ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ ប្រសិនបើលោកអ្នក ធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅ មានចម្ងាយ៦២គ.ម ដោយប្រើប្រាស់រយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយ មានចម្ងាយ៥គ.ម ពីផ្លូវជាតិ។ ប៉ុន្តែបើធ្វើដំណើរពីទីរួមខេត្ត មានចម្ងាយ២៧គ.ម។ សូមជម្រាបថា ភ្នំជីសូរ មានកម្ពស់ ១៣០ម ឯណោះ។

គេអាចមើលឃើញ ភ្នំជីសូរ តាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយ ថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់គេលើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើកំពូលភ្នំនេះ គេអាចគយគន់មើលឃើញទេសភាពវាលស្រែ នៅក្នុងខេត្តតាកែវ ដ៏ល្អប្រណិតគ្រប់ទិសទី។

ប្រាសាទភ្នំជីសូរ បានស្ថាបនាលើខ្នងភ្នំមួយ មានកម្ពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ សាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ ទៀតផង។

លោក លោក នួង ហេង ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងថា គេនិយមឡើងលើភ្នំជីសូរ តាមជណ្តើរថ្មខាងលិច ដែលមានចំនួន៣៩០កាំ ហើយចុះតាមជណ្តើរខាងត្បូង ដែលមាន៤០៨កាំ។ នៅចំមុខប្រាសាទ មានក្លោងទ្វារ និងមានជណ្តើរមួយទៀត សាងសង់តាំងពីសម័យកសាងប្រាសាទ ដែលភ្ជាប់ទៅប្រាសាទសែន និងប្រាសាទភូវាំង និងទន្លេអ៊ុំ ដែលជាបឹងកាលពីអតីតកាល ដែលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋ សម្រាប់ធ្វើពិធីងូតទឹកលាងបាប តាមលទ្ធិព្រាហ្មញ្ញសាសនា។ ក្រៅពីនេះនៅមានប្រាសាទជាច្រើនទៀត ដ៏ទូលាយ បែរមុខទៅទិសខាងកើត និងពាយ័ព្យ មានបណ្តោយប្រវែង១០០ម និងទទឹង៨០ម។ មួយផ្នែកធំនៃប្រាសាទភ្នំជីសូរ ត្រូវបានខូចខាត។ នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនាសង់ថ្មីមួយ និងនៅខាងក្រោយ មានសាលាធម្មសភាមួយខ្នង ដែលមានកុដិព្រះសង្ឃ និងមានទីសក្ការៈតូចមួយទៀត ហើយមានអាងទឹកចំណាស់មួយ ធ្វើអំពីបេតុងជាថ្នាក់ៗ។

លោកប្រធានមន្ទីរ បានមានប្រសាសន៍បន្ថែមថា ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ មណ្ឌលនេះ បាននិងកំពុងឆ្លុះបញ្ជាំងនូវប្រាសាទបុរាណ ដែលមានកេរ្តិ៍ដំណែលវប្បធម៌ អរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀត ក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនោះគេឃើញមានរូងវិមានច័ន្ទ ស្ថិតនៅប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ។

រូងធម្មជាតិនេះ មានតាំងពីយូរយាណាស់មកហើយ។ វាជាទីស្ងាត់ សម្រាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិ ឬសម្រាប់អ្នកធ្វើធូតុង្គ ដើរចង្រ្គមភាវនាធម៌។ កាលពីសម័យសង្រ្គាម ក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង បណ្តាលឱ្យរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗ មិនអាចចេញចូលបានទៀតឡើយ។

គួរបញ្ជាក់ថា ក្រៅពីប្រាសាទ គេឃើញមានវត្តភ្នំជីសូរ បានកសាងក្នុងឆ្នាំ១៩១៧ ដែលមានចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមក មានចំនួន៥អង្គ។ វត្តនេះ ត្រួវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរក្នុងសង្គ្រាមឆ្នាំ១៩៧០ ហើយចាប់ផ្តើមកសាងជាថ្មី ក្នុងឆ្នាំ១៩៧៩តរៀងមក។ លើសពីនេះ តំបន់កសិទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបាទី និងស្រុកព្រៃកប្បាស ដែលមានវាលស្រៃធំល្វឹងល្វើយ និងប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង ក្នុងទំហំ៥១៣ហិចតា និង ស្រសេវស្សា ១៣៨៦ហិចតា ដែលមានអាងទឹកបីកន្លែងជាប់ៗគ្នា គឺធ្នស់តាគង់ ទួលលក និងសែនពារាម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]