ឧប្បត្តិហេតុគឺជារឿងមួយ ដែលកើតឡើងដោយគ្មានការព្រាងទុកជាមុន ហើយជារៀងរាល់ឆ្នាំ ឧប្បត្តិហេតុគឺជាមូលហេតុមួយ ដែលបណ្តាលឲ្យមនុស្សរាប់រយនាក់រងរបួស និងបាត់បង់ជីវិត។

ការឆក់ខ្សែភ្លើងគឺជាឧប្បត្តិហេតុមួយដ៏គ្រោះថ្នាក់បំផុត ដែលតែងតែកើតមានឡើងជាញឹកញាប់។ ការឆក់ខ្សែភ្លើងនេះ កើតឡើងនៅពេលមនុស្សបានប៉ះប្រភពថាមពលអគ្គិសនី ហើយវាក៏អាចបណ្តាលឲ្យជនរងគ្រោះមានរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់ថ្នាក់បាត់បង់ជីវិតផងដែរ។

ចរន្តអគ្គិសនីដែលមានកម្លាំងលើសពី ១០មីលីអំពែ អាចធ្វើឲ្យអ្នកមានការឈឺចាប់ ចំណែកឯចរន្តអគ្គិសនីដែលមានកម្លាំងចន្លោះពី ១០០ ទៅ ២០០មីលីអំពែ អាចបណ្តាលឲ្យរលាក សន្លប់បាត់បង់ស្មារតី និងអាចបាត់បង់ជីវិតផងដែរ បើសិនជាជនរងគ្រោះមិនបានទទួលការជួយសង្គ្រោះជាបន្ទាន់។

ខាងក្រោមនេះគឺជាវិធីសាស្ត្រ ដែលអ្នកគួរតែធ្វើតាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះឆក់ខ្សែភ្លើង៖ 

១. ផ្តាច់ចរន្តអគ្គិសនី

រឿងមួយដែលចាំបាច់បំផុតដំបូងនោះគឺ កាត់ផ្តាច់ចរន្តអគ្គិសនីដែលបណ្តាលឲ្យមានការឆក់នេះ ដើម្បីបញ្ឈប់ការឆក់ ក៏ដូចជាបង្ការអ្នកចូលជួយសង្គ្រោះ ពីការឆក់ខ្សែភ្លើងដែរ។ អ្នកតែត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីឲ្យខ្លួនអ្នកផ្ទាល់មានសុវត្ថិភាព ពោលគឺត្រូវតែប្រាកដចិត្តថា ខ្លួន ឬដៃរបស់អ្នកមិនសើម  ក្នុងពេលធ្វើការកាត់ផ្តាច់ចរន្តអគ្គិសនី។ 

ផ្តាច់ចរន្តអគ្គិសនី

២. យកជនរងគ្រោះចេញឲ្យឆ្ងាយពីប្រភពអគ្គិសនី

អ្នកត្រូវតែយកជនរងគ្រោះចេញឲ្យឆ្ងាយពីប្រភពភ្លើង ដើម្បីបង្ការការឆក់បន្ថែមទៀតទៅលើជនរងគ្រោះ ដែលបាត់បង់ម្ចាស់ការបាត់ទៅហើយនោះ។  

៣. ទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់

មុននឹងអ្នកធ្វើការសង្គ្រោះបថម អ្នកគួរតែហៅទៅកាន់លេខសង្គ្រោះបន្ទាន់ ជាមុនសិន ដើម្បីដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ឲ្យបានកាន់តែឆាប់។ អ្នកត្រូវតែតាំងអារម្មណ៍ឲ្យបានស្ងប់ ដើម្បីធ្វើការពិពណ៌នាអំពីហេតុការណ៍ និងប្រាប់ពីទីតាំង នៃកន្លែងកើតហេតុឲ្យបានត្រឹមត្រូវ ទៅដល់ក្រុមសង្គ្រោះបន្ទាន់។ 

ទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់

៤. ធ្វើការសង្គ្រោះបថម

ខណៈពេល ដែលអ្នកកំពុងរង់ចាំឡានសង្គ្រោះបន្ទាន់មកដល់ អ្នកគួរតែធ្វើការសង្គ្រោះបថមជាបន្ទាន់ទៅលើជនរងគ្រោះ។ ការសង្គ្រោះបថមទាំងនោះរួមមាន ការធ្វើចលនាចង្វាក់បេះដូង ដោយសង្កត់លើទ្រូងប្រហែលជា ១០០ដងក្នុងមួយនាទី ព្រមទាំងការជួយធ្វើចលនាដង្ហើមដល់ជនរងគ្រោះ ដោយខ្ទប់ច្រមុះរបស់ពួកគេ និងផ្លុំចូលមាត់របស់ពួកគេផងដែរ៕ 

ការធ្វើចលនាចង្វាក់បេះដូង
ការធ្វើចលនាដង្ហើម

ប្រភព៖ WebMDPhysicsCBMelectrical

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]