ភ្នំពេញ៖ កង្វះបង្គន់អនាម័យ ធ្វើឲ្យសិស្សភាគច្រើនមានកង្វល់ ព្រោះដោយសារបង្គន់មិនស្អាតអាចធើ្វឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ បើនិយាយអំពីបង្គន់អនាម័យនៅតាមសាលារៀនវិញ អាចនិយាយបានថាភាគច្រើនពុំសូវមានអនាម័យគ្រប់គ្រាន់នៅឡើយទេ  ដែលពេលខ្លះធ្វើឲ្យសិស្ស និងនិស្សិតមួយចំនួនមានការត្អូញត្អែរអំពីបញ្ហានេះ រាល់ពេលពួកគេចូលប្រើប្រាស់ ឬបន្ទោរបង់ជាដើម។

បន្ថែមពីនេះទៀត សិស្ស និងនិស្សិតមួយចំនួន មានភាពអៀនខ្មាសនៅរាល់ពេលប្រើប្រាស់បង្គន់ម្តងៗ ដោយមានពេលខ្លះ ពួកគេសុខចិត្ដទ្រាំរកកន្លែងណាផ្សេងដែលសមរម្យជាងនៅសាលា ខ្លះសុខចិត្ដត្រឡប់ទៅផ្ទះ និងមានខ្លះទៀតសុខចិត្ដទ្រាំរហូតដល់ម៉ោងចេញទៅផ្ទះតែម្ដង។

បន្ទប់ទឹកសាលា

ជួបជាមួយប្អូនស្រីម្នាក់ឈ្មោះ សត្យា ហាទីន អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យមួយកន្លែងនៅរាជធានីភ្នំពេញ បានបង្ហាញក្តីកង្វល់ទាក់ទងនឹងបញ្ហាខាងលើ មកកាន់ក្រុមការងារវេបសាយ Khmerload ឲ្យដឹងថា ជាទូទៅបន្ទប់ទឹក ក៏ដូចជាបង្គន់នៅតាមសាលា និងសាកលវិទ្យាល័យមួយចំនួន គឺនៅពុំទាន់មានអនាម័យគ្រប់គ្រាន់នៅឡើយទេ ដោយសារពុំទាន់មានបង្គន់ និងអ្នកសំអាតគ្រប់គ្រាន់ ណាមួយអ្នកសំអាតបង្គន់ភាគច្រើន គឺមិនសំអាតឲ្យបានស្អាតល្អទេ។

រៀបរាប់ទាំងទឹកមុខញញឹម ប្អូន ហាទីន បាននិយាយថា៖ «បើនិយាយពីរឿងបន្ទោរបង់តូច គឺសិស្ស និស្សិត ចំណាយពេលខ្លីទេ តែបើបន្ទោរបង់ធំវិញ គឺត្រូវចំណាយពេលវែង។  និស្សិតខ្លះឮតាមគ្នាថា សាកលវិទ្យាល័យខ្លះ មានបង្កប់កាម៉េរ៉ាក្នុងបង្គន់ ដូច្នេះហើយនិស្សិតអាចគិតបែបនេះ នៅពេលដែលចំណាយពេលយូរម្ដងៗ។ មួយទៀតគឺនៅតាមមាត់បង្គន់ គឺមានសុទ្ធតែស្នាមជើង ដែលធើ្វឲ្យយើងពិបាកអង្គុយ»។

ប្អូនស្រីដែលកំពុងសិក្សាជំនាញហិរញ្ញវត្ថុ ក៏បានបញ្ជាក់ថា មិនថារូបនាង ឬនិស្សិតដទៃទៀតទេ គឺសុទ្ធសឹងតែមានការអៀនខ្មាសពេលដែលបន្ទោរបង់ធំម្ដងៗនៅសាលា។ «ខ្ញុំគិតថា មាត់បង្គន់ដែលខ្ញុំលើកឡើងខាងលើមុននេះ គឺវាមិនមានអនាម័យមួយហើយ ចំណែកបរិយាកាសជុំវិញនោះក៏មិនសូវល្អដែរ ណាមួយក្លិនក៏មិនល្អស្រាប់ផង ដល់ពេលយើងចូលទៅ យើងបញ្ចេញចោលក៏វាមានការលំបាកដែរ ព្រោះក្លិនក្នុងបន្ទប់ទឹកមិនល្អ»។

បន្ថែមពីលើនេះទៀត ហាទីន ក៏បានលើកឡើងអំពីកត្ដាមួយចំនួនដែលធើ្វឲ្យបង្គន់តាមសាលាខ្វះអនាម័យ ដែលអាចបង្កឲ្យសុខភាពរបស់សិស្សប្រឈមទៅនឹងជំងឺ។ «អាចមកពីអ្នកសំអាត ដោយសារប្រាក់ខែតិចពេក ពុំសូវមានអ្នកជួលមក ខណៈសាលាខ្លះគឺចូលដោយសេរី ចឹងហើយនៅលើមាត់បង្គន់មានស្នាមជើង ដែលធើ្វឲ្យបង្គន់គគ្រិច ហើយបើយើងអង្គុយផ្ទាល់ យើងអាចប្រឈមនឹងការឆ្លងមេរោគ ដូច្នេះបានជាពួកគេសុខចិត្ដជាន់ទៅវិញ»។

ជាចុងក្រោយ ប្អូនស្រី ហាទីន ក៏មានសំណូមពរដល់សាលាមួយចំនួនដែលខ្វះអនាម័យទៅលើបញ្ហាបង្គន់ គឺចង់ឲ្យមានការយកថវិកានៅពេលដែលចូលបន្ទប់ទឹកម្ដងៗ អាចចម្លោះពី ៣០០៛ ទៅ ៥០០៛ ដើម្បីឲ្យមានការសំអាតទៅលើបង្គន់ដែលយើងបានប្រើប្រាស់ ជាពិសេសទៀតគឺសិស្ស និស្សិត ត្រូវតែចូលរួមសំអាត ដើម្បីអនាម័យទាំងអស់គ្នា។  

ប្អូនស្រី សត្យា ហាទីន

ក្រឡេកទៅមើលប្អូនប្រុស សុផា ម៉ាណែត អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដែលបានផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមការងារ Khmerload ទាក់ទងទៅនឹងបញ្ហានេះ បានលើកឡើងថា ដោយសារបញ្ហាអនាម័យ ធើ្វឲ្យខ្លួនសុខចិត្ដទៅរកកន្លែងផ្សេងក្រៅពីសាលា នៅពេលដែលឈឺបត់ជើងធំម្ដងៗ ខណៈមូលហេតុចម្បងជាងគេនោះគឺ គគ្រិចខ្លាំងពេក។

ម៉ាណែត និយាយថា៖ «ដោយសារតែគគ្រិចពេកបង ហើយទ្វារបង្គន់អីបិទអត់ជិត។ ខ្ញុំសុខចិត្ដទៅរកកន្លែងចាក់សាំងវិញ»។

សម្រាប់មតិយោបល់វិញ ម៉ាណែត បានលើកឡើងថា យុវជនទាំងអស់គប្បីរក្សាអនាម័យទាំងអស់គ្នា ដោយការចាក់ទឹក នៅពេលចូលបត់ជើងម្ដងៗ ដើម្បីការពារសុខភាពឲ្យបានល្អ ។ រូបគេក៏បានសំណូមពរដល់ខាងសាលាមួយចំនួនផងដែរ គឺចង់ឲ្យសាលាសាងសង់បង្គន់បន្ថែម ព្រោះពេលខ្លះគឺមានការឈរតម្រង់ជួរគ្នាយូរដើម្បីបត់ជើងទៀតផង។  

ប្អូនប្រុស សុផា ម៉ាណែត

ទាំងនេះជាមតិយោបល់ខ្លះៗពាក់ព័ន្ធនឹងបញ្ហាអនាម័យនៅតាមបង្គន់សាលា ដែលសិស្ស និស្សិតតែងតែត្អូញត្អែរ និងផលវិបាករបស់សិស្ស នៅពេលដែលមានការបន្ទោរបង់តូចធំម្ដងៗ ជាពិសេសគឺកង្វះអនាម័យ ដែលជាមូលហេតុធើ្វឲ្យប៉ះពាល់ដល់សុខភាព៕ 

បន្ទប់ទឹកនៅក្នុងវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ
បន្ទប់ទឹកនៅក្នុងវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]