កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ នៅចំណុចស្ពានថ្មលួង ស្ថិតនៅភូមិញ សង្កាត់កណ្តុលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសាររថយន្តធ្ងន់ពីរគ្រឿង បុកគ្នា ជ្រុលចង្កូតទៅម៉ូតូមួយគ្រឿងទៀត ធ្វើឲ្យពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់។

តាមការបំភ្លឺពីមន្រ្តីជំនាញ ការិយាល័យចរាចរណ៍ខេត្ត បានឲ្យដឹងថា មានរថយន្តពីរគ្រឿង ធុនរថយន្តបែនមានកង់ ៦ ម៉ាកអ៊ីហ្សូហ្ស៊ុយ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខ.ម ០២៣.២៩០៥ និងរថយន្តមួយគ្រឿងទៀត របស់ក្រុមហ៊ុន លីឆួង ពណ៌ក្រហមធុនយីដុប បានបើកបញ្ច្រាសទិសគ្នា ហើយមកដល់ចំណុចកើតហេតុ ខាងលើនេះ ស្រាប់តែរថយន្តទាំងពីរ គ្រឿបានបុកគ្នាពេញមួយទំហឹងតែម្តង។

តាមប្រភពពីមន្រ្តីដដែល បានឲ្យដឹងទៀតថា រថយន្តបែនមានកង់ ៦ ម៉ាកអ៊ីសុយហ្ស៊ុយនេះ ជាអ្នកបង្កហេតុ ហើយក៏បានជ្រុលចង្កូតទៅបុក ម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យប្តីប្រពន្ធ២នាក់ របួសជាទំងន់ ម៉ូតូជនរងគ្រោះ ម៉ាក សេ១២៥ ពណ៌ខ្មៅ ។

ជនរងគ្រោះទាំងពីរនាក់នោះ ប្តីមានឈ្មោះ ជា ធឿន អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ហៀម វ៉ាត់ អាយុ៣៤ឆ្នាំ រស់នៅស្រុកសំរោងទង ខេតកំពង់ស្ពឺ បន្ទាប់ពីការកើតហេតុ ក្រោយមកអ្នកទាំងពីរ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែករថយន្តបង្កហេតុទាំងពីរ រួមទាំងម៉ូតូត្រូវអូសយកទៅរកស្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលខេត្ត ហើយអ្នកបើកបរទាំងពីរ រត់គេចខ្លួនបាត់ស្រមោលតែម្តង ៕

ដោយ ជ័យ សំរ៉ុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]