ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) សាកលវិទ្យាល័យ លីមកុកវីង (Limkokwing University of Creative Technology) បានប្រារព្ធពិធីប្រគល់សញ្ញាបត្រដែលមានចំណងជើងថា “Design Your Future” ជូនដល់និសិ្សតរបស់ខ្លួនចំនួន១៥៦នាក់ ដែលបានបញ្ចប់ការសិក្សាទៅដោយជោគជ័យមកពី៤មហាវិទ្យាល័យ គឺ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម, មហាវិទ្យាល័យឌីហ្សាញ, មហាវិទ្យាល័យវិទ្យាសាស្ត្រ គណិតវិទ្យា និងវិស្វកម្ម និងមហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា ក្រោមអធិបតីភាពរបស់ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយនឹងការអញ្ចើញចូលរួមដោយ Dato’ Tiffanee Marie Lim, ដែលជាអនុប្រធាន នៅសាកលវិទ្យាល័យ លីមកុកវីង ទូទាំងពិភពលោក។

វត្តមានគណធិបតី, អនុប្រធានសាលា ព្រមជាមួយលោកគ្រូ អ្នកគ្រូ ចូលរួមជាកិត្តយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និសិ្សត
និសិ្សតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ លីមកុកវីង

ក្រោមសម្រែក និងសម្លេងហ៊ោកញ្រ្ជៀវពីសំណាក់សាមីខ្លួន និងអាណាព្យាបាល រួមជាមួយសាច់ញាតិបងប្អូនរបស់និស្សិតទាំងអស់ ដែលបានផ្តល់កិត្តិយសចូលរួមអបអរសាទរ ភាពជោគជ័យក្នុងជំហានដំបូងនេះ យើងសង្កេតឃើញថា ក្នុងកម្មវិធីប្រគល់សញ្ញាបត្រទាំងមូលគឺពោរពេញទៅដោយភាពសប្បាយរីករាយ និងមានអត្ថន័យគួរឲ្យចងចាំបំផុត។

ក្នុងនោះ ឯកឧត្តមដែលជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University of Creative Technogy) បានមានប្រសាសន៍យ៉ាងក្បោះក្បាយថា៖ “ពីមួយឆ្នាំទៅមួយឆ្នាំគុណភាពនៃការអប់រំទាំងផ្នែកឧត្តមសិក្សាឯកជន និងរដ្ឋ គឺកាន់តែរីកចម្រើនទៅមុខ ពីព្រោះគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ រួមទាំងក្រសួងអប់រំយុវជន និងកីឡាកម្ពុជាបានសហការណ៍ និងខិតខំយ៉ាងខ្លាំង ធ្វើយ៉ាងណាដើម្បីពង្រឹងវិសាលភាពវិស័យអប់រំឲ្យមានគុណភាពពេញលេញ ពោលគឺ និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សាហើយនោះ អាចមានទាំងចំណេះវិជ្ជាគ្រប់គ្រាន់ ព្រមជាមួយចរិយាសម្បត្តិ និងសីលធម៌ក្នុងការរស់នៅល្អផងដែរ។

ឯកឧត្តម យក់ ង៉ុយ ឡើងមានប្រសាសន៍ទាក់ទងទៅនឹងថ្ងៃវិសេសវិសាលរបស់និសិ្សតទាំង១៥៦រូប

បន្ថែមពីនេះទៅទៀត ឯកឧត្តមក៏បានថ្លែងនូវសេចក្តីសោមនស្សរីករាយជាពន់ពេកចំពោះនិស្សិតទាំងអស់ ដែលក្នុងនោះក៏មាននិស្សិតចំនួន១៧នាក់ ទទួលបណ្ណសរសើរ ជានិស្សិតឆ្នើមខាងផ្នែក Tan Sri Dato' Sri Paduka Limkokwing Award for Academic Excellence, Creativity and Innovation, and Leadership ដែលបានពុះពារ និងខិតខំប្រឹងប្រែងកន្លងមករហូតទទួលបានជោគជ័យនៅក្នុងថ្ងៃនេះ។ ហើយលោកជឿជាក់យ៉ាងមុតមាំថា ក្រោយទទួលបានបទពិសោធន៍ពីសាកលវិទ្យាល័យ ដែលទទួលស្គាល់ជាសាកលនេះហើយនោះ ពួកគេកាន់តែងាយស្រួលក្នុងការឈរលើវិថីឆ្ពោះទៅកាន់បំណងប្រាថ្នាដែលខ្លួនចង់បាន។

Dato’ Tiffanee Marie Lim អនុប្រធាននៃសាកលវិទ្យាល័យ លីមកុកវីង ឡើងមានមតិខ្លះៗនៅក្នុងកម្មវិធី
បេក្ខភាពតំណាងនៃនិសិ្សតឆ្នើម ឡើងថ្លែងក្តីសោមនស្សរីករាយចំពោះភាពជោគជ័យរបស់ខ្លួន

គួរឲ្យដឹងផងដែរថា សាកលវិទ្យាល័យ លីមកុកវីង គឺជាសាកលវិទ្យាល័យអន្តរជាតិតែមួយគត់ បានបង្កើតឡើងនៅឆ្នាំ ១៩៩១ ដែលមាននិស្សិតមកពី ១៥០ នៃ ១៤សាខា នៅជុំវិញពិភពលោក។ ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យ លីមកុកវីង តែងតែបង្កើតធនធានមនុស្ស ដែលជាសក្តានុពលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន។ គ្រប់និស្សិតដែលបញ្ចប់ការសិក្សាតែងតែទទួលបានចំណេះដឹង និងជំនាញ ដែលសមស្របជាមួយនឺងទីផ្សារនៅក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងនោះសាកលវិទ្យាល័យ លីមកុកវីង គឺមានកម្មវិធីសិក្សាទាំងខាងផ្នែក បរិញ្ញាបត្ររង បរិញ្ញាបត្រ រួមទាំងអនុបណ្ឌិតថែមទៀតផង៕ 

ការសម្តែង និងច្រៀងចម្រៀងពីសំណាាក់និស្សិតនៃសាកលវិទ្យាល័យ លីមកុកវីង
ការប្រគល់សញ្ញាបត្រជូនដល់និសិ្សតដែលរៀនចប់
ការផ្តល់កិត្តយសចូលរួមពីសំណាក់អាណាព្យាបាល និងបងប្អូននិសិ្សតទាំងអស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]