្រពន្ធចេះតែរវល់នេះរវល់នោះ គ្មានពេលនៅជាមួយប្តី ឬសូម្បីតែញ៉ាំអាហារដៃកាន់តែទូរស័ព្ទចុចលេង ឬនិយាយទូរស័ព្ទទៀតនោះ បុរសជាប្តីប្រាកដជាតូចចិត្ត មិនសប្បាយចិត្តនូវការមិនរវល់ពីប្រពន្ធខ្លួន។ ការសន្សំភាពខូចចិត្ត អន់ចិត្តនេះហើយ ដែលជាហេតុធ្ចើឲ្យបុរសចេញទៅរកស្រីខាងក្រៅ ដែលមានពេលវេលាឲ្យខ្លួន និងយកចិត្តទុកដាក់ជាងប្រពន្ធរបស់ខ្លួន។

រូបភាពតំណាង

# បុរសមានចិត្តចង់ឈ្នះ

ដោយសារបុរសមានចិត្តចង់ឈ្នះបែបនេះហើយ បានជាបុរសតែងតែចូលចិត្តតាមដាន ឬលេងកីឡាគ្រប់ប្រភេទ។ ភាគច្រើនបុរសៗដែលលួចលាក់មានស្រីក្រៅ គឺបណ្តាលមកពីចិត្តចង់ឈ្នះមនុស្សស្រីជាប្រពន្ធតែម្តង។

ជាពិសេស គឺនៅពេលដែលប្រពន្ធមិនឲ្យតម្លៃ មើលងាយ (ឧទាហរណ៍៖ បងឯងមិនស្អាតទេ ទោះទៅរកស្រីថ្មី ក៏គ្មាននរណាគេយកដែរ) ចេះតែស្តី បន្ទោស ឬដាក់កំហុសលើខ្លួនជាដើម។ ព្រោះតែចង់ឈ្នះបុរសៗ អាចរកស្រីក្មេង ស្អាតដែលធ្វើឲ្យបុរសសប្បាយចិត្ត ថាខ្លួនឯងមានជ័យជម្នះ បានស្រីដែលល្អ ក្មេង ស្អាត និងពូកែជាងប្រពន្ធរបស់ខ្លួន។

រូបភាពតំណាង

# ចង់បានស្រ្តីដែលមានតែភាពរីករាយ

សុភមង្គលក្នុងគ្រួសារ គឺជាភាពសប្បាយរីករាយ និងសើចក្អាកក្អាយ តែវាក៏មិនមានរហូត ឬអាចរក្សាបានយូរដូចអ្វីដែលយើងគិតនោះទេ។ ទំនួលខុសត្រូវ ភារកិច្ចទាំងក្នុងគ្រួសារ និងការងារអាចធ្វើឲ្យប្តីប្រពន្ធឃ្លាតឆ្ងាយពីគ្នា ហើយការស្និទ្ធស្នាល និងភាពរីករាយបាត់បង់បន្តិចម្តងៗ។

បុរសៗនឹងចាប់ផ្តើមឯកា ធុញទ្រាន់នឹងភាពស្ងប់ស្ងាត់បែបនេះ ជាចុងក្រោយបុរសៗ នឹងចេញទៅរកអ្វីលេងនៅខាងក្រៅសប្បាយៗ ហើយវាប្រាកដណាស់ថា ការមានស្រីក៏ជាចំណែក ដែលធ្វើឲ្យបុរសមានភាពសប្បាយផងដែរ។ ជាពិសេស ពេលប៉ះចំមនុស្សស្រីដែលមានតែស្នាមញញឹម សើចក្អាកក្អាយ និងធ្វើឲ្យបុរសមានសេចក្តីសុខ បុរសៗប្រាកដជាងើបមុខមិនរួចជាមិនខាន។

រូបភាពតំណាង

# ចង់បានមិត្តយល់ចិត្ត

មិនខុសពីស្ត្រីប៉ុន្មានទេ បុរសៗក៏ត្រូវការអ្នកយល់ចិត្ត ពិភាក្សារាល់ការលំបាកដែរ តែនៅពេលដែលស្ត្រីជាប្រពន្ធខ្វះចំណុចអស់ទាំងនេះ ថែមទាំងមិនសូវយកចិត្តទុកដាក់នឹងស្វាមីទៀតនោះ វានឹងធ្វើឲ្យបុរសៗចាប់ផ្តើមគិតចេញទៅខាងក្រៅ រកមិត្តជជែកលេង និងរកអ្នកយល់ចិត្តជាមិនខាន។ ហើយនៅពេលដែលបានជួបមនុស្សស្រីផ្សេង ដែលធ្វើឲ្យបុរសរីករាយ អាចរំសាយអារម្មណ៍ និងទុក្ខសោកបានទៀតនោះ នេះហើយដែលធ្វើឲ្យបុរសចាប់ផ្តើមមានស្រី និងស្រលាញ់ស្រីផ្សេងដែលមិនមែនជាប្រពន្ធ។

