រាជធានីភ្នំពេញ ៖ មហាជននឹកស្តាយអាឡោះអាល័យចំពោះពិធីករលោកអ៊ិត សេដ្ឋា ដែលបាត់បង់ជីវិតកាលពីប៉ុន្មានខែកន្លងទៅ ។ ដូច្នេះហើយតារាចម្រៀងលោក ខៀវ ប៊ុនលាភ ត្រៀមចេញផ្សាយចម្រៀងមួយបទមានចំណងជើងថា «ពុកខ្ញុំពិធីករ» ជាចម្រៀងខារ៉ាអូខេផលិតដោយផលិតកម្មអ៊ីណេហ្សិនក្នុងន័យរំលឹកដល់លោកអ៊ិត សេដ្ឋា ។
បទ «ពុកខ្ញុំពិធីករ» មានការចាប់អារម្មណ៍នៅលើហ្វេសប៊ុកក្រោមទឹកដមសំឡេងរបស់លោកខៀវ ប៊ុនលាភ ដែលវិវឌ្ឍខ្លួនពីតារាសម្តែងទៅជាតារាចម្រៀង ។
លោក ខៀវ ប៊ុនលាភ ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា«បទចម្រៀង«ពុកខ្ញុំពិធីករ»នេះមានការទាក់ទាញនៅតាមបណ្តាញសង្គម ហើយក៏ត្រូវបានបណ្តាសារព័ត៌មានមួយចំនួនយកទៅចុះផ្សាយជាបន្តបន្ទាប់ ។ នេះក៏ជាការជួយជំរុញឱ្យមានគេកាន់តែស្គាល់ខ្ញុំជាតារាចម្រៀងក្នុងផលិតកម្មE Nationដែលបង្កើតឡើងដោយអង្គការ«ខ្ញុំខ្មែរ» ។
មើលឃើញពីគុណសម្បត្តិមិនអាចកាត់ថ្លៃបានរបស់រៀមច្បងពិធីករអ៊ិត សេដ្ឋាដែលស្រឡាញ់ការងារពិធីករសុខចិត្តលំបាកមិនខ្លាចនឿយហត់ដើម្បីកូនទោះឈឺក៏មិនត្អូញខំធ្វើការដល់នាទីចុងក្រោយគួរឱ្យគោរព ។ ព្រោះតែក្តីស្រឡាញ់នេះហើយ ទើបខ្ញុំនឹងយកបទនេះថតជាMVនិយាយពីជីវិតរបស់លោកអ៊ិត សេដ្ឋា ដោយមានការសម្តែងរបស់តួអង្គមួយចំនួនផងដែរ» ។
លោកខៀវ ប៊ុនលាភ ជាអ្នកកំពង់ចាមមានបងប្អូន៩នាក់ក្នុងនោះលោកជាកូនពៅ ។ ពីមុនលោកជាតារាសម្តែង ហើយបានចូលរួមសម្តែងរឿងភាគជាច្រើន ។ រឿងទាំងនោះបានចាក់ផ្សាយដូចជានៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន និងទូរទស្សន៍ ល្បីៗមួយចំនួនទៀត ។ ទោះជាយ៉ាងណាក្តីក្នុងអាជីពជាតារាសម្តែងនេះ កេរ្តិ៍ឈ្មោះរបស់លោកមិនទាន់លេចត្រដែតឡើងទេ ។
លោកខៀវ ប៊ុនលាភ និយាយថា «មានអ្នកមើលស្រាលខ្ញុំជាតារាថ្មី ។ ដូច្នេះហើយទើបខ្ញុំតាំងចិត្តប្រឆាំងនឹងពាក្យដំនៀលនោះរហូតអាចឈរជើងក្នុងពិភពសិល្បៈបាន ជាពិសេសវិវឌ្ឍខ្លួនពីតារាសម្តែងជាអ្នកចម្រៀង ហើយទីផ្សារចម្រៀងបានទទួលប្រាក់កម្រៃកើនជាងតួសម្តែង » ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]