កណ្តាល៖ ស្នូរគ្រាប់កាំភ្លើង របស់កូនប្រុស អភិបាលខេត្តកណ្តាល ត្រូវបានផ្ទុះយ៉ាងគក្រើក ចំនួន ៤ គ្រាប់ ទាំងកណ្តាលយប់ ផ្អើលប្រជាពលរដ្ឋ បន្ទាប់ផឹកស៊ី នៅក្លឹបកំសាន្ត ៧មករា ក្រុងតាខ្មៅ វេលាម៉ោង ២៣៖១៥នាទីយប់ កាលពីយប់ថ្ងៃទី ៩ មីនា ឆ្នាំ ២០១២ ។

តាមសមត្ថកិច្ចបានប្រាប់ថា ការបាញ់ ៤គ្រាប់យ៉ាងព្រហើន នេះ គឺបង្កឡើងដោយ កូនប្រុសលោកអភិបាលខេត្តកណ្តាល ឈ្មោះ ឈុន រស្មី ជាមន្រ្តីនគរបាល ប៉ុស្តិកំពង់សំណាញ់ ហើយក្នុងហេតុការណ៌នោះ ក៏មានអ្នករងរបួសឈ្មោះ ប៊ុន តើម ភេទប្រុស អ្នកជាចូលលេងរាំកំសាន្ត ចំណែកកាំភ្លើងរបស់ជនបង្ក គឺម៉ាកឡុក ករណីនោះកើតឡើងនៅក្នុងក្លឹបកំសាន្ត ៧មករា តែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជនបង្ក បានចូលទៅរាំលេងកំសាន្ត ក្នុងក្លឹបខាងលើនោះ បន្ទាប់ពីផឹកស៊ីស្រវឹង ក៏បានបាញ់ឡើងលើ ត្រូវនឹងពិដានបាក់ធ្លាក់ មកចំអ្នករាំកំសាន្ត រួចហើយក៏ចេញមកក្រៅឡើងរថយន្ត (មិនស្គាល់ម៉ាក) និងមានបក្ខពួក ៤នាក់ ផ្សេងទៀតជិះចេញទៅបាត់ដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចណាម្នាក់ឡើយ ។

តាមមតិប្រជាពលរដ្ឋ រស់នៅក្រុងតាខ្មៅ បានសំណូមពរ ទៅដល់សមត្ថកិច្ច សូមតាមជួយចាប់ជនបង្ក នេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ បើទោះបីជាមានខ្នងក្រាស់ប៉ុណ្ណាក៏ដោយ វាជាគំរូដល់អ្នកក្រោយៗទៀត មិនមែនមានខ្នងធំ ត្រូវរួចខ្លួននោះទេ ។ សូមជំរាបថា ការផ្ទុះអាវុធដ៏គឃ្លើននេះ គឺធ្វើឡើង ខណះលោក ឧត្តមសេនីយ៌ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត កណ្តាល កំពុងជាប់បេសសកម្ម នៅក្រៅប្រទេស ៕

ដោយ៖ លឹម ជាវុត្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]