ភ្នំពេញ ៖ យុវជនរងគ្រោះម្នាក់ ត្រូវបាន ក្រុមគ្រួសារបញ្ជូន មកសង្គ្រោះ នៅមន្ទីរ ពេទ្យកាល់ម៉ែត បន្ទាប់ពីក្រុមចោរបានធ្វើ សកម្មភាពបាញ់ ប្លន់យកម៉ូតូ មិនបានសម្រេច  កាលពីវេលាម៉ោង២២ និង០៥នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១២ នៅចំណុច មុខផ្ទះជួល ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុន ច័ន្ទ សីហា ហៅ ជា ភេទប្រុស អាយុ២៧ឆ្នាំ មុខ របរជាជាងជួលជុលរថយន្ដ ជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី០១០ឡើង០១១ ។ ចំណែក ក្រុមចោរមានគ្នាពីរនាក់ ជិះម៉ូតូ C125 ពណ៌ខ្មៅ ។

ប្រភព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរង គ្រោះ បានឌុបម្ដាយរបស់ខ្លួនទៅលេងបង ប្អូននៅម្ដុំបឹងទំពុន ក្នុងខណ្ឌមានជ័យ ។ លុះ ពេលត្រឡប់មកវិញ ជនរងគ្រោះបានជិះម៉ូតូ តាមមហាវិថីព្រះមុនីវង្ស ។

ប្រភពព័ត៌មានបានបន្ដទៀតថា ពេលជិះ ដល់រង្វង់មូលស្ដាតចាស់ ជនរងគ្រោះបានសួរ ម្ដាយរកទិញម្ហូប នៅម្ដុំផ្សារទួលសង្កែ ខណៈ នោះម្ដាយរបស់ជនរងគ្រោះ បាននិយាយ ប្រាប់ជនរងគ្រោះវិញថា មានម្ហូបហើយ ហើយជិះម៉ូតូតាមផ្លូវ សាលាពញា ក្រែក ពេលនោះ ម្ដាយជនរងគ្រោះក៏មានការសង្ស័យ ដោយ ឃើញម៉ូតូមួយគ្រឿងមានគ្នាពីរជិះតាមពី ក្រោយជាប់ ។

ប្រភពព័ត៌មានបានបន្ដទៀត ថា ពេលនោះម្ដាយរបស់ជនរងគ្រោះបាន ទូរស័ព្ទប្រាប់ក្រុមគ្រួសារបើកទ្វារផ្ទះ ឱ្យ លឿន ដើម្បី ជិះម៉ូតូចូលផ្ទះ ប៉ុន្ដែគ្រាន់តែដល់ មុខផ្ទះ ជនល្មើសដែលជិះខាងក្រោយបាន លោតចុះពីលើម៉ូតូគ្នាវា ហើយស្ទុះទៅចាប់ កអាវជន រងគ្រោះ ហើយទាមទារសោម៉ូតូ និងបាញ់ជនរងគ្រោះមួយគ្រាប់ចំជើងខាង ឆ្វេង ។ ខណៈនោះអ្នកជិតខាងក៏ស្រែកឆោ ឡោ និងនាំគ្នារើសដុំថ្មគប់ទៅលើជនល្មើស ធ្វើឱ្យជនល្មើសភ័យក៏រត់ឡើងម៉ូតូគ្នាវាវិញ តែម្ដងទៅ ហើយក្រុមចោរបានបាញ់ គំរាម ប្រជាពលរដ្ឋមួយ គ្រាប់ទៀតផង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បី កំណត់មុខសញ្ញាជនល្មើសចាប់ខ្លួនយកមក ផ្ទន្ទាទោសតាមច្បាប់ ។

ប្រជា ពល រដ្ឋរស់នៅតាមបណ្ដោយផ្លូវ រថភ្លើងបាននិយាយករណីប្លន់ប្រដាប់អាវុធ ឧស្សាហ៍កើតឡើងណាស់ ហើយមិនដែល ឃើញនគរបាលខណ្ឌឫស្សីចាប់បានក្រុមចោរ ប្លន់ទាំងនោះម្ដងណាឡើយ ។ ប្រជាពលរដ្ឋ សំណូមពរលោកអធិការ ខណ្ឌ ឫស្សីកែវ មេត្ដា ជួយពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងភូមិ សាស្ដ្ររបស់ខ្លួនផង ដើម្បីឱ្យភូមិ-សង្កាត់ មានសុវត្ថិភាពនោះ ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]