រាជធានីភ្នំពេញ ៖ ក្នុងពេលយុវវ័យភាគច្រើនចាប់ខ្លាំងលើសិល្បៈសម័យទំនើបនោះ តារាសម្តែង និងពិធីករលោកសុខ សេរីវឌ្ឍនា ស្នើឲ្យពួកគេគាំទ្រ និងឱ្យតម្លៃសិល្បៈបុរាណខ្លះ ដ្បិតសិល្បៈបុរាណជាមូលដ្ឋានគ្រឹះដើម្បីឈានទៅរកសិល្បៈសម័យ ។
សុខ សេរីវឌ្ឍនា បានសរសេរសារបង្ហោះតាមហ្វេសប៊ុករបស់លោកថា «យុវវ័យមួយចំនួនមិនសូវចាប់អារម្មណ៍នឹងសិល្បៈវប្បធម៌បុរាណប៉ុន្មានទេ ដោយគាត់គិតថាបុរាណ មួយៗ យឺតៗ មិនទាន់សម័យ ។ ប៉ុន្តែគាត់ភ្លេចគិតថាបើគ្មានបុរាណជាមូលដ្ឋានគ្រឹះ តើអាចមានសម័យដែរ ឬទេ? បើបើកចិត្តនិយាយឱ្យទូលាយ ពិភពលោកទាំងមូលគេឱ្យតម្លៃទៅលើបុរាណច្រើនជាងសម័យ ព្រោះបុរាណមានប្រវត្តិអាថ៌កំបាំង ផ្សេងៗ កើតមុនសម័យ បុរាណមិនងាយនឹងយល់ មិនងាយនឹងធ្វើបាន ខុសពីសម័យដែលប្រទេសណាក៏អាចធ្វើបាន ។
សិល្បៈបុរាណខ្មែរមានច្រើនទម្រង់ សំបូរបែប មានភាពអស្ចារ្យ បង្កប់ដោយអត្ថន័យជ្រាលជ្រៅ ដែលមានបង្ហាញលើចម្លាក់លើប្រាសាទបុរាណនានា និងមរតកមនុស្សរស់ដែលតែងតែបង្ហាញជូនអ្នកទស្សនាកន្លងមក ។ សិល្បៈបុរាណខ្មែរដែលមានវ័យចំណាស់គឺជាមរតកដែលមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន សូម្បីតែប្រទេសជិតខាងក៏លួចចម្លងតាម ។
ក្នុងនាមជាពលរដ្ឋខ្មែរ តើអ្នកបានយល់ដឹង និងស្គាល់អ្វីខ្លះអំពីសិល្បៈបុរាណខ្មែរ ? សូមចូលរួមថែរក្សា អភិរក្ស និងលើកតម្កើងសម្បត្តិវប្បធម៌បុរាណជាតិខ្មែរ សូមព្យាយាមផុស និងស៊ែរនូវរូបភាព ឬវីដេអូ សិល្បៈបុរាណខ្មែរដែលអ្នកស្រលាញ់ចូលចិត្តបំផុត ដើម្បីចូលរួមថែរក្សាជាមួយយើងខ្ញុំទាំងអស់គ្នា »។
ជាការកត់សម្គាល់មិនមានតែលោកសុខ សេរីវឌ្ឍនា ម្នាក់ទេដែលបានស្នើសុំឲ្យយុវវ័យចូលរួមគាំទ្រសិល្បៈបុរាណខ្មែរ ដោយនៅក្នុងនោះអ្នកសម្តែង និងគ្រូសិល្បៈបុរាណមួយចំនួនក៏បានអំពាវនាវដូចគ្នានេះដែរ ។
ជាអ្នកសម្តែង និងជាគ្រូបង្ហាត់សិល្បៈបុរាណផ្នែកល្ខោនខោលលោកហង្ស ភូមិរ៉ា បានស្នើសុំឲ្យយុវវ័យងាកមកចាប់អារម្មណ៍លើសិល្បៈបុរាណខ្លះផង ក្នុងពេលដែលសិល្បៈបុរាណបានធ្លាក់ចុះការគាំទ្រយ៉ាងគួរឲ្យបារម្ភ ។
បច្ចុប្បន្នយុវវ័យមានរាប់លាននាក់ ប៉ុន្តែបើនិយាយពីការគាំទ្រសិល្បៈបុរាណវិញគឺមានមិនដល់ម៉ឺននាក់ផង ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយក៏នៅមានភាពតូចចង្អៀតនៅឡើយ ។
បើតាមលោកហង្ស ភូមិរ៉ា ដោយសារតែចិត្តស្រឡាញ់លោកបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនកូនសិស្សផ្នែកល្ខោនខោល ដោយមិនយកកម្រៃឡើយ ។ លោកបានប្រឹងប្រែងស្ទើរតែអស់ពីខ្លួនក្នុងការចំណាយលើបញ្ហានេះ ខណៈពេលដែលតម្លៃនៃការសម្តែងសិល្បៈបុរាណម្តងមិនស្នើនឹងការច្រៀងមួយយប់ពីតារាចម្រៀងម្នាក់ផង ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]