(ភ្នំពេញ)៖ បន្ទាប់ពីមានរឿងរ៉ាវប្ដឹងគ្នា ឡើងតុលាការ រវាងតារាសម្ដែងស្រីសម្បុរស្រអែម ពូកែសម្រក់ទឹកភ្នែក នី មុន្នីនាថ និងអតីតគូដណ្ដឹង លោក អ៊ឹង សូឡាង ដែលជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក រួចមក គេសម្គាល់ឃើញថា មានមហាជនជាច្រើន កំពុងទន្ទឹងរង់ចាំតាមដានមើល នូវរឿងរ៉ាវបណ្ដឹងមួយនេះថា នឹងមានរឿងអ្វីកើតឡើង ព្រមទាំងកំពុងទន្ទឹងរង់ចាំមើលថា តើភាគីរូបណាជាអ្នកឈ្នះក្ដីក្នុងសំណុំរឿងមួយនេះ ខណៈភាគីទាំងសងខាងមិនធ្លាប់បាន ជួបមុខតទល់់គ្នាម្ដងណាសោះ តាំងពីកើតរឿងក្ដីនេះមក។

យ៉ាងណាមិញ ថ្មីៗនេះមានព័ត៌មានដ៏រសើបមួយ ទាក់ទងទៅនឹងតារាសម្ដែង នី មុន្នីនាថ បានទម្លាយថា នាងនឹងត្រៀមខ្លួនឡើងតុលាការសារជាថ្មី ខណៈអតីតដណ្ដឹងលោក អ៊ឹង សូឡាង ត្រៀមហោះពីអាមេរិកមកកម្ពុជា ដើម្បីតតាំងក្ដី។

តាមប្រភពជិតស្និទ្ធនឹងតារាសម្ដែងស្រី នី មុន្នីនាថ បានឲ្យដឹងថា អតីតគូដណ្ដឹងរបស់កញ្ញា នី មុន្នីនាថ នឹងឡើងយន្តហោះ មកកាន់ទឹកដីប្រទេសកម្ពុជា នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ ដើម្បីតតាំងក្ដីជាមួយនឹង កញ្ញា នី មុន្នីនាថ ដោយការមកដល់ប្រទេសកម្ពុជាលើកនេះ គឺលោកមិនបានបញ្ជាក់ថា លោក នឹងស្នាក់នៅប្រទេសកម្ពុជា រយៈពេលប៉ុន្មានខែ និងត្រឡប់ទៅវិញ នៅថ្ងៃណាឲ្យប្រាកដនោះទេ លុះត្រាតែរឿងក្ដីរវាងខ្លួន និងនី មុន្នីនាថ ត្រូវបានបញ្ចប់រួចរាល់ ទើបត្រឡប់ ទៅអាមេរិកវិញ។

ដោយឡែក សម្រាប់តារាស្រីពូកែសម្រក់ទឹកភ្នែក កញ្ញា នី មុន្នីនាថ វិញ ត្រូវបានគេដឹងថា កាលពីកន្លងមក មេធាវីរបស់នាង ធ្លាប់បានអះអាងថា កូនក្ដីខ្លួនប្រាកដជាឈ្នះក្ដី លើពាក្យបណ្ដឹងឆបោក ព្រោះកូនក្ដីរបស់ខ្លួន តែងរងភាពអាម៉ាស់ និងក្លាយជាមេម៉ាយឥតខាន់ស្លាទៅវិញ ហើយចំពោះពាក្យបណ្ដឹងមួយនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាកេរ្តិ៍ឈ្មោះ នៅក្នុងសង្គមរបស់កូនក្ដីខ្លួន។

ព័ត៌មានដ៏រសើបខាងលើនេះដែរ ត្រូវបានប្រភពព័ត៌មានដដែល បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ការមកដល់ទឹកដីខ្មែរ ដើម្បីឡើងតុលាការនេះ គឺលោក អ៊ឹង សូឡាង បានរំពឹងទុកយ៉ាងខ្ពស់ ទុកជាមុនថា លោកនឹងឈ្នះក្ដី លើ នី មុន្នីនាថ ជាក់ជាមិនខាន។

យ៉ាងណាមិញ មកទល់នឹងពេលនេះ ចាប់តាំងពីដាក់ពាក្យប្ដឹង ឡើងតុលារការ ពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត រួចមក គេសង្កេតឃើញថា សាមីខ្លួនដើមបណ្ដឹង រួមទាំងភាគីជាប់សង្ស័យ មិនទាន់បានជួបមុខគ្នា តតាំងនៅតុលាការនៅឡើយទេ ទើបធ្វើឲ្យលោក អ៊ឹង សូឡា សម្រេចចិត្តហោះពីទឹកដីសហរដ្ឋអាមេរិក មកតតាំងក្ដី ឡើងតុលាការ ជាមួយនឹងអតីតគូដណ្ដឹងរបស់ខ្លួន នៅក្នុងតុលាការកម្ពុជាតែម្ដង។

សូមបញ្ជាក់ថា បន្ទាប់ពីមានរឿងរ៉ាវដ៏ចម្រូងចម្រាស រវាងតារាសម្ដែងសម្បុរខ្មៅស្រអែមតួទឹកភ្នែក កញ្ញា នី មុន្នីនាថ និងលោក អ៊ឹង សូឡាង ដែលត្រូវជាអតីតគូដណ្ដឹង ដោយភាគីខាងប្រុសបានដាក់ពាក្យបណ្ដឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្ដឹងពីបទឆបោកប្រាក់ និងរំលោភលើសេចក្ដីទុកចិត្តរួចមក ស្រីស្រស់ នាង នី មុន្នីនាថ ហាក់មិនចេញមុខប្រតិកម្ម នឹងពាក្យបណ្ដឹងណាមួយឡើយ ផ្ទុយទៅវិញ បែរជានិយាយយ៉ាងខ្លីថា នាងរង់ចាំតែតុលាការកោះហៅគ្រប់ពេល ទោះបីអតីតគូរដណ្ដឹងប្ដឹងទាមទារ ជាទឹកប្រាក់១២ ម៉ឺនដុល្លារ ក៏នាងមិនខ្លាចរអានឹងពាក្យបណ្ដឹង មួយនេះដែរ។

គេនៅចាំថា តារាសម្ដែង នី មុន្នីនាថ បានសាងវិថីស្នេហ៍ជាមួយអតីតគូដណ្ដឹង រយៈពេល៣ឆ្នាំមកហើយ។ ចំណែកឯអតីតគូដណ្ដឹងរបស់នាង បានចំណាយលុយអស់យ៉ាងច្រើន សន្ធឹកសន្ធាប់ ដើម្បីត្រៀមដឹកដៃអនាគតភរិយា ទៅរស់នៅសាងគ្រួសារ នៅលើទឹកដីនាយសមុទ្រ សហរដ្ឋអាមេរិក តែចុងក្រោយបែរជាមិនបានដូចបំណង ដោយភាគីទាំងសងខាង ត្រូវមានរឿងរកាំរកូស ខ្វែងគំនិតគ្នា រហូតហែកហួគ្នាមិនចេះចប់ ដល់ថ្នាក់លេចចេញពាក្យប្ដឹងប្ដល់គ្នា បែបនេះទៅវិញ៕

នី មុន្នីនាថ
នី មុន្នីនាថ
នី មុន្នីនាថ
នី មុន្នីនាថ និងអតីតគូដណ្តឹង
អតីតគូដណ្តឹង នី មុន្នីនាថ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