ខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្តានុពលយ៉ាងច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យចង់អញ្ជើញទៅទស្សនា នៅលើទឹកដីនៃខេត្តដែលស្ថិតចំ ភាគខាងលិចប្រទេសមួយនេះ។ បច្ចុប្បន្ន អាជ្ញាធរខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ បាននិងកំពុងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យខេត្តបាត់ដំបង ក្លាយជាប៉ូលទេសចរណ៍ទី៥ របស់ប្រទេសកម្ពុជា បន្ទាប់ពីប៉ូលទេសចរណ៍មួយចំនួន ដែលបានកំណត់រួចមកដូចជា ប៉ូលទេសចរណ៍សៀមរាបអង្គរ ប៉ូលទេសចរណ៍រាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងប៉ូលទេសចរណ៍ធម្មជាតិភូមិភាគឦសាន។ ក្នុងនោះ ជ្រលងបព្វតា ក៏បានដើរតួជារមណីយដ្ឋានមួយ ដើម្បីនាំខេត្តបាត់ដំបង ឱ្យឈានទៅដល់ ប៉ូលទេសចរណ៍ទី ៥នៃវិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាយើង ផងដែរ។

ប្រសិនបើលោកអ្នកចង់ទៅកម្សាន្តលម្ហែកាយនៅកសិដ្ឋាន ជ្រលងបព្វតា យើងត្រូវចេញពីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ១០ ហើយបត់ត្រង់ចំណុចផ្សារចៀវ នោះយើងនឹងបានឃើញស្លាកសញ្ញា បង្ហាញផ្លូវរួចបន្ត ដំណើរលើផ្លូវក្រួសក្រហមប្រមាណ ១៥ គីឡូម៉ែត្រទៀត យើងនឹងបានដល់គោលដៅ។ កសិដ្ឋានជ្រលងបព្វតា ហៅម៉្យាងទៀតថារមណីយដ្ឋានជ្រលងបព្វតា បានចាប់បដិសន្ធិឡើងនាឆ្នាំ ២០០៤ ក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល កំពុងដណ្តើមបានប្រជាប្រិយភាពដ៏ត្រចះត្រចង់អំពីរមណីយដ្ឋានជាច្រើន ក្នុងខេត្តបាត់ដំបងទាំងមូល។

ជារៀងរាល់ថ្ងៃបុណ្យទានធំៗម្តងៗ ជាពិសេសរដូវ ភ្ជុំបិណ្ឌ និងបុណ្យជាតិផ្សេងៗ មានមនុស្សម្នាគ្រប់មជ្ឈដ្ឋាន គ្រប់វ័យតែងមកកម្សាន្តទីនេះ យ៉ាងច្រើនកុះករ។ តាមពិត ទីឋានដែលប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងចាប់អារម្មណ៍នេះ សមមានឈ្មោះថាជារមណីយដ្ឋាន មិនគួរដាក់ឈ្មោះថា កសិដ្ឋាននោះទេ ប៉ុន្តែបញ្ហានេះ ត្រូវបានម្ចាស់កសិដ្ឋានបកស្រាយថា កាលដែលលោកឱ្យឈ្មោះថា កសិដ្ឋានបែបនេះ ព្រោះនៅប្រទេសដែលរីកចម្រើនមួយចំនួន ដូចជា សហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើម លោកអ្នកធំៗឬអ្នកមានប្រាក់ជាច្រើន តែងបង្កើតកសិដ្ឋានផ្ទាល់ខ្លួន (ទីកម្សាន្តជនបទ) ហើយរាល់សៅរ៍-អាទិត្យ ដែលជាថ្ងៃសម្រាកពីការងារ អស់លោកទាំងនោះ តែងទៅកម្សាន្តកសិដ្ឋានរបស់ខ្លួននោះឯង ។

ចំណែកនៅប្រទេសកម្ពុជាយើងវិញ ករណីនេះនៅមានតិចតួចនៅឡើយ ដូច្នេះទើបលោកបង្កើតឡើងដើម្បីទាញ យកចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់អ្នកមុខអ្នកការដែលមានលំនៅស្ថាននៅទីក្រុង មកកម្សាន្តដោយសម្គាល់ថា ជាកសិដ្ឋានរបស់អស់លោកផ្ទាល់ទៅចុះ ។ រីឯសេវាបម្រើការនៅទីនេះមានជាអាទិ៍ កន្លែងផ្ញើយានយន្តភេសជ្ជៈគ្រប់មុខ និងម្ហូបអាហារ គ្រប់ប្រភេទ ជាពិសេសភ្លក្សរសជាតិ ដ៏ផ្អែមត្រជាក់នៃផ្លែស្វាយ ដែលទើបតែបេះថ្មីៗគ្រប់រដូវកាល។

នៅលើផ្ទៃដី ១៧ហិកតារ ជាប់នឹងមាត់ស្ទឹងវែងអន្លាយ បានត្រូវគេរៀបចំ តុបតែងជាសួនឧទ្យានដ៏មនោរម្យនៅតាម ចន្លោះមានដើមស្វាយ និងរុក្ខជាតិ ផ្សេងៗទៀតរាប់សិបដើម ដែលមានកៅអីអង្គុយនៅខាងក្រោមយ៉ាងច្រើន និងរំលេចទៅដោយរូបចម្លាក់សត្វព្រៃជាច្រើនប្រភេទគួរជាទីទាក់ទាញក្រៃលែង។ ដោយឡែកនៅប្របមាត់ស្ទឹងដែល ទឹកកំពុងតែបោះពួយយ៉ាងខ្មួលខ្មាញ្ញ់នារដូវ វស្សាមកប៉ះនឹងដុំថ្មតូចធំរដិបរដុបឮសូរឈូៗ បង្កើតបានជាតន្ត្រីធម្មជាតិ យ៉ាងពីរោះរណ្តំចិត្ត។ នៅទីនោះ គេបានសង់អគារមួយខ្នងយ៉ាងស្អាត ទុកសម្រាប់ស្វាគមន៍ អស់លោកអ្នកមុខអ្នកការមកកម្សាន្ត និងទទួលទានអាហារម្តងម្កាល។ ចំណែកភ្ញៀវទេសចរធម្មតាវិញនោះ ភាគច្រើនពួកគេទទួលទាន អាហារតាមក្រោមដើមឈើ ឬក្រោមដំបូលស្បូវនៃតូបលម្ហែកាយជាច្រើនខ្នង។

ក្នុងការស្រាយបំភ្លឺ លោក សុវត្ថិ សត្យា ជាអ្នកគ្រប់គ្រង និងមើលថែកសិដ្ឋាន ជ្រលងបព្វតានេះ បានរៀបរាប់ថា កសិដ្ឋាន នេះមិនមែនទើបតែកើតឡើងនោះទេ តាមពិតបានប្រតិស្ថានលើតំបន់ព្រៃភ្នំនេះប្រាំឆ្នាំមកហើយ តែទើបទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីប្រជាពលរដ្ឋ គ្រប់ទិសទីក្នុងឆ្នាំនេះលើសឆ្នាំណាៗទាំងអស់។ លោក សុវត្ថិ សត្យា បន្តថា កសិដ្ឋានដែលប្រជាពលរដ្ឋកំពុងពេញនិយមនេះ មិនមែនជារបស់លោកទេ តាមពិតជាការបណ្តាក់ទុនរបស់ពូលោក ដែលជាអាណិកជនអូស្ត្រាលី ហើយលោកគ្រាន់តែមើលការខុសត្រូវជំនួសលោកពូ រ៉ាំបូ តែប៉ុណ្ណោះ។

ខណៈពេលនេះ លោក សុវត្ថិ សត្យា ឆ្លៀតឱកាសនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលស្ម័គ្រកាយស្ម័គ្រចិត្ត មកគាំទ្រកសិដ្ឋានជ្រលងបព្វតារបស់ លោកជាហូរហែរ នាពេលកន្លងមក និងទៅពេលអនាគត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]