(ភ្នំពេញ)៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខ សោភា បច្ចុប្បន្ននេះកំពុងតែមានប្រជាប្រិយភាពខ្លាំង ខណៈបទថ្មីរបស់នាង ត្រូវបានមហាជនទស្សនា និងគាំទ្រជាច្រើន ដោយ MV ចម្រៀងថ្មីនោះ មានចំណងជើងថា «My Only One» ថតនៅប្រទេសគុយបា ឃើញមានស្លៀកពាក់សិចស៊ីទៀតផង។ ជាមួយគ្នានេះ មានទស្សនិកជនជាច្រើន បាននិយាយថា លើកនេះ មាស សុខសោភា ស្លៀកសិចស៊ីមួយទំហឹងតែម្ដង ដោយគ្រប់គ្នាមានការព្រួយបារម្ភជំនួសថា ខ្លាចក្រសួងហាមមិនឲ្យចាក់ផ្សាយទៀតផង ព្រោះសិចស៊ីពេក ខណៈមាស សុខសោភា ផ្ទាល់មិនបារម្ភសូម្បីបន្តិចឡើយ។

មាស សុខ សោភា បានប្រាប់គេហទំព័រកំសាន្ត Khmer Talking ដោយផ្ទាល់ថា «ចា៎..បង! ចម្រៀងដែលមានចំណងជើងថា «My Only One» គឺថតនៅប្រទេសគុយបា ហើយមូលហេតុដែលខ្ញុំ ជ្រើសរើសយកប្រទេសនេះ មកថតចម្រៀង គឺដោយសារតែ នៅទីនោះសម្បូរមនុស្សស្អាតៗច្រើន និងមានសភាព ប្រៀបដូចទៅនឹងជំនាន់៣០ឆ្នាំមុន ដូចជាឡានអី សុទ្ធតែដូច៣០ឆ្នាំមុន ហើយអ្វីដែលពិសេស គឺខ្ញុំចង់យកទិដ្ឋភាពហ្នឹងឲ្យបងប្អូន នៅស្រុកខ្មែរទស្សនា តាមរយៈចម្រៀងមួយនេះ»។

ពាក់ព័ន្ធនឹងការស្លៀកពាក់សិចស៊ី ក្នុងបទចម្រៀងនេះ មានដូចជាឈុតប៊ីហ្គីនីផងនោះ មាស សុខសោភា បាននិយាយថា «ប្រទេសនីមួយៗ មានវប្បធម៌បុរាណ និងសម័យ គឺដើរទន្ទឹមគ្នា ដោយឡែកបទចម្រៀងរបស់ខ្ញុំ គឺថតនៅមាត់សមុទ្រ និងនៅបរទេសទៀត ហើយនៅប្រទេសនោះ គឺគេពាក់សិចស៊ីជាងខ្ញុំទៀត ប្រសិនបើខ្ញុំស្លៀកជិត គឺទៅជាមនុស្សចំឡែកតែម្ដង (សើច)..។ មួយវិញទៀតចម្រៀងរបស់ខ្ញុំ ដែលមានចំណងជើងថា «My Only One» គឺខ្ញុំគិតថា ប្រសិនបើយើងសម្ដែងមានការសិចស៊ីតិចតួច ជាលក្ខណៈសិល្បៈ គឺវាមិនអីទេ ព្រោះថាគេចូលចិត្តច្រើន។ ដូច្នេះនាងខ្ញុំ សុំឲ្យមហាជនទាំងអស់បើកចិត្ត ឲ្យទូលាយថា នាងខ្ញុំអត់ភ្លេចទេប្រពៃណី ប៉ុន្ដែដើម្បីជាការទាក់ទាញ ចំណាប់អារម្មណ៍ពីប្រទេសជិតខាង និងទស្សនិកជន នាងខ្ញុំសុំឲ្យគាត់បើកចិត្តយកដែរ ព្រោះថា ចម្រៀងនេះថតនៅមាត់សមុទ្រ!»។

គួរបញ្ជាក់ថា ក្នុងការសម្ដែងស្លៀកសិចស៊ី ក្នុងចម្រៀង «My Only One» នេះ អ្នកនាង មាស សុខសោភា មិនមានការព្រួយបារម្ភ ខ្លាចក្រសួងប្រកាសបិទផ្អាកនោះទេ ព្រោះនាងបានបញ្ជាក់ជំហរថា ការសម្ដែងរបស់នាងជាការសិចស៊ី មិនមែនជារូបភាពអាសអាភាសទេ ព្រោះភាពអាសអាភាសគឺផ្សេង និងភាពសិចស៊ី គឺមានកម្រិតរបស់វា៕

មាស សុខ សោភា
មាស សុខ សោភា
មាស សុខ សោភា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា