ភ្នំពេញ៖  គួរឲ្យកត់សម្គាល់ថា យុវជនបច្ចុប្បន្នកំពុងដើរតាមបច្ចេកវិទ្យាយ៉ាងខ្លាំង ហើយជាពិសេសនោះការសិក្សារបស់ពួកគេក៏កាន់តែទំនើបទៅទៀត។ ហេតុនេះទើបយើងឃើញថាមានយុវជនមួយចំនួនពុំសូវទម្លាប់ខ្លួនឯងក្នុងការអានសៀវភៅ និងខ្លះទៀតថែមទាំងបោះបង់ការអានសៀវភៅ  ឬពុំចូលចិត្តអានតែម្តង។

ទន្ទឹមនឹងនេះផងដែរ ក៏មានយុវជនមួយចំនួនចង់ដឹងថា តើធ្វើបែបណាទើបអាចធ្វើឲ្យខ្លួនឯងបង្កើតទម្លាប់អានសៀវភៅបាន មិនថាជាការអាននៅក្នុងបណ្ណាល័យ នៅហាងកាហ្វេ ឬនៅផ្ទះនោះទេ។

ដូច្នេះងាកមកចាប់អារម្មណ៍មតិយោបល់មួយចំនួន ដែលជាការចែករំលែកគំនិត និងតិចនិចរបស់និស្សិតឆ្នើមទាំងបីរូបដូចខាងក្រោម៖

និស្សិតថន ចន្ថា

និស្សិតថន ចន្ថា អាយុ ២២ឆ្នាំ ជានិស្សិតឆ្នើមម្នាក់ផ្នែកអក្សសាស្រ្តអង់គ្លេសនៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារ Khmerload របស់យើង។  និស្សិតរូបនេះបានបកស្រាយថា ដំបូងឡើយរូបគេគ្រាន់តែចង់ចូលបណ្ណាល័យដើម្បីសាកល្បងស្វែងរកព័ត៌មានមួយចំនួនប៉ុណ្ណោះ  ប៉ុន្តែបន្ទាប់ពីបានចូលហើយក៏ឃើញមានសៀវភៅដែលបង្កប់នូវអត្ថន័យល្អៗជាច្រើន ដូច្នេះហើយទើបធ្វើឲ្យរូបគេអាចបង្កើតទម្លាប់អានសៀវភៅរហូតមកទល់ពេលនេះ។ 

នៅក្នុងការសម្ភាសន៍នេះផងដែរ និស្សិតថន ចន្ថាក៏បានចែករំលែកនូវគន្លឹះដែលជម្រុញឲ្យគាត់អាចបង្កើតទម្លាប់អានសៀវភៅ ជាពិសេសការអានសៀវភៅនៅបណ្ណាល័យតែម្តង៖

• រូបគាត់គិតថាបណ្ណាល័យគឺជាឃ្លាំងផ្ទុកសៀវភៅជាច្រើនប្រភេទ

• សៀវភៅនីមួយៗអាចជួយបង្ហាញគំនិតឲ្យកាន់តែទូលំទូលាយ និងធ្វើឲ្យរូបគាត់កាន់តែចង់ទៅអានរហូតក្លាយជាទម្លាប់

• ហើយគាត់តែងតែអានបែបជាការបន្តភាគ ដើម្បីឲ្យថ្ងៃបន្ទាប់រូបគាត់នឹងមកបន្តអានចំណុចដែលត្រូវបន្ត

• សៀវភៅខ្លះអាចឲ្យគាត់ចៀសផុតពីការបាក់ទឹកចិត្តទៀតផង 

និស្សិតបុ៉ុណ្ណតារា សុខរាជ

ងាកមកស្តាប់ និស្សិត ប៉ុណ្ណតារា សុខរាជ អាយុ២៣ឆ្នាំ វិញ ជានិស្សិតឆ្នើមមួយរូប ដែលសព្វថ្ងៃកំពុងបន្តការសិក្សាថ្នាក់ឆ្នាំទី៤ បរិញ្ញាបត្រសុខភាពសាធារណៈ នៅឯសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។  ដោយយោងតាមរយៈការសម្ភាសន៍របស់ក្រុមការងារ Khmerload  រូបគេបានបកស្រាយថា  ចូលចិត្តការអានជាសៀវភៅខ្លាំងណាស់ ជាពិសេសការអានសៀវភៅក្នុងហាងកាហ្វេ និងនៅផ្ទះពីព្រោះវាមានលក្ខណៈស្ងប់ស្ងាត់សមល្មម មិនស្ងាត់ពេក និងថែមទាំងមានបរិយាកាសជុំវិញល្អ។ ប៉ុន្តែរូបគេពុំចូលចិត្តអាននៅក្នុងបណ្ណាល័យនោះទេ ពីព្រោះនៅពេលដែលចូលបណ្ណាល័យគឺមានអារម្មណ៍ថាដូចជាការដាក់សម្ពាធនៅក្នុងការរៀន  ស្ងប់ស្ងាត់ខ្លាំងពេក  ហើយបរិយាកាសជុំវិញហាក់ដូចជាបង្កើតឲ្យមានអារម្មណ៍តានតឹងបន្ថែមទៅវិញ។

និស្សិតប៉ុណ្ណតារា សុខរាជក៏បានចែករំលែកនូវគន្លឹះចំនួនបីដែលជម្រុញ ក៏ដូចជាធ្វើឲ្យគាត់អាចបង្កើតទម្លាប់នៅក្នុងការអានសៀវភៅបាននោះគឺ៖

១/ ដោយសារឱពុកម្តាយរបស់គាត់បានទម្លាប់ឲ្យអានសៀវភៅតាំងពីតូចមក

២/ ទម្លាប់ដាក់សៀវភៅឲ្យនៅជិតខ្លួន បើទោះបីជាអាន ឬមិនអានក៏ដោយឲ្យតែពេលឃើញសៀវភៅនៅជិតខ្លួន និងទាញយកមកអានតែម្តង

៣/ ការរៀបចំពេលវេលា និងទម្លាប់កំណត់ថាតើក្នុងមួយថ្ងៃត្រូវអានឲ្យចប់ចំនួនប៉ុន្មានសន្លឹក? ឧទាហរណ៍ថាក្នុងមួយថ្ងៃត្រូវអានម្ភៃសន្លឹក បើទោះបីជាមិនអាចអានបានគ្រប់ក៏បានអានខ្លះដែរ។ 

និស្សិត បុល ហ៊ុយ

ចំណែកនិស្សិត បុល ហ៊ុយ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នើមមួយរូប បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី៤ នៅឯសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។  តាមរយៈការសម្ភាសន៍ និសិ្សតបុល ហ៊ុយក៏បានចែករំលែកនូវគន្លឹះមួយចំនួនដែលជម្រុញឲ្យរូបគេចូលចិត្តអានសៀវភៅ ហើយជាពិសេសការអានសៀវភៅនៅបណ្ណល័យនោះមកពី៖

១/ ការតាំងចិត្តចំពោះខ្លួនឯងផ្ទាល់គឺវាពិតជាសំខាន់ នៅក្នុងការជម្រុញឲ្យមានការអានសៀវភៅ

២/ ការចង់ចេះ ចង់ដឹងនូវអ្វីដែលថ្មី

៣/ ជាពិសេសនៅពេលដែលកំពុងតែបន្តការសិក្សាបែបនេះគឺត្រូវការស្រាវជ្រាវបន្ថែម ហេតុនេះហើយទើបធ្វើឲ្យចូលចិត្តអានសៀវភៅ

៤/ មួយវិញទៀតគឺទាក់ទងទៅនឹងចំណង់ចំណូលចិត្តផ្ទាល់ នៅក្នុងការអានសៀវភៅតែម្តង

៥/ ការជម្រុញពីឳពុកម្តាយឲ្យកូនចេះស្រលាញ់សៀវភៅ ការសេបគប់មិត្តភក្តិដែលចូលចិត្តអានសៀវភៅដូចគ្នា

៦/ ការជម្រុញពីលោកគ្រូ អ្នកគ្រូផងដែរ

និស្សិតរូបនេះក៏បានបន្តទៀតថា មានមូលហេតុុដែលយុវជនមួយចំនួនពុំចូលចិត្តអានសៀវភៅ មិនថាអាននៅក្នុងបណ្ណាល័យ ឬកន្លែងផ្សេងៗទៀតគឺដោយសារទម្លាប់តាំងពីតូចមកពុំចូលចិត្តការអានសៀវភៅ ភាពខ្ចិលខ្លួនឯងផ្ទាល់  ការមិនចង់ទទួលបានអ្វីដែលថ្មី និងភាពភ្លើតភ្លើនតាមសម័យបច្ចុប្បន្ន ដែលធ្វើឲ្យពួកគេបោះបង់ការអានសៀវភៅ ក៏ដូចជាការសិក្សាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]