ជប៉ុន៖ នៅរៀងរាល់ថ្ងៃទី២៥ ខែធ្នូ គេសង្កេតឃើញថា ប្រជាជនជប៉ុនភាគច្រើនតែងតែទិញមាន់បំពងពីក្រុមហ៊ុន KFC ដើម្បីទទួលទានជុំក្រុមគ្រួសារ និងមិត្តភក្តិក្នុងពិធីបុណ្យគ្រឹស្តស្មាស់។ ពេលដែលទម្លាប់មួយនេះចេះតែបន្តអនុវត្តន៍ជារៀងរាល់ឆ្នាំ មនុស្សម្នាមួយចំនួនកើតមានជាចម្ងល់មួយថា ហេតុអ្វីបានជាប្រជាជនជប៉ុនមានទម្លាប់បែបនេះ?

រូបភាពតំណាង

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា មូលហេតុដែលប្រជាជនជប៉ុនតែងតែបញ្ជាទិញមាន់បំពងដើម្បីទទួលទានក្នុងពិធីបុណ្យគ្រឹស្តស្មាស់ព្រោះកាលពីឆ្នាំ ១៩៧០ លោក Takeshi Okawara ជាជនជាតិជប៉ុនមួយរូបដែលមានចំណេះដឹងជ្រៅជ្រះបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Harvard របស់អាមេរិក បានឮភ្ញៀវបរទេសដែលរស់នៅក្នុងប្រទេសជប៉ុននិយាយគ្នាថា ពួកគេពិតជាចង់ទទួលទានមាន់បំពងនៅក្នុងពិធីបុណ្យគ្រឹស្តស្មាស់ ពេលដែលពួកគេសម្រាកពីការងារណាស់។ ក្រោយពីឮបែបនេះ លោក Takeshi Okawara ក៏បានគិតគូរបង្កើតហាង KFC មួយឡើង ដោយទទួលវេចខ្ចប់មាន់បំពងនៅក្នុងពិធីបុណ្យគ្រឹស្តស្មាស់។ គ្រាន់តែហាងរបស់លោកបើកដំណើរការភ្លាម លោកទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាច្រើនតែម្តង។

រូបភាពតំណាង

ដើម្បីឲ្យហាងកាន់តែទទួលបានការគាំទ្រ លោក Joonas Rokka ដែលជាគ្រូបង្រៀនផ្នែកទីផ្សារនៅក្នុងសាលា Emlyon Business នៅក្នុងប្រទេសបារាំង ក៏បាននិយាយថា៖

មាន់បំពងគឺជារបស់ដែលល្អបំផុត ដែលអ្នកទាំងអស់គ្នាគួរតែទិញវាសម្រាប់ថ្ងៃគ្រឹស្តស្មាស់។

ចាប់ពីពេលនោះមក ប្រជាជនជប៉ុនភាគច្រើនតែងតែនិយមទិញមាន់បំពងពីហាង KFC ដើម្បីទទួលទានក្នុងពិធីបុណ្យគ្រឹស្តស្មាស់។

រូបភាពតំណាង

ប្រភពដដែលបានរៀបរាប់បន្ថែមទៀតថា ជារៀងរាល់ឆ្នាំ ប្រជាជនជប៉ុនប្រហែលជា ៣.៦ លាននាក់ បានឈរតម្រង់ជួរគ្នាយ៉ាងណែនណាន់តាន់តាប់នៅខាងមុខហាង KFC ដើម្បីទិញមាន់បំពងយកទៅទទួលទាន។ តែដើម្បីបង្កើតឲ្យមានភាពងាយស្រួលសម្រាប់អតិថិជន ក្រុមហ៊ុនអនុញ្ញាតឲ្យអតិថិជនធ្វើការកុម្មង់ទិញមុនរយៈពេលប៉ុន្មានសប្តាហ៍ មុននឹងពិធីបុណ្យគ្រឹស្តស្មាស់ចូលមកដល់។ ចំពោះតម្លៃនៅក្នុងឆ្នាំ ២០១៧ នេះវិញគឺ ក្នុងមួយឈុត ដែលមានមាន់បំពងមួយ នំ  និង ស្រាក្រហម គឺចាប់ពី ៣២ ដុល្លារអាមេរិក ដល់ ៤៩ ដុល្លារអាមេរិក។

រីឯលោក Ryohei Ando ដែលជាអាជ្ញាធរមួយរូបនៅក្នុងប្រទេសជប៉ុនបានរៀបរាប់ថា៖ ជាការពិតទៅ ពិធីបុណ្យគ្រឹស្តស្មាស់មិនមែនជាពិធីបុណ្យជាតិនៅក្នុងប្រទេសរបស់យើងនោះទេ។ ប្រជាជននៅតែបន្តធ្វើការជាធម្មតា។ ចំណែកឯមូលហេតុដែលប្រជាជនជប៉ុនតែងតែទិញមាន់បំពងពីក្រុមហ៊ុន KFC ដើម្បីទទួលទានជុំគ្រួសារ និងមិត្តភក្តិនោះគឺ វាគឺជាសញ្ញាតំណាងឲ្យភាពសាមគ្គីគ្នានៅក្នុងគ្រួសារ និងមិត្តភក្តិតែប៉ុណ្ណោះ៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]