អង់គេ្លស៖ ក្លិប Manchester United បានយល់ព្រមផ្តល់ប្រាក់ឈ្នួល ដល់កីឡាករ Paul Pogba ប្រមាណជា ២៣ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ នៅពេលដែលរូបគេវិលត្រលប់មកកាន់ ក្រុមបិសាចក្រហម ក្នុងរដូវកាលដំបូង។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ថ្លៃឈ្នួលរបស់ខ្សែបម្រើរូបនេះ បានកើនឡើងរហូតដល់ទៅជាង ២៧ម៉ឺនដុល្លារអាមេរិកឯណោះ ក្នុងមួយសប្តាហ៍ បន្ទាប់ពីរូបគេបានជួយឲ្យ Man United មានសិទ្ធិចូលលេងក្នុងក្របខ័ណ្ឌ Champions League ។

យ៉ាងណាមិញ ក្នុងនោះក៏មានប្រភពព័ត៌មាន ជាច្រើនផ្សេងទៀតបានបង្ហើបដែរថា នៅពេលដែលកីឡាករ Alexis Sanchez ចុះកុងត្រាជាមួយ Man United ជាផ្លូវការ នោះគេនឹងអាចទទួលបាន ប្រាក់ឈ្នួលយ៉ាងច្រើន រហូតដល់ទៅជាង ៦២ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍។

លោក Mino Raiola ដែលជាភ្នាក់ងាររបស់ Paul Pogba នឹងផ្តល់យោបល់ដល់ខ្សែបម្រើរូបនេះ ទាក់ទងនឹងប្រាក់ឈ្នួលរបស់គេ ដោយសារតែ ប្រាក់ឈ្នួលរបស់ Pogba ក្នុងពេលនេះ នៅមិនទាន់សមស្រប ទៅនឹងភាពជោគជ័យកន្លងមក ដែលរូបគេបានជួយក្លិបនៅឡើយនោះទេ។

គេជឿជាក់ថា កីឡាករសញ្ជាតិបារាំងរូបនេះ នឹងអាចស្នើសុំឡើងប្រាក់ឈ្នួល ឲ្យបានស្មើនឹងកីឡាករ Sanchez ដែលត្រៀមខ្លួននឹងចុះកុងត្រា ជាមួយក្រុមបិសាចក្រហម ឆាប់ៗខាងមុខនេះផងដែរ ៕ 

កីឡាករ Paul Pogba ពេលជួយឲ្យ Man United ឈ្នះពាន Europa League
កីឡាករ Paul Pogba និងភ្នាក់ងាររបស់ខ្លួន
កីឡាករ Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]