(ភ្នំពេញ)៖ ជាការពិតថ្មីៗនេះ មានការភ្ញាក់ផ្អើលពុះកញ្ជ្រោលម្ដងទៀត ជុំវិញតម្លៃខ្លួនតារាចម្រៀងល្បីៗ ក្នុងប្រទេសកម្ពុជា នៅពេលដែលពួកគេ ចូលរួមក្នុងកម្មវិធីប្រគំតន្រ្តីតាមឆាកធំៗ និងច្រៀងតាមរយៈការប្រគំតន្រ្តីបុណ្យជាតិនានា ជាដើម ខណៈដែលតម្លៃខ្លួននេះ បើប្រៀបធៀបជាមួយនឹងតម្លៃខ្លួនរបស់តារាបរទេស គឺខុសគ្នាដូចមេឃនិងដី។ ជាក់ស្ដែងថ្មីៗនេះ សម្រាប់តារាចម្រៀងកំពុងពេញនិយម បែបយុវវ័យ លោក ខេមរៈ សិរីមន្ត ត្រូវបានគេបង្ហើបតម្លៃខ្លួន ឲ្យដឹងជាថ្មី ធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់អ្នកសិល្បៈដូចគ្នា ជាពិសេសអ្នករស់នៅ ក្នុងមជ្ឈដ្ឋានចម្រៀង ប៉ុន្តែការបង្ហើបឲ្យដឹងពីតម្លៃខ្លួន នៅពេលនេះ គឺហាក់មិនបានធ្វើឲ្យសាមីខ្លួន ជាពិសេសលោក ខេមរៈ ភារុណ ជាបងប្រុស និងជាអ្នកគ្រប់គ្រងភ្ញាក់ផ្អើល បន្តិចសោះឡើយ។

លោក ខេមរៈ ភារុណ អ្នកគ្រប់គ្រងតម្លៃខ្លួនកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានថ្លែងប្រាប់ Khmertalking ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះថា ពេលតារាចម្រៀង ខេមរៈ សិរីមន្ត ចូលរួមសម្តែងឬច្រៀង ពិសេសក្នុងពិធីបុណ្យធំៗម្តងៗតម្លៃខ្លួន របស់លោក ខេមរៈ សិរីមន្ត ចន្លោះពី ៤៥០០ទៅ ៦០០០ដុល្លារនេះ គឺតាំងពីបួនប្រាំឆ្នាំមុន មកម្ល៉េះ។ ជាក់ស្តែងពេលចូលរួមឆ្លងឆ្នាំ នៅកំពង់សោម (ខេត្តព្រះសីហនុ) ជាមួយសភាពាណិជ្ជកម្ម ចំនួនបីឆ្នាំជាប់ៗគ្នា លោក ខេមរៈ សិរីមន្ត ទទួលបានតម្លៃខ្លួន៤៥០០ដុល្លារ ជាប់គ្នាបីឆ្នាំ ហើយចូលរួមឆ្លងឆ្នាំ ជាមួយស្រាបៀរអានឈ័រ ក៏ទទួលបានតម្លៃខ្លួន ៤៥០០ដុល្លារដែរ។

លោក ខេមរៈ ភារុណ បានបង្ហាញឲ្យដឹងទៀតថា យ៉ាងណាមិញ កាលពីតារាចម្រៀង ខេមរៈ សិរីមន្ត ចូលរួមសម្ពោធសណ្ឋាគារល្បីឈ្មោះមួយ នៅស្រុកស្នូល ខេត្តក្រចេះ ដែលចំថ្ងៃព្រះរាជពិធីបុណ្យអ៊ុទូក គឺទទួលបានតម្លៃខ្លួនប្រមាណ ៥០០០ដុល្លារ និងចូលរួមឆ្លងឆ្នាំ ជប់លៀងបុគ្គលិក នៅសណ្ឋាគារកោះកុងរីសត ដ៏ល្បីឈ្មោះរបស់ លោកឧកញ៉ា លី យ៉ុងផាត់ ខេត្តកោះកុង គឺទទួលតម្លៃ ៦០០០ដុល្លារ។ លោកសង្កត់ធ្ងន់ថា យ៉ាងណាមិញតម្លៃ ៣០០០ទៅ៣៥០០ដុល្លារ ក៏មានដែរ តែសម្រាប់ការងារជាកញ្ចប់ និងការងារខនស៊ឺត ចំនួនច្រើនកម្មវិធី ហើយចំថ្ងៃធម្មតាតែប៉ុណ្ណោះ!។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីលោក ខេមរៈ សិរីមន្ត ចូលមកក្នុងទ្រនំនៃផលិតកម្ម រស្មីហង្សមាសមក គេសង្កេតឃើញថា កេរ្តិ៍ឈ្មោះល្បាញល្បី និងប្រជាប្រិយភាពរបស់លោក បានកើនឡើងទ្វេដង ព្រោះរាល់បទចម្រៀង ដែលលោកបានចេញហើយនោះ គឺសុទ្ធតែពីរោះរណ្ដំទាំងអស់ នឹងទទួលការពេញចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ហើយការបង្ហោះចូលក្នុង YouTube របស់ហង្សមាសទៀតសោត មានអ្នកចូលមើល ចាប់ពី១លាន ដល់៥លាននាក់ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។

ដូច្នេះហើយ គេអាចសន្និដ្ឋានបានថា តម្លៃខ្លួនរបស់តារាចម្រៀង លោក ខេមរៈ សិរីមន្ត នឹងអាចកើនឡើងបន្ថែមទៀត នៅពេលខាងមុខ ហើយតាមរយៈតម្លៃខ្លួនរបស់កំពូលតារាចម្រៀងរូបនេះ ក៏អាចបង្ហាញឲ្យឃើញពីការរីកចំរើន លើគ្រប់វិស័យរួមទាំងវិសយ័សិល្បៈ នៅក្នុងប្រទេសកម្ពុជា ផងដែរ៕

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ​ សិរីមន្ត និង ខេមរៈ ភារុណ
ខេមរៈ​ សិរីមន្ត និង ខេមរៈ ភារុណ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត