អ្នកប្រាកដជាបានចងចាំមេរៀនមួយដ៏សំខាន់នៅក្នុងជីវិតហើយ ដែលលោកគ្រូអ្នកគ្រូនៅសាលាតាំងពីបឋមសិក្សា រហូតដល់វិទ្យាល័យតែងតែណែនាំកូនសិស្សឱ្យរក្សាអនាម័យខ្លួនប្រាណជាប្រចាំ រហូតមានពាក្យស្លោកថា «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។ ជាការពិតណាស់ ការរក្សាអនាម័យខ្លួនប្រាណអាចជួយធ្វើឱ្យអ្នកមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺតម្កាត់ផ្សេងៗបានយ៉ាងប្រសើរ។

ទោះជាយ៉ាងណាក៏ដោយ  អនាម័យខ្លួនប្រាណពីក្បាលដល់ចុងជើងនៅតែជារឿងមួយដែលគួរឱ្យព្រួយបារម្ភ ដោយសារមានមនុស្សមួយចំនួនគិតថារឿងធម្មតា និងមិនសូវអើពើប៉ុន្មានទេ។ ប៉ុន្តែទង្វើដែលមិនសូវខ្វល់ពីរឿងអនាម័យចាប់ពីរឿងតូចតាចឡើងទៅ អាចបង្កផលប៉ះពាល់ខ្លាំងណាស់សម្រាប់សុខភាពមនុស្សយើង។

ដូច្នេះ ថ្ងៃនេះយើងសូមលើកយកទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលអាចធ្វើឱ្យប៉ះពាល់ដល់អនាម័យខ្លួនប្រាណ និងបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក៖

១.ខាំក្រចកដៃខ្លួនឯង

ទង្វើដែលតែងតែខាំក្រចកដៃខ្លួនឯងលេង ពេលខ្លះវាបណ្តាលមកពីអារម្មណ៍របស់អ្នកផ្ទាល់តែម្តង មិនថាអារម្មណ៍អផ្សុក ស្ត្រេស ឬអៀនទេ សុទ្ធតែអាចធ្វើឱ្យអ្នកខាំក្រចកដៃដោយមិនដឹងខ្លួន។ សូមបញ្ឈប់ការធ្វើបែបនេះទៅ ព្រោះវាមិនត្រឹមតែធ្វើឱ្យខូចក្រចករបស់អ្នកទេ តែមេរោគដែលនៅលើដៃ និងក្រចកនឹងឆ្លងចូលទៅក្នុងខ្លួនរបស់អ្នក ហើយបង្កជាមេរោគផ្សេងៗជាមិនខាន។

ចូលចិត្តខាំក្រចកដៃមិនត្រឹមតែធ្វើឱ្យខូចក្រចករបស់អ្នកទេ តែមេរោគដែលនៅលើដៃ និងក្រចកនឹងឆ្លងចូលទៅក្នុងខ្លួនរបស់អ្នក ហើយបង្កជាមេរោគផ្សេងៗជាមិនខាន

២.ប្រើប្រដាប់ខ្វារត្រចៀកញឹកញាប់

មានមនុស្សមិនតិចទេ ដែលនិយមប្រើប្រដាប់ខ្វារត្រចៀកជាដុំសម្លីសម្រាប់សម្អាតអាចម៍ត្រចៀកនោះ ដែលការពិតទៅវាមានផលប៉ះពាល់ជាជាងគុណប្រយោជន៍។ ដុំសម្លីដែលអ្នករុកចូលទៅក្នុងរន្ធត្រចៀក វាអាចធ្វើឱ្យប៉ះពាល់ដល់ក្រដាសត្រចៀក ជាពិសេសអាចឈានរហូតដល់ដាច់រហែកក្រដាសត្រចៀក ដែលធ្វើឱ្យអ្នកបាត់បង់សមត្ថភាពការស្តាប់បានផងដែរ (ថ្លង់)។ ដូច្នេះប្រសិនជាអ្នកមានបញ្ហា ឬមានអ្វីមិនប្រក្រតី អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការពិនិត្យប្រសើរជាង។

ដុំសម្លីដែលអ្នករុកចូលទៅក្នុងរន្ធត្រចៀក វាអាចធ្វើឱ្យប៉ះពាល់ដល់ក្រដាសត្រចៀក ជាពិសេសអាចឈានរហូតដល់ដាច់រហែកក្រដាសត្រចៀក ដែលធ្វើឱ្យអ្នកបាត់បង់សមត្ថភាពការស្តាប់បានផងដែរ

៣. លាងសម្អាតដៃបន្ទាប់ពីចេញពីបន្ទប់ទឹក

ជារឿយៗតាំងពីតូចមក អ្នកប្រាកដជាត្រូវបានណែនាំ និងបង្រៀនពីរបៀបនៃការលាងសម្អាតដៃក្រោយបន្ទោរបង់រួច។ ប៉ុន្តែមកទល់ពេលនេះ នៅតែមានមនុស្សមួយចំនួនមិនចាប់អារម្មណ៍ ឬគិតថាវាគ្មានបញ្ហាអ្វី។ ផ្ទុយទៅវិញ នេះជារឿងសំខាន់ណាស់ ដៃរបស់អ្នកសម្បូរទៅដោយមេរោគ ជាពិសេសអាចនឹងជាប់មេរោគពីបន្ទប់ទឹកផងដែរ។ ដូច្នេះការលាងដៃរាល់ពេលចេញពីបន្ទប់ទឹក អាចជួយការពារ និងបង្ការអ្នកពីមេរោគ ឬជំងឺផ្សេងៗបានយ៉ាងល្អ។

ការលាងដៃរាល់ពេលចេញពីបន្ទប់ទឹក អាចជួយការពារ និងបង្កាអ្នកពីមេរោគ ឬជំងឺផ្សេងៗបានយ៉ាងល្អ

៤. មិនប្តូរច្រាស់ដុសធ្មេញ

ប្រហែលជាមានមនុស្សមិនតិចនាក់ទេ ដែលមិនចាប់អារម្មណ៍ ឬគិតថាវាគ្មានបញ្ហាអ្វីចោទឡើង  បើគ្រាន់តែប្រើច្រាស់ដុសធ្មេញរាប់ខែរាប់ឆ្នាំនោះ ដោយសារតែវាជារបស់ផ្ទាល់ខ្លួន។ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាគំនិតដែលខុសទាំងស្រុង។ ច្រាស់ដុសធ្មេញផ្ទុកទៅដោយមេរោគបាក់តេរីយ៉ាងច្រើន ហើយវាថែមទាំងអាចបង្កមេរោគ និងជំងឺមាត់ធ្មេញដល់អ្នកផងដែរ ជាពិសេសនោះ ថែមទាំងត្រូវបានគេស្រាវជ្រាវរកឃើញថាអាចប៉ះពាល់ដល់ជំងឺបេះដូងផងដែរ ប្រសិនជាអ្នកមិនព្យាយាមប្តូរចាស់ដុសធ្មេញថ្មីទេ។ ដូច្នេះអ្នកត្រូវតែប្តូរច្រាស់ដុសធ្មេញរាល់ ២ ទៅ៣ខែម្តង ទើបជាការល្អចំពោះសុខភាព។

អ្នកត្រូវតែប្តូរច្រាស់ដុសធ្មេញរាល់ ២ ទៅ៣ខែម្តងទៀតជាការល្អចំពោះសុខភាព

៥.របៀបដុសសម្អាតធ្មេញ

ប្រសិនជាអ្នកដុសត្រឹមតែធ្មេញ ជាពិសេសការអនុវត្តនៃការដុសធ្មេញមិនត្រឹមត្រូវតាមក្បួនខ្នាតទេ មេរោគនឹងនៅតែបន្សល់នៅក្នុងមាត់ធ្មេញរបស់អ្នក ហើយបេះដូងនឹងបង្កើនលំហូរឈាមទៅកាន់មាត់ធ្មេញផងដែរ។ ទន្តពេទ្យជាច្រើនបានណែនាំថា អ្នកគួរតែដុសសម្អាតធ្មេញឱ្យបាន ២នាទី ជាពិសេសកុំភ្លេចសម្អាតអណ្តាត និងដុសធ្មេញឱ្យមានក្បួនខ្នាតត្រឹមត្រូវ មិនមែនចេះតែដុសៗរូសៗដូចអារឈើឡើយ។

ប្រសិនជាអ្នកដុសត្រឹមតែធ្មេញ ជាពិសេសការអនុវត្តនៃការដុសធ្មេញមិនត្រឹមត្រូវតាមក្បួនខ្នាតទេ មេរោគនឹងនៅតែបន្សល់នៅក្នុងមាត់ធ្មេញរបស់អ្នក

