(ភ្នំពេញ)៖ ក្រោយពេលលេចឮដំណឹងថា គូស្នេហ៍ខុសវ័យមួយគូ នៅក្នុងរង្វង់សិល្បៈ គឺកញ្ញា សាន សុម៉ាលី និងប្រុសខួច កំពុងតែមានភាពរង្គោះរង្គើរ លើទំនាក់ទំនងស្នេហ៍ ដោយបានឈានដល់ ដំណាក់កាលមិនចុះសម្រុងនឹងគ្នា ចែកចានចែកឆ្នាំងនោះ ត្រូវបានម្ចាស់សាមីខ្លួន ជាតារាចម្រៀងស្រីសាច់ខ្ចី សាន សុម៉ាលី បានបង្ហាញឲ្យដឹងថា នាងនឹងបើកបេះដូង ទទួលយកអ្នកថ្មីគ្រប់វ័យ បន្ទាប់ពីចំណងស្នេហ៍របស់នាង ជាមួយប្រុសខួច មានភាពស្រពិចស្រពិល និងហាក់គ្មានសង្ឃឹម ដើម្បីចាប់ដៃគ្នា ទៅសាងសុភមង្គល នាថ្ងៃអនាគត។

ថ្លែងប្រាប់ តាមការសាកសួរ ពីសំណាក់ពិធីករ និងពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា សាន សុម៉ាលី បានថ្លែងទាំងអារម្មណ៍ស្ទាក់ស្ទើរ និង មិនច្បាស់លាស់នៅក្នុងចិត្តថា ទំនាក់ទំនងស្នេហ៍របស់នាង និងប្រុសខួច ដែលបានបែកធ្លាយខ្ចរខ្ចាយ ពេញសង្គមសិល្បៈ ដូចបែកខ្អមទឹកនេះ គឺក្ដីស្នេហ៍មិនប្រាកដប្រជាថា នឹងទទួលចាប់ដៃគ្នាសាងអនាគត ដូចគូស្នេហ៍អ្នកសិល្បៈដទៃនោះទេ ខណៈដែលប្រុសខួច ស្រឡាញ់នាងហាក់មិនអស់ពីចិត្តពីថ្លើមឡើយ។

សាន សុម៉ាលី បានថ្លែងបញ្ជាក់ថា «ប្រសិនបើមានបុរសណា ដែលមានលក្ខណៈសម្បត្តិសមរម្យ ខ្ញុំនឹងគិតពិចារណាមើល មិនថាបុរសនោះជាអានិកជនក្រៅស្រុក ឬក្នុងស្រុក ខ្ញុំនឹងបើកបេះដូង ទទួលស្វាមគមន៍មនុស្សគ្រប់វ័យ។ ដោយសារខ្ញុំធ្លាប់ខូចចិត្តរឿងស្នេហាជាច្រើនមកហើយ ទើបខ្ញុំត្រូវជ្រើសរើសគូអនាគត ឲ្យបានត្រឹមត្រូវ ដោយគាត់ត្រូវផ្ដល់ភាពកក់ក្ដៅ យកចិត្តទុកដាក់ និងស្វែងយល់អារម្មណ៍របស់ខ្ញុំ ឲ្យបានច្រើន»។

យ៉ាងណាមិញ សាន សុម៉ាលី បានច្រានចោលនូវដំណឹងមានស្នេហាជាមួយ ប្រុសខួច ដោយចាត់ទុកថា ភាពស្និទ្ធស្នាលកន្លងមក គ្រាន់តែជាការរាប់អានធម្មតាៗ ក្នុងនាម ជាអ្នកស្គាល់គ្នាក្នុងការងារសិល្បៈប៉ុណ្ណោះ។ នាងនិយាយថា «ទំនាក់ទំនងរវាងខ្ញុំ និងប្រុសខួច គឺអត់មានអីច្រើនទេបង! គ្រាន់តែជាមិត្តរួមការងារ សិល្បៈដូចគ្នា ពោលគឺមិនមែនជាទំនាក់ទំនងស្នេហា សង្សារអូន-បង ដូចអ្វីដែលគេបានលើកឡើងនោះឡើយ។ ពេលខ្លះ អ្នកទាំងអស់គ្នា ឃើញខ្ញុំដើរលេងស្និទ្ធស្នាល ជាមួយនឹងគាត់ គិតថាខ្ញុំនិង គាត់កំពុងស្រឡាញ់គ្នា ដូចគូសង្សារ ប៉ុន្តែខ្ញុំហ៊ាននិយាយចេញពីមាត់ខ្ញុំថា គឺអត់មានទំនាក់ទំនងអ្វី ជាមួយគាត់តែម្ដង»។

តារាសម្ដែងរូបឆោមលោមពណ៌ស្រស់ស្អាត សាន សុម៉ាលី បានបន្ថែមថា «ខ្ញុំគិតថា ប្រសិនបើគាត់ស្រឡាញ់ ខ្ញុំនឹងបើកបេះដូងទទួលយកគាត់ (ប្រុសខួច) ព្រោះស្នេហាសម័យនេះ គេមិនប្រកាន់វ័យក្មេងចាស់ សំខាន់ឲ្យតែដៃគូមានចិត្តស្មោះ ចំពោះគ្នា គឺបានហើយ»។

ជាការកត់សម្គាល់ គេសង្កេតឃើញថា តារាស្រីរាងស្រឡូន សាន សុម៉ាលី ក្រោយពេលមានដំណឹងថា បែកបាក់ស្នេហាជាមួយប្រុសខួចរួចមក នាងហាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន តាមរយៈទំនាក់ទំនងស្នេហាខុសវ័យមួយនេះ។ យ៉ាងណាមិញ ក្រោយពេល សាន សុម៉ាលី បានបកស្រាយយ៉ាងច្បាស់ថា ទំនាក់ទំនងស្នេហ៍របស់នាង និងប្រុសខួច គ្រាន់តែជាមិត្តរួមការងារនោះ ហាក់ធ្វើឲ្យកន្លង់ៗជាច្រើន មានក្ដីសង្ឃឹម និងឱកាសច្រើន ក្នុងការចូលទៅនែបនិត្យ រួមរិតជិតកាយ ស្ទាបបបោលអង្អែលសាច់ដ៏សខ្ចី របស់នាង។

គួរបញ្ជាក់ថា កាលពីកន្លងទៅ សាន សុម៉ាលី បានផ្អាកពីវិស័យសម្ដែងអស់រយៈពេលខ្លី ដោយមានកាតព្វកិច្ច ត្រូវបំពេញការងារនៅឯប្រទេសអូស្រា្ដលី ហើយបច្ចុប្បន្ននេះ នាងកំពុងមមាញឹកថតខ្សែភាពយន្ត ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៥។ ក្រៅពីសម្ដែង នាងក៏បើកជំនួញរកស៊ី លក់សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់របស់នារីៗ នៅតាមអនឡាញ ផងដែរ។

ចង់ដឹងថា កញ្ញា សាន សុម៉ាលី និយាយពីអ្វីខ្លះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន សុម៉ាលី