រូបភាពតំណាង

# ចង់បានអ្វីដែលថ្មី ឬអ្វីដែលប្រពន្ធគ្មាន

ចំណុចនេះអាចស្តាប់ទៅវាអាក្រក់បន្តិច តែជាការពិតណាស់ ចរិតបុរសភាគច្រើនគឺបែបនេះ ចូលចិត្តអ្វីដែលថ្មីៗប្លែក ជាពិសេសរកអ្វីដែលប្រពន្ធខ្លួនឯងគ្មាន ដោយសារតែធុញទ្រាន់ ឬទ្រលាន់នឹងរសជាតិដដែលៗរបស់ប្រពន្ធនោះឯង។

បុរសៗអាចនឹងចេញរកស្រីដែលស្អាត ក្មេង ស៊ិចស៊ី ហើយប្រសិនជាមានតិចនិកនៅលើគ្រែក្លាហាន និងពូកែជាងអ្នកដែលជាប្រពន្ធទៀត ជឿចុះបុរសជាប្តីប្រាកដជាភ្លេចប្រពន្ធ និងក្រុមគ្រួសារនៅផ្ទះជាមិនខាន។

រូបភាពតំណាង

# បុរសៗស្អប់ទឹកភ្នែកស្រ្តី

មែនហើយ បុរសៗប្រាកដជាមិនសប្បាយចិត្ត និងមានភាពធុញទ្រាន់ជាខ្លាំង ប្រសិនជារស់នៅជាមួយនឹងស្ត្រីដែលមួយថ្ងៃៗ មានតែរឿងទុក្ខព្រួយ អាងអីក៏យំ អាងអីក៏ស្រែក អាងអីក៏ទឹកភ្នែកព្រឹកល្ងាចនោះ។

យើងដឹងរួចមកហើយថា បុរសៗចូលចិត្តភាពសាមញ្ញ មិនចូលចិត្តដ្រាម៉ា ចូលចិត្តតែភាពរីករាយ ហើយប្រសិនជាជួបមនុស្សស្រី ដែលមានតែរឿងយំ និងទុក្ខសោកនេះហើយ បុរសជាប្តីប្រាកដជាខ្លាចរអារ មិនហ៊ាននៅជិត រួចគេចចេញទៅក្រៅរកអ្វីសប្បាយៗជាមិនខាន។ ប្រសិនជាធ្ងន់ធ្ងរ មិនត្រឹមតែអាចមានស្រីទេ អាចនឹងមានរឿងលែងលះគ្នាបានថែមទៀតផង។

រូបភាពតំណាង

បន្ទាប់ពីអានរួច អ្នកប្រាកដជាគិតថា ចំណុចខ្លះអយុត្តិធម៌ខ្លាំងណាស់សម្រាប់ស្ត្រី ព្រោះរឿងខ្លះក៏មិនមែនស្ត្រីជាប្រពន្ធចង់ឲ្យកើតឡើងដែរ តែវាបណ្តាលមកពីចរិតពីធម្មជាតិ គំនាបពីសង្គម និងក្រុមគ្រួសារជាដើម។ ដូច្នេះអ្នកគួរតែរៀនយល់ចិត្ត ពីបុរសជាប្តីផង ថានេះក៏ជាធម្មជាតិរបស់បុរសដូចគ្នា គ្រាន់តែអ្នកខ្លះមានតិច អ្នកខ្លះមានច្រើនតែប៉ុណ្ណោះ។

សរុបមក មានតែសិក្សាពីគ្នាទៅវិញទៅមក ជាពិសេសអ្នកដែលជាប្រពន្ធ ប្រសិនជាមានចំណុចណាកែប្រែបានគួរតែកែប្រែ បើមានរឿងដែលអាចនិយាយគ្នា សម្រុះសម្រួលគ្នាគួរតែធ្វើឲ្យហើយ កុំឲ្យទាន់ពេលប្តីមានស្រីថ្មី តាំងចាប់ផ្តើមទឹកភ្នែកជូតក្បាលជង្គង់នោះ។

ចូរចងចាំថា មិនថាជីវិតស្នេហាជាសង្សារ ឬប្តីប្រពន្ធទេ គ្មានរឿងអ្វីធំជាងការយល់ចិត្តគ្នា និយាយគ្នា អធ្យាស្រ័យគ្នា និងចេះពិភាក្សាគ្នានោះទេ៕

រូបភាពតំណាង

ប្រភព៖ Familyshare | Languageofdesires

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]