៦.មិនប្រើខ្សែសម្អាតធ្មេញ

មិនថាអ្នកសម្អាតធ្មេញស្អាតប៉ុណ្ណា ឬសម្អាតធ្មេញប៉ុន្មានដងក្នុងមួយថ្ងៃ តែវានៅតែមិនគ្រប់គ្រាន់ដែលអាចកម្ចាត់មេរោគបាក់តេរីឱ្យអស់ពីមាត់ធ្មេញរបស់អ្នកដែរ។ ការប្រើខ្សែសម្អាតធ្មេញ គឺជាវិធីល្អបំផុត ដែលអាចធ្វើឱ្យអ្នកអស់បញ្ហាមេរោគ និងកាកសំណល់នៅចន្លោះធ្មេញដែលច្រាស់ដុសធ្មេញមិនអាចសម្អាតដល់។ ការប្រើខ្សែសម្អាតធ្មេញមិនត្រឹមតែធ្វើឱ្យមាត់ធ្មេញមានសុខភាពល្អទេ តែថែមទាំងអាចការពារពីជំងឺទាក់ទងនឹងអញ្ចាញធ្មេញជាច្រើនផ្សេងទៀតផងដែរ។

ការប្រើខ្សែសម្អាតធ្មេញ គឺជាវិធីល្អបំផុត ដែលអាចធ្វើឱ្យអ្នកអស់បញ្ហាមេរោគ និងកាកសំណល់នៅចន្លោះធ្មេញដែលច្រាស់ដុសធ្មេញមិនអាចសម្អាតដល់

៧. ប្រើវិធីជម្រះកខ្វក់លើផ្ទៃមុខរាល់ថ្ងៃ

ការប្រើស្ក្រាប់ ឬផលិតផលសម្អាតផ្ទៃមុខ ដើម្បីជម្រះភាពកខ្វក់ និងកោសិកាស្បែកដែលងាប់ ឬខូចលើផ្ទៃមុខជារឿងល្អ។ តែពេលដែលអ្នកប្រើវាជាប្រចាំហួសហេតុពេក ឬប្រើវាជារៀងរាល់ថ្ងៃ វាបែរជាធ្វើឱ្យស្បែកមុខរបស់អ្នកមានបញ្ហា ថែមទាំងមានស្នាមជ្រីវជ្រួញផងដែរ។ ការប្រើផលិតផលជម្រះភាពកខ្វក់ដែលល្អបំផុត គឺត្រូវតែអនុវត្តវាត្រឹមតែ២ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ទើបមានប្រសិទ្ធភាពដល់សុខភាពស្បែក និងគ្មានផលប៉ះពាល់ផ្សេងៗ។

ការប្រើស្ក្រាប់ ឬផលិតផលសម្អាតផ្ទៃមុខ ដើម្បីជម្រះភាពកខ្វក់ និងកោសិកាស្បែកដែលងាប់ ឬខូចលើផ្ទៃមុខជារឿងល្អ។ តែពេលដែលអ្នកប្រើវាជាប្រចាំហួសហេតុពេក ឬប្រើវាជារៀងរាល់ថ្ងៃ វាបែរជាធ្វើឱ្យស្បែកមុខរបស់អ្នកមានបញ្ហា ថែមទាំងមានស្នាមជ្រីវជ្រួញ

៨.មិនបានសម្អាតរបស់ដែលប្រើប្រាស់ជាប្រចាំថ្ងៃ

តើរបស់ណាខ្លះដែលអ្នកតែងតែប្រើវាជាប្រចាំ និងនៅជាប់ខ្លួនរបស់អ្នកស្ទើរតែរៀងរាល់ថ្ងៃ ឬគ្រប់ពេល? វាអាចជាតេឡេបញ្ជាទូរទស្សន៍ កុងតាក់បិទបើកភ្លើង ក្តាចុចកំព្យូទ័រ(Keyboards) និងទូរស័ព្ទដៃជាដើម។ ប៉ុន្តែមិនថារបស់អ្វីក៏ដោយដែលអ្នកតែងតែឧស្សាហ៍ប្រើប្រាស់ អ្នកត្រូវតែសម្អាតវាឱ្យបានស្អាតជាប្រចាំ ដើម្បីការពារអនាម័យខ្លួនប្រាណ និងចៀសឆ្ងាយពីការឆ្លងមេរោគបាក់តេរីផ្សេងៗ។

តេឡេបញ្ជាទូរទស្សន៍ កុងតាក់បិទបើកភ្លើង ក្តាចុចកំព្យូទ័រ(Keyboards) និងទូរស័ព្ទដៃជាដើម។ ប៉ុន្តែមិនថារបស់អ្វីក៏ដោយដែលអ្នកតែងតែឧស្សាហ៍ប្រើប្រាស់ អ្នកត្រូវតែសម្អាតវាឱ្យបានស្អាតជាប្រចាំ

