ភ្នំកំពង់ត្រាច គឺជាភ្នំមួយដែលមានទីតាំងនៅស្រុកកំពង់ត្រាច បច្ចុប្បន្នប្រែក្លាយជារមណីយដ្ឌាន ដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដែលគួឱ្យចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រាច ហើយក៍បានដិងឮគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។

ប្រជាពលរដ្ឋ និងប្រធានសហគមន៍មូលដ្ឋាន ក៍បានឱ្យដិងថា នៅក្នុងរ៉ូងភ្នំ មានរូមចម្លាក់ និង សិលាចរិកផ្សេងៗ ដូចជា៖ មានស្រែមួយរយ រូបចំលាក់ សត្វអណ្តើក និងជើងរបស់មេទ័ពម្ខាង ដែលបានជាប់ទើរនៅក្នុងរ៉ូងនោះ ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និង មានកន្លែងជាច្រើនទៀត ដែលមិនបានរៀបរាប់អស់។ តំបន់នេះ មានចំនុចសំខាន់ៗជាច្រើនទៀត ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍។ ហើយគេក៍សង្ឃឹមថា ភ្នំកំពង់ត្រច គឺជាកន្លែងដែលមានប្រជាប្រិយភាពសម្រាប់ភ្ញៀវទាំងអស់គ្នា។

លោក សយ ស៊ីណាល់ ប្រធានមន្ទីទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រមណីយដ្ឋានភ្នំកំពង់ត្រាច ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ស្ថិតក្នុងទឹកដីខេត្តកំពត ភូមិឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដោយអ្នកខ្លះហៅ “ភ្នំកំពង់ត្រាច” ឯខ្លះទៀតហៅ “ភ្នំបាក់” ដែលនៅកណ្តាលភ្នំមានបរិវេណវាលល្ហល្ហេវ ជាទីស្ថានពោរពេញដោយភាពសុខដុមគ្មានពីរ បើយើងចោលភ្នែកសម្លឹងទៅលើនឹង ឃើញផ្ទៃមេឃគ្របជិតបង្កើយជារង្វង់មូល អាស្រ័យតាមរាងរៅនៃចន្លោះផ្ទាំងថ្មបាញ់ចេញពីបាតភ្នំនោះ។

លោកបានបន្តថា នៅអមសងខាងនៃទីវាលបាតភ្នំ មានល្អាងជាច្រើនប្រកបដោយរូបសំណាកសត្វ ឬឧបករណ៍ច្រើនប្រភេទកើតឡើង ដោយសារសំណឹកមកជាយូរលង់របស់ផ្ទាំងថ្មធំៗ ហើយអ្នកទស្សនាទាំងឡាយ អាចមើលសណ្ឋានកាត់យល់តាមការផ្គូផ្គង អំពីសំណាក់មគ្គុទេសក៍ ដែលរង់ចាំជូនដំណើរ។ រមណីយដ្ឋានភ្នំកំពង់ត្រាច ឬភ្នំបាក់នេះ មានបរិមាត្រប្រមាណប្រហែល ៤ គីឡូម៉ែត្រ និងកម្ពស់ពី ១៥០ ម៉ែត្រទៅ ២០០ ម៉ែត្រ ។ ទីតាំងនៃតំបន់ភ្នំនេះមានអំណោយផលល្អ សម្រាប់ការថតខ្សែភាពយន្តផ្សេងៗជាមួយ នឹងទេសភាពស្រស់ត្រកាល ប្រកបដោយសោភ័ណភាពប្រណីតៗ។

ប្រសិនបើងាកមកខាងមុខផ្លូវចូលទៅក្នុងភ្នំវិញ មានវត្តមួយឈ្មោះថា “វត្តគិរីសីលា” ដែលតាជីយាយជី និងព្រះសង្ឃកំពុងគង់នៅដូចបណ្តាទីអារាមដទៃៗទៀតដែរ។ ក្នុងភ្នំមានល្អាងជាច្រើនព័ទ្ធជុំវិញទីវាលមួយ ដែលទទួលពន្លឺព្រះអាទិត្យដ៏ភ្លឺចិញ្ចាច ហើយពេលភ្ញៀវទាំងឡាយងើបសម្លឹងមើលទៅលើឃើញផ្ទៃមេឃនៅកៀកបង្កើយ គ្របពីលើរាងជារង្វង់មូលដូចខ្ទះ ដែលធ្វើឱ្យអារម្មណ៍ហាក់នៅទីស្ថានមួយ ពោរពេញដោយភាពសុខដុមគ្មានពីរ។ នៅតាមល្អាងនីមួយៗមានសំណាកជារូប ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលរូប និងឧបករណ៍ទាំងនោះពេលភ្ញៀវចូលទស្សនានឹងមានមគ្គុទេសក៍ ពន្យល់ប្រាប់តាមលំដាប់លំដោយយ៉ាងស្ទាត់ជំនាញ។

ដូច្នេះ ក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ ត្រូវជួយថែរក្សាភ្នំកំពង់ត្រាច ឱ្យនៅបានគង់វង្សយូរអង្វេង ដើម្បីសម្រស់ធម្មជាតិភ្នំររៀងរហូតតទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]