(កំពង់ធំ)៖ ដោយមានការចង្អុលបង្ហាញពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងក្រោមឱវាទចុះធ្វើការរុះរើ កាត់ស្លាក សំយ៉ាប និងសំណង់មួយចំនួន ដែលប៉ះពាល់សោភណ្ឌភាពបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងក្រុងស្ទឹងសែន។

លោក ម៉ាក់ ប៊ុនហុង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ ឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះថា ការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង ពិតជាមានសារសំខាន់ណាស់ ព្រោះវាជាសោភណ្ឌភាពរបស់ក្រុង និងជាមុខមាត់របស់ខេត្ត។ ដូច្នេះរដ្ឋបាល ក្រុងស្ទឹងសែន បានជូនដំណឹងព្រមទាំងចុះវាស់វែង នូវផលប៉ះពាល់ ដល់បងប្អូនប្រជាពល រដ្ឋរយៈពេលមួយខែមកហើយ គឺចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ មកម៉្លេះ។

លោក ម៉ាក់ ប៊ុនហុង បានបន្តថា ចំពោះស្លាកយីហោរ ប៉ាណូ របងផ្ទះ តូបលក់ដូរ សំយ៉ាបផ្ទះ ដែលលយចេញស្ថិត នៅទីតាំងហាមឃាត់គឺធ្វើការកាត់ ចេញតែម្តងរាល់ការរុះរើទាំងអស់ គឺមានការឯកភាព ពីម្ចាស់អចលនទ្រព្យតែដោយ ប្រជាពលរដ្ឋខ្វះឧបករណ៍ និងមធ្យោបាយទើបសាលាក្រុង ជួយសម្រួលចុះអនុវត្តន៍។

លោក ម៉ាក់ ប៊ុនហុង បានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់ចែកសណ្តាប់ធ្នាប់ចេញជា៤ផ្នែកផ្សេងគ្នាគឺទី១៖ ចាប់ពីភូមិពុកយុក សង្កាត់ស្រយ៉ូវ ដល់ស្ពានត្បូងចាម ត្រូវរក្សាទុកចន្លោះ ប្រវែង២០ម៉ែតពីអ័ក្សផ្លូវ, ទី២៖ ពីស្ពានត្បូងចាម ដល់ស្ពានអាចារ្យលាក់ រក្សាទុកចំងាយ១០ម៉ែត្រ ពីអ័ក្សផ្លូវ ទី៣៖ ពីស្ពានអាចារ្យលាក់ ដល់ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ រក្សាទុកប្រវែង២០ម៉ែត្រ ពីអ័ក្សផ្លូវ និងទី៤៖ សម្រាប់ទីតាំងផ្សេងទៀត ត្រូវរក្សាទុកចន្លោះពីអ័ក្សរផ្លូវតាមស្ថានភាពជាក់ស្តែងនៃផ្លូវ នីមួយៗ។

លោក ច្រឹប សំអុល ជាអាជីវករ និងលោក គ្រុយ សេងគីម ជាម្ចាស់ស្ថានីយ៍សាំងតេលា រស់នៅក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន បានលើកឡើងថាដូចគ្នាថា ការចុះរុះរើរបស់អាជ្ញាធរក្រុង មានការប៉ះពាល់នៅផ្នែកដំបូល និងប៉ាណូផ្នែកខាងមុខប៉ុន្តែគាត់នៅតែមានភាពសប្បាយ រីករាយ និងចូលរួមសហការណ៍ជាមួយអាជ្ញាធរក្នុងការរុះរើ ចេញព្រោះការងារនេះ គឺជាការរៀបចំសណ្តាប់ធ្នាប់ក្នុងទាំងមូលហើយមួយវិញទៀត វាជាការជួយ និងចូលរួមលើកស្ទួយ នូវសោភណ្ឌភាពទីក្រុង ព្រមទាំងទាក់ទាញនូវការឆ្លងកាត់ ក៏ដូចជាស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកខេត្តកំពង់ធំផងដែរ៕

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload