ចិន៖ បុរសពិការជនជាតិចិនម្នាក់ ធ្លាប់តែអស់សង្ឃឹមក្នុងជីវិត និងរឿងស្នេហា ទីបំផុតបានជួបស្នេហ៍ពិត ជាមួយនឹងនារីដ៏ស្រស់ស្អាត ស្ម័គ្រចូលថែបេះដូង ក្រោយបានជួបស្គាល់គ្នានៅលើបណ្តាញសង្គម។

លោក Hao Panpan គឺជាបុរសពិការជើងម្នាក់ រស់នៅក្នុងតំបន់ Jize County ភូមិ Huanggou ទីក្រុង Handan ខេត្ត Hebei ប្រទេសចិន បានជួបជាមួយនឹងនារីក្នុងក្តីសុបិនម្នាក់ រហូតឈានដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា គឺនាង Fu Chengjun រស់នៅឯខេត្ត Anhui ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្នេហារវាងអ្នកទាំងពីរបានស្គាល់គ្នា រហូតបាក់ចិត្តដកមិនរួច បន្ទាប់ពីលោក Hao បានថត Live វីដេអូរបស់ខ្លួន ចាប់ផ្តើមតាំងតែខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ នៅលើបណ្តាញសង្គមមួយរបស់ចិន ទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃរបស់លោក ពោរពេញដោយភាពកំសត់ ឈឺចាប់ ប៉ុន្តែបង្កប់ដោយភាពរឹងមាំមិនចុះចាញ់។

ចំណែកឯ នាង Fu Chengjun វិញ ក៏ជាអ្នកលេងបណ្តាញសង្គមម្នាក់ និងបានចុចតាមដាន (Follow) គណនីរបស់លោក Hao ដែរ។

រូបភាព៖ លោក Hao Panpan និងនាង Fu Chengjun

នាង Chengjun ត្រូវបានគេរាយការណ៍ថា តែងតែចូលទស្សនារាល់វីដេអូឃ្លីបរបស់លោក Hao នៅពេលដែលលោក Live ម្តងៗ រហូតធ្វើឲ្យនាង មានអារម្មណ៍ថា អាណិតស្រលាញ់លោក Hao យ៉ាងខ្លាំង។

Chengjun នាងបាននិយាយថា បន្ទាប់ពីនាងបានឃើញលោក Hao ហើយ នាងកត់សម្គាល់ឃើញថា លោក Hao គឺជាបុរសម្នាក់ដែលមានភាពរឹងមាំ តស៊ូក្នុងឆាកជីវិត និងប្រកបដោយសុទិដ្ឋិនិយម បើទោះបីជាលោកជាមនុស្សពិការក្តី រហូតធ្វើឲ្យនាងបាក់ចិត្ត ធ្លាក់ក្នុងអន្លង់ស្នេហ៍តែម្តង។

ប្រភពបានបន្តទៀតថា ជាទូទៅទំនៀមទំលាប់ក្នុងប្រទេសចិន កូនកម្លោះត្រូវផ្តល់បណ្ណាការ ឬថ្លៃទឹកដោះ ដល់គ្រួសារខាងកូនក្រមុំ។ ប៉ុន្តែសម្រាប់គូស្នេហ៍មួយគូនេះវិញ មិនទាមទារឬចង់បានអ្វីពីគ្នាឡើយ ក៏ពួកគេទាំងពីរអាចរៀបការ រួមរស់សាងអនាគតគ្រួសារជាមួយគ្នាបានដែរ។

ជារៀងរាល់ថ្ងៃ នាង Changjun តែងតែម៉ាស្សាជើងឲ្យលោក Hao ដើម្បីជួយសម្រួលចរន្តឈាមដំណើរការល្អ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ អ្នកទាំងពីរក៏តែងតែថត Live វីដេអូឃ្លីបជាមួយគ្នា ដើម្បីបំផុសគំនិតដល់អ្នកឯទៀត តាមរយៈសកម្មភាពប្រចាំថ្ងៃ ដោយមិនប្រកាន់ថានរណាជាមនុស្សពិការ ឬបែបណានោះឡើយ សំខាន់គឺស្នេហាស្ម័គ្រស្មោះ ចិត្តនិងចិត្ត។

រូបភាព៖ លោក Hao Panpan និងនាង Fu Chengjun
រូបភាព៖ លោក Hao Panpan និងនាង Fu Chengjun

គួរឲ្យដឹងផងដែរថា លោក Hao បានធ្លាក់ខ្លួនក្លាយជាមនុស្សពិការជើងបែបនេះ ក៏ដោយសារតែ លោកបានជួបនឹងគ្រោះថ្នាក់ដ៏អាក្រក់មួយ នៅការដ្ឋានសំណង់ អំឡុងពេលធ្វើការ តាំងតែពីខែឧសភា ឆ្នាំ២០១៤កន្លងទៅមកម៉្លេះ បើគិតមកដល់ពេលនេះ រយៈពេលជិត៤ឆ្នាំហើយ។

អ្វីនឹកស្មានមិនដល់នោះ នៅកំឡុងខែកញ្ញា ឆ្នាំដដែល (២០១៤) អតីតមិត្តស្រីរបស់លោក ថែមទាំងបានបោះបង់ចោលលោក ហើយលោក Hao ក៏មិនដែលបានទទួលដំណឹងពីនាង បាត់ស្ងាត់សូន្យឈឹងចាប់តាំងពីនោះ រហូតមកទល់បច្ចុប្បន្ននេះ។

លោក Hao ត្រូវបានគេរាយការណ៍ថា ខូចសាច់ដុំជើង និងសម្រាកនៅលើគ្រែ អស់រយៈពេលយ៉ាងយូរ ខានអស់ទាំងការងារ គ្មានចំណូល និងថែមទាំងបាត់បង់ជើងជាទីស្រលាញ់ទៀត។

តែទីបំផុតលោក Hao រកឃើញគំនិតមួយ ដោយចាប់ផ្តើមថត Live វីដេអូលើបណ្តាញសង្គម ដើម្បីរកប្រាក់តែម្តង។ លោកបាន Live ពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន តាមតែអ្វីដែលលោកអាចធ្វើបាន រួមមានទាំងការច្រៀងលេងថែមទៀតផង ដោយទទួលបានអ្នកចុចចូលមើល និងចំនួនអ្នកចុចតាមដាន (Follower) យ៉ាងច្រើន។

យ៉ាងណាមិញ ងាកមកជីវិតបច្ចុប្បន្នជាបន្ត ក្រោយរៀបការរួច លោក Hao និងភរិយារបស់លោក Changjun នៅតែបន្តការថត Live វីដេអូជាធម្មតា ជាពិសេស អ្នកទាំងពីរថែមទាំងបានបើក រកស៊ីខ្លួនឯងបន្ថែមទៀត តាមរយៈការលក់ផលិតផល ឬទំនិញមួយចំនួន រួមមាន ខោទ្រនាប់ និងកន្សែងជាដើម នៅលើបណ្តាញសង្គម WeChat ថែមទៀតផង ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

រូបភាព៖ លោក Hao Panpan និងនាង Fu Chengjun
រូបភាព៖ លោក Hao Panpan
រូបភាព៖ លោក Hao Panpan
រូបភាព៖ លោក Hao Panpan
រូបភាព៖ លោក Hao Panpan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]