ជាការពិត ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសណ្ឋានដីរាង ដូចជាបាតខ្ទះ ហេតុដូច្នោះហើយ ប្រទេសកម្ពុជា ក៏មិនសូវមានប្រភេទភ្នំខ្ពស់ៗ ដូចជាប្រទេសដទៃនោះទេ។

តែយ៉ាងណាមិញ នៅក្នុងប្រទេសមួយនេះ ក៏មានប្រភេទភ្នំជាច្រើន ខុសៗគ្នា។ ហើយជាមួយគ្នានេះ ជួរភ្នំក្រវាញ ក៏ជាប្រភេទជួរភ្នំមួយ ដែលមានប្រវែងវែង នៅក្នុងប្រទេសកម្ពុជា ផងដែរ។

ស្របជាមួយគ្នានេះ ជួរភ្នំក្រវាញ ក៏ជាជួរភ្នំមួយប្រភេទ ដែលមានកំណប់ទ្រព្យនៃធនធានធម្មជាតិ ជាច្រើនប្រភេទប្លែកៗពីគ្នា តាំងតែពីបុរាណកាល មកហើយ។

ដូច្នោះ នៅក្នុងថ្ងៃនេះ ខ្មែរឡូត ក៏សូមបង្ហាញជូនទៅកាន់ប្រិយមិត្តទាំងអស់គ្នា ពីអបិយជំនឿ និងរឿងរ៉ាវនៃប្រវត្តិខ្លីៗ ពីក្រោមខ្នងជួរភ្នំក្រវាញ នៅក្នុងប្រទេសកម្ពុជារបស់យើង នាពេលសព្វថ្ងៃនេះ។  

មួយជ្រុងតូចនៃជួរភ្នំក្រវាញ

យោងទៅតាមលោក អ៊ុំ ថួក ដែលជាប្រជាជនវ័យចំណាស់មួយរូប លោកអ៊ុំ បាននិយាយថា ជួរភ្នំក្រវាញ ជាប្រភេទជួរភ្នំមួយនៃប្រទេសកម្ពុជា ដែលបានកកើតឡើង តាំងតែពីយូរលង់ណាស់ មកហើយ។ ក្នុងនោះផងដែរ អ្នកស្រុកភូមិនៅទីនេះ បានយល់ឃើញថា កាលដែលភ្នំនេះ មានឈ្មោះថា ជាជួរភ្នំក្រវាញ ក៏ព្រោះតែថា នៅលើភ្នំនេះ មានប្រភេទរុក្ខជាតិកម្រម៉្យាង ដែលត្រូវបានគេដាក់ឈ្មោះថា “ដើមក្រវាញ”។ ជាមួយគ្នានេះ ដើមរុក្ខជាតិមួយប្រភេទនេះ ក៏មានភាគច្រើន នៅតែលើជួរភ្នំក្រវាញ យ៉ាងច្រើនសន្ធឹកសន្ធាប់ បែបនេះ។ ហើយ វាក៏ជាផ្នែកមួយយ៉ាងសំខាន់ ដែលធ្វើឲ្យជួរភ្នំមួយនេះ មានលក្ខណៈពណ៌បៃតង យ៉ាងខៀវស្រងាត់ គ្រប់រដូវកាល។ 

លោក អ៊ុំ ថួក ដែលជាប្រជាជនវ័យចំណាស់មួយរូប ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

ទន្ទឹមនឹងរឿងរ៉ាវខាងលើនេះ លោក អ៊ុំ ថួក ក៏បានបន្ថែមទៀតថា អ្នកភូមិនៅទីនេះ មានអបិយជំនឿ ទៅលើអ្នកតាមួយរូប ដែលមានបារមីអស្ចារ្យ និងមិនគួរឲ្យនឹកស្មានដល់។ ហើយ លោកតា នៅទីនេះ ក៏ត្រូវបានអ្នកភូមិភាគច្រើន បានឲ្យឈ្មោះថា “លោកតា គ្រី”។ ព្រោះថា លោកតា គ្រី គឺជាលោកតាមួយរូប ដែលបានជួយថែរក្សា ទៅដល់ជួរភ្នំក្រវាញនេះ ព្រមទាំងអាយុជីវិតរស់នៅ របស់ប្រជាជន អ្នកភូមិ នៅទីនោះ ទៀតផង។

តាមទៅជួរភ្នំក្រវាញ នាខេត្តពោធិ៍សាត់

លើសពីនេះទៅទៀត ជួរភ្នំក្រវាញមួយនេះ មិនត្រឹមតែមានប្រវែងវែងបំផុតនោះទេប៉ុន្តែ វាក៏មានផ្ទុកនូវកំណប់ទ្រព្យនៃធនធានធម្មជាតិជាច្រើន សម្រាប់ជាជំនួយការ ទៅដល់ប្រជាជន នៅក្បែរជើងភ្នំនោះ ទៀតផង។

