រថយន្ត Rolls-Royce ក្នុងឆ្នាំ ២០១៧ ឆ្នាំនៃរថយន្តផលិតច្នៃពិសេសបែប Bespoke ផ្នែករថយន្តកែច្នៃពិសេសបែប Bespoke របស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ប្រមូលផ្ដុំទៅដោយអ្នករចនាម៉ូត វិស្វករ និងវិចិត្រករ ដែលអាចជួយសម្រេចឲ្យបានតាមចក្ខុវិស័យដ៏មហិច្ឆិតា និងជា លក្ខណៈបុគ្គលរបស់អតិថិជនដ៏មានឥទ្ធិពល និងយល់ដឹងខ្ពស់ របស់ម៉ាកយីហោរថយន្ត Rolls-Royce នេះ។

ថ្ងៃនេះ សឹងតែគ្រប់រថយន្តទាំងអស់ដែលផលិតចេញពីរោងចក្រ Home of Rolls-Royce នៅទីក្រុង Goodwood ចក្រពភពអង់គ្លេស គឺជារថយន្តផលិតច្នៃពិសេសបែប Bespoke។ ឆ្នាំ ២០១៧ គឺជាឆ្នាំដែលរថយន្ត Rolls-Royce បានអភិវឌ្ឍការកែច្នៃបែប Bespoke ឲ្យរីកចម្រើនមួយកម្រិតទៀត ដែលជាលទ្ធផល ធ្វើឲ្យឆ្នាំ ២០១៧ ជាឆ្នាំដែលទទួលបានសមិទ្ធផលច្រើនបំផុតផងដែរ សម្រាប់ផ្នែក Bespoke ក្នុងប្រវត្តិសាស្ត្រ ១១៤ ឆ្នាំរបស់ម៉ាកយីហោរថយន្ត Rolls-Royce។

ខាងក្រោមនេះ គឺជាការបង្ហាញសង្ខេបអំពីរថយន្តដែលមានការរចនាម៉ូត និងវិចិត្រកម្មបែប Bespoke ប្រណីតបំផុត ដែលផលិតរួចរាល់ក្នុងរយៈកាលជាង ១២ ខែមកនេះ។

រថយន្ត Sweptail

រថយន្ត Rolls-Royce ‘Sweptail’ គឺជាការសម្រេចបានតាមសេចក្តីសុបិនរបស់អតិថិជនម្នាក់ដែលចង់បានរថយន្តដែលច្នៃប្រៀបដូចការធ្វើនាវា។ រថយន្ត ‘Sweptail’ នេះត្រូវបានបង្ហាញនៅក្នុងឆ្នាំ ២០១៧ តំណាងឲ្យភាពប្រណីតពិតៗ ដែលធ្វើឲ្យការកែច្នៃបែប Bespoke យកលំនាំតាមការសាងសង់នាវា មានការអភិវឌ្ឍន៍មួយកម្រិតទៀត។ រថយន្ត ‘Sweptail’ នេះ គឺជាសមិទ្ធផលកើតចេញពីការសហការរវាងអតិថិជន និងវិចិត្រករ ហើយរចនាបថនៃរថយន្តនេះជាសក្ខីកម្មបង្ហាញឲ្យឃើញថា ម៉ាកយីហោនេះ គឺជារថយន្តដែលផលិតដូចការ ផលិតនាវា ឈានមុខគេនៅក្នុងពិភពលោក ហើយក៏សបញ្ជាក់ឲ្យឃើញពីភាពកំពូលរបស់ខ្លួនខាងផលិតរថយន្តតាមការកែច្នៃបែប Bespoke ផងដែរ។ រថយន្តដែលប្រៀបបាននឹងការកាត់ដេរសម្លៀកបំពាក់ប្រណីតនេះ គឺអនុវត្តតាមវិធីសាស្ត្រនៃការផលិតរថយន្ត Rolls-Royce នាទសវត្ស ១៩២០ និង ១៩៣០។ ចក្ខុវិស័យរបស់អតិថិជនគឺចង់បានរថយន្តទ្វារពីរសាងសង់បែបនាវា ដែលមានបំពាក់ដំបូលកញ្ចក់។ លទ្ធផលដែលទទួលបានគឺស្នាដៃឯកដ៏ទាន់សម័យ។  

រថយន្ត Sweptail

រថយន្ត New Phantom និង ‘វិចិត្រសាល’- ជាវិចិត្រសាលលើរថយន្ត

រថយន្ត New Rolls-Royce Phantom ស៊េរីថ្មីត្រូវបានបង្ហាញខ្លួនជាសាធារណៈកាលពីឆ្នាំ ២០១៧ ដោយទទួលបានការកោតសរសើរទូទាំងសកលលោក។ ចំណុចស្នូលនៃសម្រស់រចនាបថរបស់រថយន្តនេះគឺ "វិចិត្រសាល" ដែលជាផ្ទាំងតាប្លូ និងផ្ទាំងបញ្ជា ដ៏ទំនើបទាន់សម័យ និងប្រណណីតបែបថ្មី។ 

រថយន្ត Dawn និង Wraith នៅឯ Porto Cervo

រថយន្តពិសេសប្លែកចំនួនពីរគ្រឿង ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ សម្រាប់ស្ទូឌីយោរដូវក្តៅរបស់ Rolls-Royce នៅ Porto Cervo នៃទីក្រុង Sardinia។ រថយន្ត Dawn ទ្វារពីរដែលផលិតបែប Bespoke និងរថយន្ត Wraith Black Badge ត្រូវបានកុម្ម៉ង់ជាពិសេសដើម្បីបង្ហាញពីសារសំខាន់នៃកោះដ៏ស្រស់បំព្រងមួយនេះ។ 

រថយន្ត Dawn និង Wraith នៅឯ Porto Cervo
រថយន្ត Dawn និង Wraith នៅឯ Porto Cervo

រថយន្ត “Spirit of Calligraphy” Ghost 

រថយន្ត “Spirit of Calligraphy” Ghost ដែលកុម្ម៉ង់តែមួយគ្រឿងយ៉ាងពិសេសនេះត្រូវបានបង្ហាញនៅក្នុងទីក្រុងឌូបៃ កាលពីឆ្នាំ ២០១៧ ដែលការរចនាត្រូវបានយកលំនាំតាមស្នាដៃសិល្បៈបុរាណ នៃអក្សរអារ៉ាប់។ ពាក្យពេចន៍នានាត្រូវបានចាក់ពុម្ពចេញជារាងផ្សេងៗ ដែលបង្កើតបានជាទឹកដៃប្លែកដែលអក្សរ និងរូបភាពបង្កើតចេញជារូបតែមួយ។ ពាក្យមួយឃ្លារបស់លោក Sir Henry Royce ដែលនិយាយថា៖ “យកអ្វីដែលល្អបំផុតនិងមានស្រាប់ ហើយធ្វើឲ្យកាន់តែល្អជាងមុន។ ប្រសិនបើមិនមានទេ ត្រូវរចនាវាឡើង ដែលពាក្យនេះជាភាសាអារ៉ាប់ ត្រូវបានសរសេរចេញជាទេវរូបហោះហើររបស់រថយន្ត Rolls-Royce។ រូបអក្សរពណ៌ទឹកប្រាក់នេះ ត្រូវបានបង្កើតដោយវិចិត្រករដ៏ល្បីល្បាញឈ្មោះថា Khaled Al Saai ដែល ត្រូវបានបញ្ចុះនៅចំកណ្ដាលផ្ទាំងតាប្លូ និងត្រូវបានប៉ាក់ដិននៅចំកណ្ដាលពូកខាងក្រោយ រួមផ្សំនឹងស្បែកពណ៌ស លាយខ្មៅ និងមានពណ៌ខៀវទឹកសមុទ្រថែមទៀត។  

រថយន្ត “Spirit of Calligraphy” Ghost

រថយន្ត ‘Elegance’ 

រថយន្ត Ghost ‘Elegance” នេះ ត្រូវបានកុម្ម៉ង់សម្រាប់អ្នកប្រមូលវត្ថុម្នាក់ ដែលរថយន្តនេះបានអភិវឌ្ឍផ្នែក Bespoke ឲ្យឈានខ្ពស់មួយកម្រិតទៀត ដោយក្លាយជារថយន្តដំបូងគេដែលប្រើប្រាស់ថ្នាំលាយជាមួយគ្រាប់ពេជ្រ។ ថ្នាំនេះត្រូវបានដាក់ឈ្មោះថា "ហ្វូងតារាពេជ្រ” ទឹកថ្នាំដ៏ពិសេសប្លែកនេះមានលាយគ្រាប់ពេជ្រចំនួន ១០០០ គ្រាប់ ដែលត្រូវបានកិនឲ្យក្លាយជាម្សៅយ៉ាងម៉ដ្ឋ ដែលធ្វើឲ្យផ្ទៃខាងក្រៅមានពន្លឺភ្លឺផ្លេកគ្មានគូប្រៀប។ ផ្ទៃសងខាងរថយន្តត្រូវបានរំលេចបន្ថែមដោយគំនូសឆ្នូតភ្លោះពណ៌ក្រហម និងខ្មៅ ដែលឆ្លុះនឹងផ្ទៃខាងក្នុងដែលបំពាក់ដោយស្បែកពណ៌ខ្មៅ និងថ្នេររំលេចពណ៌ក្រហម ដែលថ្នេរពណ៌នេះបន្តមាននៅលើផ្ទៃទ្វារ និងឆ្នូតពូក។ បន្ទះឈើ Tudor Oak យ៉ាងរលោងនៅលើផ្ទៃតាប្លូ ត្រូវបានធ្វើឲ្យកាន់តែលេចធ្លោថែមទៀតតាម រយៈ ថ្នេរទោលពណ៌ក្រហមនៅចំពីលើផ្ទាំងតាប្លូ និងបញ្ចប់ដោយនាឡិកាបែប Bespoke នៅលើនោះ។  

រថយន្ត ‘Dawn in Fuxia’

នៅក្នុងឆ្នាំ ២០១៧ អ្នកប្រមូលវត្ថុជនជាតិអាមេរិក លោក Michael Fux បានទទួលរថយន្តបែប Bespoke ទី ១០ របស់ខ្លួនពី Rolls-Royce។ បន្ទាប់ពីលោកបានទៅទស្សនកិច្ចនៅឆ្នេរ Pebble Beach នៅឆ្នាំ ២០១៦ ដែលទីនោះ លោកបានប្រមូលសំណុំត្របកផ្កា fuchsia លោកក៏បានឲ្យក្រុមការងារ Bespoke នៅ Goodwood ច្នៃរថយន្ត Dawn មួយគ្រឿងជាមួយនឹងពណ៌ថ្មីដែលទាក់ភ្នែក។ ជាលទ្ធផល រថយន្តនេះត្រូវបានបង្ហាញនៅឯកម្មវិធីប្រមូលផ្ដុំរថយន្ត Quail ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយរថយន្ត “Dawn in Fuxia” គឺជារថយន្តដែលមានពណ៌ពិសេសមួយទៀត ក្នុងចំណោមសំណុំពណ៌ពិសេសៗរបស់រថយន្ត Rolls-Royce ហើយពណ៌នេះ ទុកប្រើប្រាស់ផ្ដាច់មុខសម្រាប់តែលោក Fux ប៉ុណ្ណោះ។ ការកុម្ម៉ង់លើកនេះ គឺជារថយន្ត Dawn ទីពីររបស់លោក ហើយ បន្ទាប់ពីទទួលបានរថយន្ត Dawn ដំបូងដែលមានតែមួយគ្រឿង ឈ្មោះថា “Fux Blue” កាលពីឆ្នាំ ២០១៦។ ដើម្បីធ្វើឲ្យនឹកឃើញដល់រថយន្តទីមួយ ផ្ទៃក្នុងរបស់ “Dawn in Fuxia” ត្រូវបានបំពាក់ដោយស្បែកពណ៌សយ៉ាងស្រស់ស្អាត។  

រថយន្ត ‘Dawn in Fuxia’

រថយន្ត ‘Dawn B50’

សម្រាប់សណ្ឋាគារ Hotel Byblos ដើម្បីជាការរំឭកខួប ៥០ ឆ្នាំនៃសណ្ឋាគារ Hotel Byblos នៅ Saint-Tropez កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានបង្ហាញម៉ូដែល “Dawn B50” ជារថយន្តមានការច្នៃបែប Bespoke យ៉ាងពិសេស និងមានតែមួយគ្រឿង ដោយយកលំនាំតាមអាកាសធាតុកក់ក្ដៅ និងភាពរស់រវើករបស់ឆ្នេរ Côte d'Azur ។ រថយន្ត Dawn B50 នេះត្រូវបានកុម្ម៉ង់ដោយសណ្ឋាគារ Hotel Byblos ក្នុងនាមជារថយន្ត “ពេជ្ររបស់ Saint-Tropez” ហើយផ្ទៃខាងក្រៅមានពីរពណ៌លាយគ្នា។ ការច្របាច់ពណ៌បញ្ចូលគ្នាយ៉ាងភ្លឺស្រស់ស្អាតនេះត្រូវបានបង្កើតឡើងផ្ដាច់មុខដើម្បីអបអរដល់ខួបរបស់សណ្ឋាគារនេះ ជាមួយនឹងបន្ទះឈ្មោះជាប់ទ្វារបែប Bespoke និងឆ្នូតភ្លីដែលគូសថ្នាំដោយដៃយ៉ាងចំណាននៅលើផ្ទៃទាំងសងខាងរបស់រថយន្តដោយមានរូបសញ្ញា ‘B50’ ថែមទៀត។ ផ្ទៃខាងក្នុងយ៉ាងប្រណីតគឺយកលំនាំតាមពន្លឺព្រះអាទិត្យនៃឆ្នេរសមុទ្រមេឌីទែរ៉ាណេ ជាមួយនឹងពណ៌ទឹកក្រូច ដែលរំលេចលើផ្ទៃតាប្លូ និងនៅតាមថ្នេរពូក និងកម្រាលរថយន្តថែមទៀត។  

