បំណងប្រាថ្នាដ៏ធំរបស់មនុស្សស្រី គ្មានអ្វីក្រៅពីចង់បានសេចក្តីស្នេហា ដ៏ស្មោះត្រង់ពីមនុស្សដែលខ្លួនស្រលាញ់ និងប្រាថ្នាចង់រស់នៅជាមួយគេ យ៉ាងមានសេចក្តីសុខពេញមួយជីវិតនោះទេ។​

ប៉ុន្តែមិនថាយ៉ាងណា ចំពោះសុខភាពផ្លូវចិត្ត ខាងផ្នែកអារម្មណ៍របស់មនុស្ស គឺអាចមានការផ្លាស់ប្តូរគ្រប់ពេល បើសិនជាមានរឿងអ្វីមួយធ្វើឲ្យទើសចិត្ត ឬក៏បណ្តាលមកពី បម្រែបម្រួលបរិយាកាសជុំវិញខ្លួន សម័យកាលជឿនលឿន ដែលធ្វើឲ្យមនុស្សមានការផ្លាស់ប្តូរផងដែរ។

ជាការពិតណាស់ រឿងស្នេហាគឺវាគ្មានអ្វីដែលមានភាពល្អឥតខ្ចោះទាំងអស់នោះទេ ដូចពាក្យចាស់លោកពោលថា «ចានក្នុងរាវតែងមានការប៉ះទង្គិច»​ បើសិនជាយើងមិនចេះរៀបចំទុកដាក់ មិនចេះកែខៃ និងបណ្តាលឲ្យវាកាន់តែប៉ះទង្គិចខ្លាំងទៅៗ នោះវាអាចនឹងបែកក្នុងថ្ងៃណាមួយក៏ថាបាន។

ជាក់ស្តែង ដូចស្រ្តីមួយចំនួន ពួកគាត់តែងតែត្អូញ និងពិបាកចិត្តជាខ្លាំង ដោយសារតែស្វាមីរបស់ពួកគាត់ផ្លាស់ប្តូរ មិនដូចជាពេលរៀបការហើយដំបូងៗឡើយ បើនិយាយឲ្យចំទៅ គឺស្វាមីតែងតែចេញពីផ្ទះបាត់ៗ ហាក់បីដូចជាមិនចង់ជួបមុខភរិយាសោះ។ ដែលធ្វើឲ្យស្រ្តីជាភរិយាទាំងនោះ មានការអន់ចិត្ត កាន់តែខឹងប្រច័ណ្ឌស្វាមី និងស្មុគស្មាញមិនយល់ពីហេតុផល ថាតើហេតុអ្វីបានស្វាមីរបស់ពួកគាត់មិនចង់មកផ្ទះ ចូលចិត្តទៅដើរលេងបាត់ៗ ដល់យប់ជ្រៅទើបចូលផ្ទះអ្វីបែបនេះ។

ដើម្បីដោះស្រាយវិបត្តិទាំងនេះ យើងក៏បានលើកយកនូវតិចនិក ពិសេសៗទាំង ១០ចំណុច ដែលជួយឲ្យស្នេហារបស់អ្នកកាន់តែមានភាពផ្អែមល្ហែម ជាពិសេសគឺចងចិត្តនិងបេះដូងស្វាមី របស់អ្នកមិនឲ្យទៅរកក្រៅបាន និយាយបែបលេងសើចថា «មានតែភរិយាខ្ញុំប៉ុណ្ណោះដែលល្អជាងគេ»។

ចង់ដឹងថាមានអ្វីខ្លះ តាមដានទាំងអស់គ្នា៖

រូបតំណាង បង្ហាញពីជីវិតគ្រួសារ ដ៏មានសុភមង្គល

១.អាហារក្នុងផ្ទះ

ចាស់ៗតែងតែនិយាយថា របស់ដែលពិសេស ដែលអាចចងចិត្តចងបេះដូងស្វាមី មិនឲ្យទៅរកក្រៅបាន នោះគឺអាហារនៅក្នុងផ្ទះ។ ក្នុងនាមជាស្រ្តីគួរគប្បីរៀនវិជ្ជាមេផ្ទះ ធ្វើម្ហូប រៀបចំទុកដាក់ផ្ទះសម្បែង ពីព្រោះថាវាជាប្រយោជន៍ដ៏សំខាន់បំផុត ក្រោយពេលដែលយើងរៀបការរួច។

ជាការពិតណាស់់ កាលដែលស្វាមីមកពីធ្វើការហត់នឿយ តែងតែត្រូវការបំពេញនូវថាមពល ជាមួយនឹងការសម្រាក ក៏ដូចជា ទទួលទាននូវម្ហូបអាហារឆ្ងាញ់។ ដូចនេះ បើសិនជាភរិយាមិនចេះ រឿងក្នុងផ្ទះអស់ទាំងនេះ ប្រាកដណាស់ ស្វាមីនឹងចេញនៅរកញុំាខាងក្រៅ ហើយយូរៗទៅ ពួកគេនឹងយល់ថាបរិយាកាស ខាងក្រៅផ្ទះល្អជាងខាងក្នុងផ្ទះ ដែលធ្វើឲ្យពួកគេមិនចង់ចូលផ្ទះតែម្តង។

ហេតុនេះ ស្រ្តីគួរតែចេះការងារក្នុងផ្ទះអស់ទាំងនេះ ការធ្វើម្ហូបអាហារឆ្ងាញ់ ចេះរៀបចំទុកដាក់ផ្ទះសម្បែង មិនត្រឹមតែអាចចងចិត្តស្វាមីមិនឲ្យទៅរកក្រៅនោះទេ ប៉ុន្តែថែមទាំងអាចចង់បេះដូងគេ ឲ្យកាន់់តែស្រលាញ់យើងលើសដើមថែមទៀតផង។

រូបតំណាង បង្ហាញពីជីវិតគ្រួសារ ដ៏មានសុភមង្គល

២. ចេះSurprise 

ចំពោះចំណុចនេះ មិនមែនគិតទៅលើ ថាត្រូវតែទិញ ម៉ូតូថ្មី ឬក៏រថយន្តម៉ូតថ្មីជាកាដូឲ្យស្វាមីនោះទេ ប៉ុន្តែសំដៅទៅលើអំណោយតូចៗ និងទង្វើដែលយើងប្រព្រឹត្តចំពោះស្វាមី។ ពេលខ្លះយើងគួរតែយកចិត្តទុកដាក់ សូម្បីតែចំណុចតូចៗដែលគេមិននឹកស្មានដល់ ដូចជាការជួយយករថយន្តរបស់គេ ទៅប្តូរប្រេងម៉ាស៊ីន ចងក្រវ៉ាត់កឲ្យគាត់មុនចេញទៅធ្វើការ ឬក៏ជួយពាក់មួកសុវត្ថិភាពឲ្យគាត់ បើសិនជាគាត់ជិះម៉ូតូទៅធ្វើការជាដើម។ 

លើសពីនេះ នៅពេលល្ងាច យើងអាចរៀបចំជាDinner អាហារពេលល្ងាច ក្រោមពន្លឺភ្លើងទៀនក្នុងផ្ទះ ដ៏រ៉ូមែនទិកមួយផងដែរ។ ដោយគ្រាន់តែចំណុចតូចៗទាំងនេះ គឺអាចធ្វើឲ្យស្វាមីរបស់អ្នករំភើបចិត្តមិននឹកស្មានដល់ ថាភរិយារបស់គេ ស្រលាញ់និងយកចិត្តទុកដាក់ ចំពោះគេខ្លាំងដល់ថ្នាក់នេះ ហើយក៏គ្មាននរណាប្រៀបផ្ទឹមជាមួយនឹងភរិយាទីស្រលាញ់ម្នាក់នេះបានឡើយ។

រូបតំណាង បង្ហាញពីជីវិតគ្រួសារ ដ៏មានសុភមង្គល

៣. ចេះសន្សំសំចៃ

បើសិនជាស្វាមីរបស់អ្នកជាបង្គោលគ្រួសារ ពោលគឺគាត់ជាអ្នកដែលរកលុយមកផ្គត់ផ្គង់គ្រួសារ ក្នុងនាមជាភរិយា គួរណាជួយសន្សំសំចៃស្វាមី ចេះទុកដាក់លុយ ចេះសន្សំ ចេះចាយវាយ ចេះដឹងថាពេលណាគួរចាយ ពេលណាមិនគួរ របស់ណាគួរតែទិញ របស់ណាមិនគួរ។ 

នៅពេលដែលឃើញភរិយា ចេះដឹងនិងយល់ពីទុក្ខលំបាក និងការខិតខំរបស់ស្វាមី នោះបុរសនឹងកាន់តែស្រលាញ់អ្នក ព្រមទាំងទុកចិត្តឲ្យយើងកាន់លុយទាំងអស់របស់គេ ដោយមិនខ្លាចថាអ្នកនឹងចាយវាយនោះអស់ឡើយ។

៤. ចេះលេងសើច

បើចង់ឲ្យស្នេហាកាន់តែមានភាពស្រស់បំព្រង សប្បាយរីករាយរាល់ពេលដែលនៅក្បែរគ្នា លុះត្រាណាតែអ្នកមានការលេងសើចខ្លះ ដូចជាការបញ្ចេញចរិតពិតរបស់ខ្លួន ដូចជាស្រ្តីភាគច្រើន ទោះកាច ឬម៉ឺងម៉ាត់យ៉ាងណា ក៏ពួកគេនៅមានលាក់បង្កប់នូវ អត្តចរិតដូចកូនក្មេង គួរឲ្យស្រលាញ់ ដែលអាការៈទាំងនេះ តែងបញ្ចេញមក ពេលនៅជាមួយមិត្តភក្តិជិតស្និទ្ធ និងមនុស្សដែលគេស្រលាញ់តែម្តង។

ជាការពិតណាស់ ស្នេហារវាងមនុស្សប្រុសស្រី ពេលខ្លះ បើសិនជាអ្នកដាក់ឈ្មោះហៅក្រៅ ឲ្យដៃគូរបស់អ្នក នោះអ្នកនឹងមានអារម្មណ៍ថាល្អពិសេស និងកាន់តែស្និទ្ធស្នាលនឹងគ្នាទ្វេដង។

រូបតំណាង បង្ហាញពីជីវិតគ្រួសារ ដ៏មានសុភមង្គល

៥. មានទំនុកចិត្ត

ការជឿទុកចិត្ត គឺជាឱសថដ៏ល្អបំផុតក្នុងការរក្សាស្នេហាឲ្យនៅបានយូរអង្វែង។ បើសិនជា អ្នកគ្មានហេតុផល ចូលចិត្តប្រច័ណ្ឌរករឿងស្វាមី ទាំងដែលមិនទាន់ដឹងរឿងអ្វីច្បាស់សោះនោះ គឺអ្នកកំពុងតែបំផ្លាញស្នេហារបស់អ្នកហើយ។ 

ហើយបើសិនជាអ្នកនៅតែ ប្រព្រឹត្តភាពច្រណែនរករឿងឈ្លោះ ដោយមិនជឿទុកចិត្តគេបន្តិចនោះ ដូចនេះកុំបន្ទោសស្វាមីទៅរកក្រៅឲ្យសោះ ដូចពាក្យគេថា ភរិយាកាន់តែកាច ស្វាមីកាន់តែខូច។

ខណៈមកពីធ្វើការនឿយហត់ ជាមួយការងារហើយ មកដល់ផ្ទះប្រពន្ធរករឿងទៀត ជាហេតុដែលធ្វើឲ្យស្វាមីមិនចង់ចូលផ្ទះ ពួកគេសុខចិត្តនៅជាមួយបរិយាកាសខាងក្រៅ រហូតពេលខ្លះពួកគេយល់ថា នៅខាងក្រៅសប្បាយចិត្ត និងមានធូរស្រាលអារម្មណ៍ជាងនៅឯផ្ទះ។

៦. ចេះសរសើរ

មនុស្សប្រុសមិនចូលចិត្តឲ្យគេមើលងាយឡើយ ដូចនេះ ជាភរិយាគួរតែនិយាយពាក្យសរសើរទៅកាន់ស្វាមីឲ្យបានច្រើន ចៀសវាងការបង្អាប់ ដែលពេលខ្លះអាចធ្វើឲ្យពួកគេមានអារម្មណ៍អន់ចិត្តនឹងអ្នក និងបាក់ទឹកចិត្តនូវអ្វីដែលពួកគេកំពុងតែធ្វើ។

ពាក្យលើកសរសើរធ្វើឲ្យមនុស្សមានអារម្មណ៍ល្អ ជាការពិតណាស់ គ្រាន់តែនិយាយលើកទឹកចិត្ត និងការលើកសរសើរគ្មានអ្វីដែលត្រូវខូចខាតនោះទេ ពាក្យទាំងនេះ អាចឲ្យអ្នកទទួលបានក្តីស្រលាញ់យ៉ាងងាយបំផុតពីស្វាមីរបស់អ្នក។

ពួកគេនឹងសប្បាយចិត្ត និងមានមោទនៈភាពជាខ្លាំង ដែលមានភរិយាគួរឲ្យស្រលាញ់ ដែលតែងតែនៅក្បែរ និងឲ្យកម្លាំងចិត្តដល់រូបគេ។ ហើយរាល់ពេលដែលគេពិបាកចិត្ត ឬក៏មានបញ្ហា ប្រាកដណាស់ ពួកគេតែងតែចង់នៅក្បែរអ្នក ចង់ឲ្យអ្នកលួងលោង។

រូបតំណាង

៧. ចេះផ្អែមល្ហែម

បុរសមានតម្រូវការស្នេហាខ្លាំងជាងស្រ្តី ពួកគេតែងចង់បានភាពកក់ក្តៅ ពីមនុស្សដែលគេស្រលាញ់ ពួកគេមិនសូវជាអៀនក្នុងការបង្ហាញសេចក្តីស្រលាញ់ ដូចជាការឱប ឬថើប នៅតាមទីសាធារណៈឡើយ បើនិយាយឲ្យចំទៅ គឺបុរសៗភាគច្រើន ចូលចិត្តភាពផ្អែមល្ហែមតែម្តង។

តួយ៉ាង ចំណែកអ្នកជាប្រពន្ធ ក៏ត្រូវចេះប្រលែងលេង តបទៅវិញជាមួយនឹងស្វាមីផងដែរ។ ការលេងសើចសប្បាយជាមួយគ្នា បង្កើតភាពរ៉ូមែនទិក អនុស្សាវរីយ៍ផ្អែមល្ហែមគួរឲ្យចងចាំ រឿងទាំងនេះ អាចចងបេះដូងស្វាមីរបស់អ្នកបានយ៉ាងឥតខ្ចោះ។ រឿងទាំងនេះ នឹងធ្វើឲ្យពួកគេ តែងតែនឹករឮកដល់អ្នក ភាពផ្អែមល្ហែម ស្នាមញញឹម ធ្វើឲ្យពួកគេមិនអាចចេញទៅរកក្រៅបាន ពោលគឺមានតែភរិយាដ៏សែនរ៉ូមែនទិករបស់គេតែប៉ុណ្ណោះ។

៨. ចេះរៀបចំតុបតែងខ្លួននឹងទាន់សម័យ

ស្រ្តីមួយចំនួនតែងគិតថា ខ្លួនជាស្រ្តីមានស្វាមីរៀបការរួចទៅហើយ ចាំបាច់ថ្វីទៅតុបតែងធ្វើខ្លួនអ្វីទៀតទេ យ៉ាងណាស្វាមីក៏នៅតែស្រលាញ់ដដែល សូមណែនាំឲ្យអ្នកបញ្ឈប់គំនិតមួយនេះភ្លាម។ 

ការតុបតែងខ្លួន គឺមិនមែនដើម្បីតែនរណាម្នាក់ឡើយ ប៉ុន្តែផ្ទុយទៅវិញគឺដើម្បីខ្លួនឯងទៅវិញទេ បើមិនចេះស្រលាញ់ខ្លួនឯង មិនចេះរៀបចំថែសម្រស់ខ្លួន​ឯង គឺគ្មាននរណាមកធ្វើជំនួសយើងឡើយ ហើយបុរសក៏គេធុញទ្រាន់ ជាមួយនឹងភាពគ្មានរបៀបរៀបរយ របស់អ្នកដែរ។

សូមចាំថា សម្រស់និងរបៀបរៀបរយ គឺជាមន្តស្នេហ៍ដ៏សំខាន់របស់ស្រ្តី ពេលខ្លះយើងគួរតែ បើកចិត្តសម្លឹងទៅសង្គមបច្ចុប្បន្ន​ ថាតើគេជឿនលឿនដល់ណាខ្លះ ហើយហេតុអ្វីបានជាអ្នកមិនព្រមសាកល្បងស្វែងយល់ពីវាខ្លះ។  

រូបតំណាង

៩. បង្កើតបរិយាកាសជាមួយគ្នា

ពេលខ្លះសកម្មភាពរស់នៅប្រចាំថ្ងៃដដែលៗ ដូចជាក្រោកពីគេងញុំាអាហារពេលព្រឹក រួចទៅធ្វើការរហូតដល់ពេលយប់មកផ្ទះ ញុំាអាហារពេលល្ងាចរួចចូលគេង គ្រាន់តែស្តាប់ទៅគួរឲ្យធុញទ្រាន់បាត់ទៅហើយ។ 

ដូចនេះ គួរធ្វើយ៉ាងណា ដើម្បីឲ្យស្នេហារបស់អ្នក កាន់តែមានន័យជារៀងរាល់ថ្ងៃ ហើយធ្វើឲ្យស្វាមីចង់តែ មកផ្ទះឆាប់ៗដើម្បីមកជួបភរិយា?

ការបង្កើតបរិយាកាស គឺជាវិធីដ៏ល្អបំផុតសម្រាប់បង្កើនជីវិតរស់នៅប្រចាំថ្ងៃឲ្យកាន់តែមានន័យ អ្នកគួរតែរៀបចំជាកម្មវិធីតូចមួយសម្រាប់គ្នា មិនបាច់រាល់ថ្ងៃនោះទេ ត្រឹមតែមួយសប្តាហ៍ម្តងនៅចុងសប្តាហ៍ក៏បាន ដូចជា ការទៅមើលកុន ធ្វើដូចកម្លោះក្រមុំទើបស្រលាញ់គ្នាដំបូង បង្កើតបរិយាកាសរ៉ូមែនទិក ឬក៏ទៅដើរលេងលំហែកាយ នៅជាយក្រុងជាមួយគ្នាជាដើម ដែលចំណុចទាំងនេះធ្វើឲ្យស្វាមីរបស់អ្នក តែងតែគិតដល់អ្នក និងគិតពីគម្រោងថានឹងជូនអ្នកទៅណា គួរធ្វើអ្វីជាមួយគ្នា ជារៀងរាល់សប្តាហ៍ផងដែរ។

១០. ចេះគ្រប់គ្រងខ្លួនឯង

មនុស្សមួយចំនួន រាល់ពេលដែលខឹងឈ្លោះប្រកែកគ្នាម្តងៗ ពួកគេហ៊ាននិយាយពាក្យគ្រប់បែបយ៉ាង ដោយសារតែចង់ឈ្នះ សូម្បីតែពាក្យពិតនៅក្នុងចិត្ត ឬក៏ពាក្យដែលមិនគួរនិយាយ ដែលធ្វើឲ្យស្នេហារបស់អ្នកប្រេះឆា ក៏ពួកគេធ្លោយមាត់និយាយចេញមកអស់ដែរ ដូចជាពាក្យថាលែងលះគ្នា ឬក៏ដេញគេចេញពីផ្ទះជាដើម។  

ការដែលមិនចេះគ្រប់គ្រងលើពាក្យសម្តីរបស់ខ្លួនឯង វាមិនអាចធ្វើឲ្យស្នេហារបស់អ្នកកាន់តែរីកចម្រើននោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺធ្វើឲ្យការស្រលាញ់ចំពោះគ្នាកាន់តែថយ ដែលជាពិសេសគឺ បាត់បង់ការគោរព និងការឲ្យតម្លៃចំពោះគ្នាតែម្តង។ 

ដូចនេះ អ្នកគូរឲ្យតែ ចេះគ្រប់គ្រងអារម្មណ៍ និងពាក្យសម្តីរបស់ខ្លួន មិនកុំបញ្ចេញមកតាមអារម្មណ៍ យកតែចិត្តខ្លួនឯងខ្លាំងពេក និយាយបែបសមញ្ញថា កុំពូកែ Drama ពេក ពីព្រោះជីវិតពិតមិនមែនដូចក្នុងរឿងទាំងអស់នោះទេ ស្វាមីរបស់អ្នកក៏គេចេះធុញទ្រាន់ដែរ គេមិនអាចនឹងតាមលួងលោងអ្នករហូតនោះទេ។ ពេលខ្លះ ដើម្បីគេចពីអារម្មណ៍មិនដឹងអ្វីរបស់អ្នក គេសុខចិត្តទៅក្រៅផ្ទះ ដើម្បីរកសេចក្តីសុខ និងកាត់បន្ថយអារម្មណ៍តឹងតែងធុញទ្រាន់នឹង ប្រពន្ធពូកែ Drama ដូចជាអ្នកក៏ថាបានដែរ៕ 

ប្រភព៖  8 little things|Familyshare | Wikihow|Familyshare Romantic|

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]