ជាក់ស្តែង ជួរភ្នំក្រវាញមួយនេះ ក៏អាចទទួលបានរបបទឹកភ្លៀង រហូតទៅដល់ ៤០០០មីលីម៉ែត្រ ក្នុងមួយឆ្នាំៗ។ ហើយ វាក៏មានការចូលរួមផ្សំនៃរបបទឹកភ្លៀងខ្ពស់ និងជាតំបន់ប្រជុំភ្នំ ដែលបានធ្វើឲ្យតំបន់ជួរភ្នំក្រវាញ ក្លាយទៅជាតំបន់មួយ ដែលមានសក្តានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍវិស័យវារីអគ្គិសនី និងដំណាំ កសិ-ឧស្សាហកម្ម។

ដូច្នោះ ហេតុផលទាំងអស់នេះហើយ ក៏ជាផ្អែកមួយដែលនាំឲ្យប្រជាជន នៅទីនោះ អាចប្រកបមុខរបររកសុី និងធ្វើស្រែចម្ការបានយ៉ាងល្អប្រសើរ។

ពាងបញ្ចុះសព និងមឈូសឈើ ដែលត្រូវបានប្រទះឃើញនៅដងជួរភ្នំក្រវាញ

ម្យ៉ាងវិញទៀត លោកតា ក៏បានប្រាប់ នូវភាពអាថ៌កំបាំងមួយចំនួន ដែលបានកើតមាន នៅក្នុងតំបន់ជួរ ភ្នំក្រវាញនេះ។ ដោយហេតុថា ជួរភ្នំនេះ មានទីតាំងនៅតំបន់ដាច់ស្រយាល និងអាថ៌កំបាំងខ្លាំង ទើបធ្វើឲ្យមានរឿងរ៉ាវមួយចំនួនបានបង្កប់ទុក នៅទីនោះ ដោយគ្មាននរណាម្នាក់ អាចបកស្រាយវាបានទេ។ ជាក់ស្តែង ដូចជាពាងបញ្ចុះសព និងមឈូសឈើ ជាដើម។

យ៉ាងណាមិញ ចំពោះពាងបញ្ចុះសព និងមឈូសឈើបុរាណនេះ ត្រូវបានប្រទះឃើញ ដោយចៃដន្យ នៃអ្នករកសុី កាប់ព្រៃឈើពីរនាក់ នៅតាមជួរភ្នំក្រវាញនោះ។ ពីដំបូង ពួកគេគិតថា ពួកវា ប្រហែលជាគ្រាន់តែជារបស់របរបុរាណ ដែលអ្នកកាប់ព្រៃឈើ ពីមុនមក បានភ្លេចនៅទីនោះ នោះទេ ។ ដូច្នោះ ពួកគេក៏មិនបានយកចិត្តទុកដាក់ ទៅលើរបស់ទាំងនេះប៉ុន្មានដែរ។ ប៉ុន្តែ រហូតដល់ថ្ងៃមួយ ក្រុមការងារខាងគម្រោងអភិវឌ្ឍជនបទ ក៏បានប្រទះឃើញវាម្តងទៀត អំឡុងពេលពួកគេដើរចូលរុករកប្រភេទសត្វព្រៃ និងរុក្ខជាតិកម្រ នៅជួរភ្នំក្រវាញ។ 

លោកតាបន្តថា ក្រោយមក ពួកគេក៏បានយកវាទៅស្រាវជ្រាវ ដើម្បីស្វែងរកអត្តសញ្ញាណ និងប្រវត្តិខ្លះៗនៃវត្ថុបុរាណទាំងពីរ ប្រភេទនេះ។ បន្ទាប់ពីការស្រាវជ្រាវនេះ គេក៏បានរកឃើញការពិតនៃវត្ថុបុរាណនេះថា វាមានអាយុជាង ២០០០ ឆ្នាំមកហើយ។ ព្រោះថា វាត្រូវបានគេកសាងឡើង តាំងតែពីសម័យមហានគរ។

ជាមួយគ្នានេះ លោកតា ក៏បានបង្ហាញប្រាប់ពីការរុករកឃើញ នូវតំបន់ពាងបុរាណថ្មីមួយទៀត នៅក្បែរជួរភ្នំក្រវាញ នាកាលពីពេលប៉ុន្មានខែ កន្លងទៅនេះ។ ទាក់ទងនឹងពាងបុរាណនេះ លោកតា ក៏បានថ្លែងប្រាប់ឲ្យដឹងថា វាមានចម្ងាយពីភូមិអ្នកស្រុក ចូលទៅព្រៃជ្រៅ ឬទៅតាមដងផ្លូវទឹកព្រែក ស្ទឹងដ៏សេនវែងឆ្ងាយ។ និយាយរួមទៅ វាអាចនិងមានប្រវែង ប្រហែល ៦៧ គីឡូម៉ែត ពីភូមិរបស់អ្នកស្រុក នៅទីនេះ។ ស្របពេលជាមួយគ្នានេះដែរ លោកតា ក៏បានបំភ្លឺបន្ថែមទៀតថា នៅទីនេះ គេធ្លាប់បានរុករកឃើញនូវពាង ៥ប្រភេទផ្សេងៗគ្នា ដ៏សែនកម្រ ដែលបានបន្សល់ទុក តាំងពីពេលអតីតកាល។ តែយ៉ាងណាមិញ លោកតា ក៏មិនបានដឹងអ្វីពីអត្តសញ្ញាណបន្ត របស់ពាងនោះទៀតដែរ។ ទន្ទឹមនឹងនេះ អ្នកភូមិស្រុកនៅទីនេះ បានកំណត់ហៅពាងនេះថា ជាពាងបុរាណ ព្រោះថា វាមានសណ្ឋានដូចគ្នាបេះដាក់ នឹងពាងបុរាណ នៅភ្នំប៉ែល ក្នុងឃុំជីផាត។ 

ដោយឡែក ពាងបុរាណមួយនេះ ហាក់បីដូចជាមានការបែកបាក់ ប្រេះស្រាំ ច្រើនកន្លែង ហើយបានកប់ នៅក្នុងដី យ៉ាងជ្រៅ នាចង្កេះភ្នំក្រវាញ ដែលមានកម្ពស់ជម្រាលភ្នំរហូតដល់ ៤០ ម៉ែត។ តំបន់នេះ មានទីតាំងស្ថិត នៅលើល្អាងក្បាលស្ទឹងមួយ ដែលជាចំណុចប្រសព្វស្ទឹងតូចៗ ៣ ទៀត ដែលអ្នកភូមិភាគច្រើន បានកំណត់ឈ្មោះថា អូរចែកដី។ ព្រោះថា វាមានទីតាំងស្ថិតនៅអាថ៌កំបាំង និងមានសណ្ឋានដី ចែកដាក់ពីគ្នា គឺដីមួយផ្នែក ខាងពាងបុរាណ គឺមានពណ៌ក្រហម និងផ្នែកខាងក្រោម មានពណ៌ខ្មៅ។ 

ទិដ្ឋភាពមួយចំនួន​ របស់ប្រជាជន នៅតាមដងជួរភ្នំក្រវាញ​

ជាការពិត ជួរភ្នំក្រវាញ ពិតជាកន្លែងកំណប់ទ្រព្យមួយ នៅក្នុងប្រទេសកម្ពុជា ហើយយើងក៏អាចនិយាយបានថា ទីនោះ ក៏នៅមានអ្វីៗជាច្រើន ដល់សែនអាថ៌កំបាំង សម្រាប់មនុស្សជាតិគ្រប់ៗគ្នា ទស្សនា។ ព្រោះថា ជួរភ្នំក្រវាញ មិនត្រឹមតែសម្បូរដោយ វត្ថុបុរាណនោះទេ ប៉ុន្តែចំពោះ ប្រភេទសត្វព្រៃ និងរុក្ខជាតិកម្រជាច្រើនប្រភេទ ដែលពិភពលោកយើងនេះ កំពុងតែបាត់បង់ ជារៀងរាល់ថ្ងៃ។ តែទីនោះ បែរជាអាចមានពួកវា យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅវិញ។

ជាមួយគ្នានេះដែរ ជួរភ្នំក្រវាញក៏ត្រូវបានគេទទួលស្គាល់ថា ជាជម្រកធម្មជាតិដ៏ធំជាងគេ របស់ប្រទេសកម្ពុជា និងជាជម្រករបស់ប្រភេទសត្វដែលជិតផុតពូជ។ ហើយ វាក៏មានប្រភេទសត្វកម្រប្រមាណជាងមួយភាគបី ដែលត្រូវបានចុះបញ្ជីក្រោមក្របខណ្ឌនៃច្បាប់ព្រៃឈើកម្ពុជា និងមានប្រភេទសត្វរងការគំរាមកំហែងចំនួន ៥៤ប្រភេទ ដែលត្រូវបានចុះបញ្ជី។ ហើយ ប្រភេទសត្វទាំងអស់នោះរួមមានដូចជា ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំ ទោចម្កុដិ និងប្រភេទរុក្ខជាតិកម្រជាច្រើនផ្សេងៗទៀត ដូចជា ដើមស្រល់ និងផ្កាអរគីដេព្រៃ ជាដើម។

គួរបញ្ជាក់ផងដែរថា ជួរភ្នំក្រវាញ ក៏ជាប្រភេទជួរភ្នំមួយ នៅក្នុងចំណោមតំបន់សម្បូរ ជីវៈចម្រុះទាំង ៣៥ នៅលើពិភពលោក នាពេលសព្វថ្ងៃនេះ។ ហើយដែលវាពិតជាទំហំព្រៃដ៏សែនធំជាងគេ នៅអាសុីអាគេ្នយ៍ និងជាកន្លែងចុងក្រោយបំផុត នៃតំបន់សម្បូរជីវៈចម្រុះឥណ្ឌូ-ភូមា៕

នេះជាវីដេអូដែលក្រុមការងារ ខ្មែរឡូត បានធ្វើការថតទិដ្ឋភាពពីខាងលើ នៃជួរភ្នំក្រវាញ តាមរយៈឧបករណ៍Drone៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]