(ភ្នំពេញ)៖ ពិតជារឿងមួយអបអរសាទរដល់ ពេជ្រ ថៃ ម្ចាស់ពានរង្វាន់ «The Voice Cambodia Kids» ដែលគ្រាន់តែទទួលជ័យលាភីលេខ១ ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោកមួយនេះភ្លាម ស្រាប់តែមានការឧបត្ថមជាច្រើន ក្នុងនោះផងដែរ កុមារា ពេជ្រ ថៃ ក៏ទទួលបានអាហាររូបករណ៍ ឲ្យចូលរៀនថ្នាក់ទី៦នៅ សាលាបញ្ញាសាស្រ្តអន្តរជាតិផងដែរ ប៉ុន្តែអ្វីដែលប្លែកនោះ គឺតារាវ័យក្មេង ដែលគេតែងតែហៅថា «កវីតូច» រូបនេះ មិនទទួលយកនោះទេ ដោយសុខចិត្តទៅរៀនថ្នាក់ទី៨ នៅសាលាទួលស្វាយព្រៃ ជាហេតុបង្កើតការងឿងឆ្ងល់យ៉ាងខ្លាំង ដល់សាលាអន្តរជាតិ ខាងលើ។

ជាក់ស្តែង បើយោងតាមគណនីហ្វេសប៊ុក មានឈ្មោះថា «Monorea Bun» បានសរសេរសារបង្ហោះហ្វេសប៊ុក ទាក់ទងនឹង ពេជ្រ ថៃ នៅព្រឹកថ្ងៃទី ០៤ មករា នេះថា «អរគុណសម្រាប់ការជួយ ស៊ែរបន្ត ទាក់ទងរឿងកុមារ ពេជ្រ ថៃ ដែលជាម្ចាស់ជ័យលាភី «The Voice Cambodia Kid» រដូវកាលទី១ ក្នុងការទទួលយកអាហារូបករណ៍សិក្សា នៅសាលាបញ្ញាសាស្រ្តអន្តរជាតិ»។

«នាងខ្ញុំ ជាអ្នកទទួលខុសត្រូវផ្ទាល់ ក្នុងការទទួលយក កុមារ ពេជ្រ ថៃ មកធ្វើតេស្តឲ្យចូលរៀន នៅសាលាបញ្ញាសាស្រ្តអន្តរជាតិ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបានជូន កុមារា ពេជ្រ ថៃ ព្រមទាំងឪពុក ម្តាយ ឲ្យមកពិនិត្យមើល សាលាបញ្ញាសាស្រ្តអន្តរជាតិ ទាំងបីសាខា សាខាបឹងកេងកង សាខាទួលគោក និងសាខា សែនសុខ។ ក្រោយពីទទួលបានលទ្ធផលតេស្តសិក្សា កុមារ ពេជ្រ ថៃ គឺត្រូវចូលរៀនថ្នាក់ទី៦ ដូច្នេះនាងខ្ញុំក៏បានជូនដំណឹងទៅខាង លោកអគ្គនាយក ហង្សមាស និងក្រុមគ្រួសារអំពីលទ្ធផលតេស្តសិក្សា របស់ កុមារ ពេជ្រ ថៃ ហើយរង់ចាំទទួល កុមារ ពេជ្រ ថៃ ឲ្យមកចុះឈ្មោះចូលរៀន នៅសាលាបញ្ញាសាស្រ្តអន្តរជាតិ ទាំងពីរសាខា គឺសាខាទួលគោក និងសាខា សែនសុខ (ដោយសារសាខាបឹងកេងកង គឺមានចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ ថ្នាក់ទី៧)!»។

«ស្រាប់តែថ្មីៗនេះ ក៏ឮព័ត៌មានផ្សាយថា កុមារ ពេជ្រ ថៃ បានចូលរៀននៅសាលាទួលស្វាយព្រៃ ថ្នាក់ទី៨ទៅវិញ។ នាងខ្ញុំ ក៏បានទាក់ទងជម្រាបសួរទៅខាង លោកអគ្គនាយក ហង្សមាស អំពីបញ្ហានេះ លោកអគ្គនាយក ក៏បានមានប្រសាសន៍ សុំទោសមកខាងសាលាបញ្ញាសាស្រ្ត អំពីការសម្រេចចិត្តរបស់ក្រុមគ្រួសារ កុមារ ពេជ្រ ថៃ ក្នុងការមិនទទួលយក ថ្នាក់អាហារូបករណ៍ របស់សាលាបញ្ញាសាស្រ្តអន្តរជាតិ ទាំងពីរសាខាខាងលើ»។

គណនីហ្វេសប៊ុក មានឈ្មោះថា «Monorea Bun» ដដែលបានបន្តទៀតថា «លោកអគ្គនាយកបានបន្តរទៀតថា លោកទទួលស្គាល់អំពីសាលាបញ្ញាសាស្រ្តអន្តរជាតិ គឺជាសាលាដែលមានគុណភាពខ្ពស់ លើការអប់រំ សូម្បីតែក្រុមគ្រួសារកូនក្មួយ របស់លោកអគ្គនាយក ក៏បានសិក្សានៅសាលាបញ្ញាសាស្រ្ត ផងដែរ តែនេះជាការសម្រេចចិត្ត របស់ក្រុមគ្រួសារកុមារ ពេជ្រ ថៃ។ រហូតមកដល់ពេលនេះ នាងខ្ញុំនៅមិនទាន់បានទទួលព័ត៌មានថា ហេតុអ្វី បានជាកុមារ ពេជ្រ ថៃ មិនទទួលយកអាហារូបករណ៍ របស់សាលាបញ្ញាសាស្រ្តអន្តរជាតិ? សូមបងប្អូនទាំងអស់មេត្តាជួយ ផ្សព្វផ្សាយព័ត៌មាននេះបន្ត ដើម្បីកុំឲ្យមានការភ័ន្តច្រឡំបន្តទៀត។ សូមថ្លែងអំណរគុណទុកជាមុន»។

គួរបញ្ជាក់ផងដែរថា កុមារា ពេជ្រ ថៃ គឺជាកុមារាតែម្នាក់គត់ ដែលបានទទួលជ័យលាភី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» និងទទួលបានឱកាស ក្លាយជាតារាចម្រៀងកុងត្រា ប្រចាំផលិតកម្មរស្មីហង្សមាស៕

ពេជ្រ ថៃ និងក្រុមគ្រួសារ
ពេជ្រ ថៃ
ក្មេងស្រីម្នាក់ ក្នាញ់ជាមួយនឹង​ពេជ្រ ថៃ ពេក ថើបមិនលែង

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