៩. ថ្នាំដុសធ្មេញមានសារធាតុ fluoride-filled

ថ្នាំដុសធ្មេញមានសារធាតុ fluoride-filled ជាប្រភេទថ្នាំដុសធ្មេញដែលមានគ្រោះថ្នាក់សម្រាប់សុខភាពធ្មេញរបស់កុមារខ្លាំងណាស់ ដែលអាចធ្វើឱ្យធ្មេញដុះមិនត្រង់ជួរ និងមានស្នាមសៗលើតួធ្មេញជាដើម។ ថ្នាំដុសធ្មេញមួយនេះថែមទាំងអាចធ្វើឱ្យធ្មេញខ្ទេច(ខូច បែកឬបាក់) និងអាចបង្កើនជាតិអាលុយមីញ៉ូមដែលប៉ះពាល់ដល់ខួរក្បាល រួមទាំងការវិវឌ្ឍន៍ជាជំងឺចាស់វង្វេងវង្វាន់ (Alzheimer’s Disease ) នាពេលខាងមុខផងដែរ។

ថ្នាំដុសធ្មេញមានសារធាតុ fluoride-filled ជាប្រភេទថ្នាំដុសធ្មេញដែលមានគ្រោះថ្នាក់សម្រាប់សុខភាពធ្មេញរបស់កុមារខ្លាំងណាស់ ដែលអាចធ្វើឱ្យធ្មេញដុះមិនត្រង់ជួរ និងមានស្នាមសៗលើតួធ្មេញជាដើម

១០.គេងសង្កត់លើផ្ទៃមុខ

ការគេងក្រឡាប់ ឬគេងដោយសង្កត់ផ្ទៃមុខដាក់សម្ពាធលើខ្នើយគឺជាហេតុផលចម្បងដែលធ្វើឱ្យផ្ទៃមុខរបស់អ្នកមានស្នាមជ្រីវជ្រួញ មុខស្ងួត និងប៉ះពាល់ដល់សសៃសក់ផងដែរ។ ដូច្នេះគួរចៀសវាងការគេងបែបនេះ ជាពិសេសអ្នកអាចរកខ្នើយដែលផ្សំពីក្រណាត់ទន់សសៃសូត្រទើបជាការល្អ។ ម្យ៉ាងវិញទៀតកុំភ្លេចបោកសម្អាតស្រោមខ្នើយ ឬកម្រាលពូកឱ្យបានស្អាតជាប្រចាំផង ចៀសវាងមេរោគផ្សេងៗឆ្លងចូលទៅក្នុងរាងកាយរបស់អ្នក។

ការគេងក្រឡាប់ ឬគេងដោយសង្កត់ផ្ទៃមុខដាក់សម្ពាធលើខ្នើយគឺជាហេតុផលចម្បងដែលធ្វើឱ្យផ្ទៃមុខរបស់អ្នកមានស្នាមជ្រីវជ្រួញ មុខស្ងួត និងប៉ះពាល់ដល់សសៃសក់ផងដែរ

១១.ប្រើម៉ាស៊ីនបូមធូលី

ការប្រើម៉ាស៊ីនបូមធូលីជាប្រចាំ និងជារៀងរាល់ថ្ងៃពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបាន ដោយការជាប់មេរោគលើឥដ្ឋ និងកម្រាលព្រំជាដើម ប្រសិនជាអ្នកមិនបានសម្អាតម៉ាស៊ីនបូមធូលីនេះជាប្រចាំទេ។ ដូច្នេះដើម្បីសុខភាពរាងកាយទាំងមូល អ្នកគួរតែកុំប្រើម៉ាស៊ីនបូមធូលីច្រើនពេក ឬអ្នកអាចលាងសម្អាតម៉ាស៊ីនបូមធូលី ឬគ្រឿងបន្លាស់របស់វា រាល់មួយអាទិត្យម្តងទើបជាការល្អ។

ការប្រើម៉ាស៊ីនបូមធូលីជាប្រចាំ និងជារៀងរាល់ថ្ងៃពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបាន ដោយការជាប់មេរោគលើឥដ្ឋ និងកម្រាលព្រំជាដើម

១២.កាត់ក្រចកខ្លីពេក

នៅពេលដែលអ្នកកាត់ក្រចកជើងខ្លីពេក ឬដល់សាច់ពេក នឹងធ្វើឱ្យអ្នកពិបាកក្នុងការដើរ ពាក់ស្បែកជើង និងស្រោមជើងជាដើម ដោយសារតែការឈឺចាប់។ ជាពិសេសថែមទាំងអាចបង្កជាការឈឺចាប់ដោយសារត្រចៀកក្រាញ់សាច់ក្រចកផងដែរ (ក្រចកដុះចូលទៅក្នុងសាច់)៕

អាចបង្កជាការឈឺចាប់ដោយសារត្រចៀកក្រាញ់សាច់ក្រចកផងដែរ (ក្រចកដុះចូលទៅក្នុងសាច់)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]