(ភ្នំពេញ)៖ ពិតជាមិននឹកស្មានថា តារាសម្ដែង កុល ដាវី បានបើកកកាយពីចរិតពិត របស់គូស្នេហ៍ គឺលោក សុខ រក្សា គ្មានសល់បន្តិចសោះ ក្រោយពីអ្នកទាំងពីរបានរួមរស់ជាមួយគ្នា ជាប្ដីប្រពន្ធក្រៅសំណាញ់ប្រពៃណីរួចមក ខណៈ ដែល កុល ដាវី បានបង្ហើបថា សុខ រក្សា ជាមនុស្សកំណាញ់ស្វិត រិះថាំ ប៉ុន្តែអាចធ្វើឲ្យនាង មានក្ដីសុខ និងរស់នៅប្រកបដោយសុភមង្គល។

យ៉ាងណាមិញ បន្ទាប់ពីបានទស្សនាការផ្សាយផ្ទាល់ កិច្ចសម្ភាសន៍របស់តារាសម្ដែង​សាច់សខ្ចី វ័យរាងជ្រេ សម្រស់បាន កុល ដាវី តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Khmertalking ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ ដល់មហាជនគ្រប់ទិសទីរួចមក នាងបានបង្ហើបរឿងរ៉ាវជាច្រើន ទាក់ទងនឹងចំណងស្នេហារបស់នាង ជាមួយនឹង លោក សុខ រក្សា។ អ្វីដែលមហាជនចាប់អារម្មណ៍ កាន់តែខ្លាំងនោះ គឺពេលដែលនាងបានបង្ហើបថា លោក សុខ រក្សា ទោះជាមនុស្សកំណាញ់ ម៉ត់ចត់នឹងលុយកាក់​ក៏ពិតមែន តែលោកធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យនាងមិនអាចបំភ្លេចបាន នឹងចាប់ចិត្តស្រឡាញ់ រហូតមកដល់សព្វថ្ងៃ។

អ្វីដែលពិសេសនេះ ចំណងស្នេហ៍របស់នាង មកទល់នឹងបច្ចុប្បន្ននេះ មិនអាចមានអ្នកជ្រៀតជ្រែកបានទេ ខណៈស្នេហាប្រុសស្រី អ្នកសិល្បៈដូចគ្នានេះ មានភាពជឿជាក់គ្នាយ៉ាងខ្លាំង។

ថ្លែងប្រាប់ តាមការសាកសួរ ពីសំណាក់ពិធីករ និងពិធីការិនី ​កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា កុល ដាវី បានថ្លែងទាំងទឹកមុខស្រស់ស្រាយថា «ដំបូងឡើយ កាលដែលខ្ញុំស្រឡាញ់បង សុខ រក្សា មក ខ្ញុំអាចសង្កេតបានថា គាត់មិនចេះចាយវាយលុយខ្ជះខ្ជាយទេ សូម្បីតែការហូបចុក ក៏គាត់មានការគិតគ្រប់ជ្រុងជ្រោយដែរ ប៉ុន្តែអ្វីដែលគាត់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ គឺគាត់ហ៊ានទិញរ៉ូបមួយតម្លៃ ២៥០ ដុល្លារ​ឲ្យខ្ញុំ អ៊ីចឹងពេលនោះ ខ្ញុំមានអារម្មណ៍ថារំភើបមែនទែន ទាំងនេះហើយជារឿងដែលខ្ញុំ មិនអាចបំភ្លេចបាន ព្រោះគាត់រិះសូម្បីតែ​៥ដុល្លារ ប៉ុន្ដែគាត់ហ៊ានទិញរបស់ថ្លៃឲ្យខ្ញុំ»។

តារាសម្ដែងរូបឆោមលោមពណ៌ស្រស់ស្អាត កញ្ញា កុល ដាវី បានបន្តថា «ទោះបីជាមានអ្នកមាន អ្នកធំ មកសុំស្នេហ៍ពីខ្ញុំ ដោយឲ្យអ្វីៗគ្រប់យ៉ាងក៏ដោយ ក៏ខ្ញុំមិនទទួលដែរ ពោលគឺគ្មានអ្នកណាល្អជាង បង សុខ រក្សា ទេ ខណៈបច្ចុប្បន្ននេះ ខ្ញុំនិង​បងសុខ​ រក្សា គឺយើងល្អនឹងគ្នាទៅវិញទៅមក ប៉ុន្ដែនៅថ្ងៃមុខមានរឿងអ្វី យើងមិនអាចមើលឃើញទេ។ អ្វីដែលសំខាន់ គ្មានអ្វីមកផ្លាស់ប្តូរចិត្ត ខ្ញុំបានទេ!»។

គួរបញ្ជាក់​​ថា កញ្ញា កុល ដាវី និង លោក សុខ រក្សា ចំណងស្នេហ៍​រវាងអ្នកទាំងពីរ ហាក់គ្មានអ្វីលាក់បាំង ដូច​អ្នកសិល្បៈផ្សេងៗទៀតនោះទេ ខណៈអ្នកទាំងពីរ កំពុងមានគម្រោងចូលរោងការជាមួយគ្នា ក្នុងឆ្នាំ ២០១៨នេះ។

កុល ដាវី និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ រក្សា