រថយន្ត ‘Dawn B50’

ការរំឭកដល់រថយន្ត Silver Dawn ដ៏ពិសេស

រថយន្ត Sliver Dawn ឆ្នាំ ១៩៥២ដ៏កម្រមួយគ្រឿងដែលស្ថិតក្នុងចំណោមរថយន្តចំនួនតិចគ្រឿងប៉ុណ្ណោះ ដែលបានផលិត ត្រូវបានដាក់តាំងបង្ហាញយ៉ាងសង្ហានៅឯរោងចក្ររបស់រថយន្ត Rolls-Royce។ រថយន្តនោះត្រូវបានលក់ថ្មីទៅឲ្យអតិថិជននៅប្រទេសកាណាដា ហើយនៅឆ្នាំ ២០១៧ មានការកុម្ម៉ង់រថយន្ត Dawn ថ្មី ពីអតិថិជននៅប្រទេសកាណាដាដដែល ហើយរថយន្តនេះ គឺបានរំឭកដល់រថយន្តដ៏ពិសេសក្នុងខួប ៦៥ ឆ្នាំរបស់ខ្លួន។  

រថយន្ត Sliver Dawn

សំណុំរថយន្តសម្រាប់ប្រទេសកូរ៉េខាងត្បូង

សំណុំរថយន្ត Bespoke សម្រាប់កូរ៉េ ត្រូវបានបង្ហាញនៅឯស្ថានទូតចក្រភពអង់គ្លេសនៅក្នុងទីក្រុង សេអ៊ូល ដើម្បីបង្ហាញពីកេរតំណែលដ៏ស្រស់ស្អាតរបស់ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងភាពទាន់សម័យនាពេលបច្ចុប្បន្ន។ រថយន្ត Ghost Seoul Edition ឆ្លុះបង្ហាញនូវពណ៌ ដែលមាននៅលើទង់ជាតិ Taegukgi របស់ប្រទេសកូរ៉េខាងត្បូង ព្រមជាមួយនឹងពណ៌សភ្លឺ និងឆ្នូតភ្លីភ្លោះ ដែលមានពណ៌ខៀវ និងក្រហម ព្រមជាមួយនឹងរូបបែប Bespoke គូសដោយដៃ ដែលជាគំនូរស៊ីឡូអ៊ីតរបស់អគារនិមិត្តរូប Namsan នៃទីក្រុងសេអ៊ូល។ សម្រាប់ផ្ទៃខាងក្នុង ស្បែកពណ៌ខ្មៅ ត្រូវបានបំពេញសម្រស់បន្ថែមដោយឆ្លុះជាមួយនឹងថ្នេរ និងឆ្នូតពូក ដែលមានពណ៌ស ខៀវ និងក្រហម។ 

ចំណែកឯរថយន្ត Wraith Busan Edition ត្រូវបានយកលំនាំតាមពណ៌ទីក្រុងតំបន់ឆ្នេរមួយនេះ ជាមួយនឹងផ្ទៃខាងក្រៅមានពីរពណ៌លាយគ្នា គឺពណ៌ខៀវ និងទឹកប្រាក់ ដែលធ្វើឲ្យនឹកឃើញដល់ពន្លឺព្រាលៗនៃ សមុទ្រដែលព័ទ្ធជុំវិញ។ រូបនៅផ្នែកខាងក្រោយយកលំនាំតាមការងារធ្វើទ្វារប្រណីត ‘hanok’ បែបប្រពៃណីរបស់កូរ៉េ ហើយក៏មានបំពាក់ដូចគ្នានៅផ្ទៃខាងក្នុងរថយន្ត គឺនៅតាមតាប្លូ។ ដោយយកលំនាំតាមផ្ទៃមេឃពេលព្រលប់នៅតាមជ្រលងភ្នំដែលនៅជិតទីក្រុងនោះ ឆ្នូតភ្លីទោល ដែលមានពណ៌ផ្កាឈូកភ្លឺ បានទាញចំណាប់អារម្មណ៍ទៅលើផ្ទៃត្រឹមស្មានៃ រថយន្តនេះ។ ពណ៌នេះ ក៏មានប្រើនៅលើថ្នេរពូក ផ្ទាំងឧបករណ៍បញ្ជា និង ខ្នើយ ‘RR’ នៅផ្ទៃខាងក្នុងផងដែរ ដែលបំពាក់ស្បែកពណ៌ប្រផេះ និងពណ៌ខៀវលាយគ្នា៕

រថយន្ត Rolls-Royce

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]