យើងដឹងរួចមកហើយថា ផ្កាកុលាបគឺជាផ្កាដែលមានភាពស្រស់ស្អាត និងពេញនិយមសម្រាប់តុបតែងលម្អពិធីផ្សេងៗ។ 

យ៉ាងណាមិញគេក៏នៅអាចយកវាទៅចម្រាញ់ជាប្រេង ឬទឹកអប់ដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ និងអាចទាញប្រយោជន៍ជំនួយសុខភាពយ៉ាងច្រើនទៀតផង។ មនុស្សភាគច្រើនអាចនឹកស្មានមិនដល់ទេថា ផ្កាកុលាបអាចយកមកទទួលទានបាន។

ដូច្នេះមកតាមដានពីគុណសម្បត្តិរបស់ផ្កាកុលាបម្តងមើល៍ ហើយថាតើអាចជំនួយសុខភាពបែបណាខ្លះ និងតាមវិធីណាដូចខាងក្រោម៖

ផ្កាកុលាបក៏ត្រូវបានគេដឹងថា អាចយកមកទាញផលប្រយោជន៍ធ្វើជារបស់សម្រាប់ជំនួយសុខភាពរាងកាយបានយ៉ាងច្រើនផងដែរ

# គុណប្រយោជន៍ផ្កាកុលាប

ផ្កាកុលាបត្រូវបានគេដឹងផថា សម្បូរទៅដោយវីតាមីន A វីតាមីន B3 វីតាមីន C វីតាមីន E និងវីតាមីន F ជាពិសេសថែមទាំងពោរពេញទៅដោយជាតិប្រេងពីធម្មជាតិដ៏ច្រើនលើសលប់ សម្រាប់ជំនួយសុខភាពរាងកាយ និងសម្រស់។ ក្រៅពីនេះក្លិនរបស់ផ្កាកុលាបថែមទាំងអាចជំនួយដល់ផ្លូវអារម្មណ៍ ឱ្យមានភាពធូរស្រាល បំបាត់អារម្មណ៍តានតឹង មិនសប្បាយចិត្ត និងស្ត្រេសបានយ៉ាងប្រសើរ។

បន្ថែមពីនេះ ការយកផ្កាកុលាបធ្វើជាទឹកតែ និងទឹកសឺរ៉ូទទួលទាន អាចមានលទ្ធភាពជំនួយសុខភាពបានច្រើនយ៉ាងដូចជា៖

- អាចជួយធ្វើឱ្យអារម្មណ៍មានភាពស្ងប់ស្ងាត់ ស្រស់ស្រាយ បំបាត់បញ្ហាតានតឹងក្នុងអារម្មណ៍ និងជួយបន្សុទ្ធឈាម

- ជួយព្យាបាលជំងឺរលាកសន្លាក់-ឆ្អឹង ឈឺបំពង់ក ឈឺក្បាល វិលមុខ ជំងឺខាន់លឿង សម្អាតថ្លើម ជំងឺរលាកផ្លូវដង្ហើម ជំងឺរលាកទងសួត និងធ្វើឱ្យសុខភាពល្អប្រសើរឡើងបន្ទាប់ពីការព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយ៉ូទិក

- អាចជួយសម្រួលការឈឺចាប់មុន និងក្រោយពេលមករដូវសម្រាប់ស្ត្រី ជាពិសេសអាចជួយដោះស្រាយបញ្ហាការធ្លាក់ឈាមច្រើនពេកជាដើម។

តែកុលាបអាចជួយសម្រួលការឈឺចាប់មុន និងក្រោយពេលមករដូវសម្រាប់ស្ត្រី ជាពិសេសអាចជួយដោះស្រាយបញ្ហាការធ្លាក់ឈាមច្រើនពេកជាដើម

- បំបាត់អាការរលាកក្នុងខ្លួន ថែមទាំងជួយបំបាត់បញ្ហាមុខមុន ពន្យារភាពចាស់ និងស្នាមជ្រីវជ្រួញ ថែមទាំងជួយធ្វើឱ្យស្បែកកាន់តែក្មេងស្រស់ស្អាត។

- ជួយឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទប់ស្កាត់ពីជំងឺផ្សេងៗ ជាពិសេស​គ្រុន និងផ្តាសាយ

- ជំនួយដល់ប្រព័ន្ធរំលាយអាហារ ការពារបញ្ហាក្រពះពោះវៀន ថែមទាំងជំនួយដល់ការសម្រកទម្ងន់ផងដែរ។

តែកុលាបបំបាត់អាការរលាកក្នុងខ្លួន ថែមទាំងជួយបំបាត់បញ្ហាមុខមុន ពន្យារភាពចាស់ និងស្នាមជ្រីវជ្រួញ ថែមទាំងជួយធ្វើឱ្យស្បែកកាន់តែក្មេងស្រស់ស្អាត

# វិធីធ្វើភេសជ្ជៈពីផ្កាកុលាប

១. ទឹកស៊ីរ៉ូពីផ្កាកុលាបសម្រាប់បញ្ហាផ្លូវដង្ហើម

# គ្រឿងផ្សំ

- ទឹកស្អាត កន្លះលីត្រ

- ស្រទាប់ផ្កាកុលាប ២ ពែង (២ក្តាប់ដៃ)

- ស្ករស ២៥០ក្រាម

- ទឹកក្រូចឆ្មារសម្បកលឿង ១ផ្លែ (ក្រូចឆ្មារធម្មតាក៏បាន)

គ្រឿងផ្សំទឹកស៊ីរ៉ូពីផ្កាកុលាបសម្រាប់បញ្ហាផ្លូវដង្ហើម

# វិធីអនុវត្ត

- លាងសម្អាតស្រទាប់ផ្កាកុលាបឱ្យស្អាត និងអស់ជាតិដី

- ដាំទឹកស្អាតឱ្យពុះ រួចយកទឹកដែលពុះ ត្រាំជាមួយនឹងស្រទាប់កុលាប ទុកចោល ២៤ម៉ោង(១ថ្ងៃពេញ)

- ថ្ងៃបន្ទាប់ យកផ្កាកុលាបដែលត្រាំមកដាំឱ្យពុះម្តងទៀត រួចលាយជាមួយនឹងស្ករសចំនួន ២៥០ក្រាម សឹមដាក់ចូលទឹកក្រូចឆ្មារសម្បកលឿង  ទុកឱ្យពុះរយៈពេល ៥នាទីបន្ថែមទៀត។

- ជាចុងបញ្ចាប់ពេលដែលវាចុះត្រជាក់ អ្នកអាចរក្សាទុកក្នុងដបបិទជិតទុកក្នុងទូទឹកកក ។

- អ្នកអាចទទួលទានទឹកសឺរ៉ូនេះ ម្តង ២ ទៅ ៤ស្លាបព្រាបាយជាប្រចាំថ្ងៃ រាល់ពេលដែលអ្នកមានបញ្ហាជំងឺផ្សេងៗ ជាពិសេសគឺជំងឺទាក់ទងនឹងផ្លូវដង្ហើម។

យកផ្កាកុលាបដែលត្រាំមកដាំឱ្យពុះម្តងទៀត រួចលាយជាមួយនឹងស្ករសចំនួន ២៥០ក្រាម សឹមដាក់ទឹកក្រូចឆ្មារសម្បកលឿង ទុកឱ្យពុះរយៈពេល ៥នាទីបន្ថែមទៀត

២.ទឹកតែពីផ្កាកុលាបសម្រាប់សុខភាពទូទៅ និងសម្រស់

# គ្រឿងផ្សំ

- ផ្កាកុលាបក្រៀម និងបុកឱ្យហ្មត់ ២ស្លាបព្រាបាយ (យកផ្កាកុលាបលាងទឹកឱ្យស្អាត រួចយកទៅហាលថ្ងៃឱ្យស្ងួត និងក្រៀម)

- ទឹកស្អាត ១ពែងកន្លះ

- ទឹកឃ្មុំ 

គ្រឿងផ្សំទឹកតែពីផ្កាកុលាបសម្រាប់សុខភាពទូទៅ

# វិធីអនុវត្ត

- ដាក់ផ្កាកុលាបក្រៀមដែលបុករួច ដាំជាមួយនឹងទឹករហូតដល់ពុះ រួចរំងាស់ឱ្យបាន ៥នាទី ទៅ១០នាទីបន្ថែមទៀត ហើយសឹមត្រងយកតែទឹកមកប្រើការ។

- រាល់ពេលទទួលទាន អ្នកអាចដាក់ទឹកឃ្មុំបន្ថែម ដើម្បីបង្កើនរសជាតិ។ ក្នុងមួយថ្ងៃអ្នកអាចទទួលទាន ១ ឬក៏២ពែងជាប្រចាំថ្ងៃ។

ប្រសិនជាអ្នកចង់បានតែកុលាបដែលមានរសជាតិឈ្ងុយឆ្ងាញ់ អ្នកអាចជ្រើសផ្កាកុលាបដែលមានក្លិនក្រអូប និងជ្រើសយកផ្កាកុលាបដែលហាលកុំឱ្យក្រៀមពេក ឬប្រើផ្កាកុលាបស្រស់ៗមកប្រើប្រាស់ក៏បាន។

ដាក់ផ្កាកុលាបក្រៀមដែលបុករួច ដាំជាមួយនឹងទឹករហូតដល់ពុះ រួចរំងាស់ឱ្យបាន ៥នាទី ទៅ១០នាទីបន្ថែមទៀត ហើយសឹមត្រងយកតែទឹកមកប្រើការ

បម្រាម៖ 

អ្នកដែលត្រូវហាមប្រាមក្នុងការប្រើប្រាស់តែ ឬទឹកសឺរ៉ូផ្សំពីផ្កាកុលាបមានដូចជា៖

- អ្នកដែលមានបញ្ហាក្រួសក្នុងតម្រងនោម និងបញ្ហាទឹកប្រមាត់

- ស្ត្រីដែលមានផ្ទៃពោះ និងកំពុងតែបំបៅដោះកូន

- សម្រាប់អ្នកដែលចាប់ផ្តើមទទួលទានស្រាប់តែមានអារម្មណ៍ថា រលាក កន្ទួល និងក្អួតចង្អោរសូមបញ្ឈប់ការទទួលទានតែមួយនេះភ្លាម។

ចំណាំ៖ អ្នកអាចរកទិញផ្កាកុលាបក្រៀមដែលមានស្រាប់នៅផ្សារទំនើប តែអ្នកក៏អាចយកផ្កាកុលាបមកហាល និងអនុវត្តជាទឹកតែដោយខ្លួនឯងផងដែរ ដោយការប្រើផ្កាកុលាបធម្មជាតិឬផ្កាដែលដាំដោយខ្លួនឯងទើបជាការល្អ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]