ភ្នំពេញ៖ ទីស្នាក់ការអង្គការមួយត្រូវបានក្រុម ចោរដែលគេសង្ស័យថា គឺជាសន្ដិសុខឯកជន ដែលប្រធានអង្គការខាងលើនេះ ជួលមកយាមការពារនាំគ្នាឆ្កឹះសោចូលលួច ប្រមូលយកទ្រព្យសម្បត្ដិ និងលុយកាក់អស់ គ្មានសល់ លុះព្រឹកឡើងពេលបុគ្គលិកនាំគ្នាមកធ្វើការ ទើបនាំគ្នាភ្ញាក់ផ្អើលថា មានចោរចូលលួច ហើយរត់ទៅប្ដឹងសមត្ថកិច្ច ឱ្យជួយអន្ដរាគមន៍ ។

ករណីចោរកម្មកាត់សោចូលលួចទ្រព្យ សម្បត្ដិនៅក្នុងទីស្នាក់ការអង្គការខាងលើនេះ បានកើតឡើងកាលពីវេលា យប់ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះ ស្ថិតនៅក្នុងទីស្នាក់ការអង្គការទីភ្នាក់ងារសហប្រតិបត្ដិការបច្ចេក ទេសឱសថការី គ្មានព្រំដែន ដែលស្ថិតនៅផ្ទះវីឡាលេខ០៨ ផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំ ការមន ដែលគេដឹងថា មានឈ្មោះ ស៊ីល វាំងម៉ាក់តាំង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិបារាំង ជាប្រធានអង្គ ការខាងលើនេះ។

យោងតាមការអះអាងរបស់ជនរងគ្រោះ បានឱ្យដឹងថា សម្ភារៈដែលត្រូវចោរលួច រួមមានរថយន្ដ ១២កៅអី មួយ គ្រឿង ម៉ូតូចំនួន ៦គ្រឿង កុំព្យូទ័រចំនួន ៧គ្រឿង ម៉ាស៊ីនថត រូបចំនួន១ និងទូដែកចំនួន២ ដោយនៅក្នុងនោះ មានលុយចំនួន ៣.០០០ដុល្លារ ហើយបើសរុបជាថវិកាវិញ មានចំនួនរាប់ម៉ឺនដុល្លារឯណោះ។

មន្ដ្រីអង្គការខាងលើបានឱ្យដឹងបន្ដថា អង្គការរបស់ខ្លួនបានជួលសន្ដិសុខរបស់ក្រុមហ៊ុនឯកជន ឈ្មោះ រ៉ូយ៉ាល់ ស៊ិកឃ្យូរីធី មកយាមជារៀងរាល់ថ្ងៃ។ លុះនៅយប់ថ្ងៃទី០៩ មុន កើតហេតុគេដឹងថា មានសន្ដិសុខម្នាក់ឈ្មោះ ឈិត ណារ៉ូ មកដេកយាមប្រចាំការដូចសព្វដង។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ បើ យោងតាមសាក្សីដែលជាជាងធ្វើសោ បាន ឱ្យដឹងថា នៅវេលាម៉ោង ប្រមាណជា ៩យប់ថ្ងៃទី៩ ខែវិច្ឆិកា មានមនុស្ស៣នាក់ ដោយក្នុងនោះ មានម្នាក់ជាសន្ដិសុខក្រុមហ៊ុនឯកជនបាន ទៅពឹងពាក់ខ្លួន ឱ្យមកជួយធ្វើកូនសោ ដែលចាក់នៅទីស្នាក់ការអង្គការខាងលើ ដោយសន្ដិសុខរូបនោះ អះអាង ថា ខ្លួនបាត់កូនសោ មិនអាចចូលទៅខាងក្នុងបាន។ ឃើញដូច្នេះដោយសន្និដ្ឋានថា សន្ដិសុខខាងលើជាបុគ្គលិក ហើយបាត់កូនសោមែន ខ្លួនក៏ជួយឆ្កឹះសោឱ្យ ក្រោយពេលឆ្កឹះចេញខ្លួនក៏ ធ្វើ ដំណើរទៅផ្ទះវិញ ដោយមិនមាន ការចាប់អារម្មណ៍អ្វីនោះទេ ហើយក៏មិនដឹងថា ពួកគេមានបំណងទុច្ចរិតប្រព្រឹត្ដអំពើចោរកម្មដូច្នេះដែរ។

ដោយឡែកបុគ្គលិកអង្គការខាងលើនេះ បានអះអាងថា ពេលព្រឹកឡើងខណៈ ខ្លួនទៅធ្វើការស្រាប់តែឃើញនៅ ក្នុងទីស្នាក់ការមានការរុះរើ បើកបន្ទប់បើកតុ ទូរប៉ាត់រប៉ាយ ហើយបាត់សម្ភារៈមួយចំនួនរួមទាំង មិនឃើញសន្ដិ សុខយាមផងនោះ ទើបសន្និដ្ឋានថា ចោរចូលលួច ហើយសង្ស័យទៅលើ សន្ដិសុខយាមតែម្ដង។

ដោយឡែកនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា សមត្ថកិច្ចបានប្រទះឃើញរថយន្ដ១២កៅអី ពណ៌សមួយគ្រឿង ពាក់ស្លាក លេខ ONG30-2005 ដែលជារថយន្ដរបស់អង្គការខាងលើនេះ ត្រូវបានជនសង្ស័យយកទៅផ្លុងចោលនៅមុខ ហាងរ៉ាំបូ ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ហើយក៏នាំយកមកធ្វើការត្រួតពិនិត្យ រួច ហើយប្រគល់ទៅឱ្យប្រធានអង្គការខាងលើនេះយកទៅប្រើប្រាស់វិញ ។

ពាក់ព័ន្ធទៅនឹងចោរកម្មខាងលើនេះ សមត្ថកិច្ចខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា រហូតមកដល់នេះ សមត្ថកិច្ច នៅមិនទាន់ស្រាវជ្រាវរកមុខជនល្មើស ឃើញនៅឡើយនោះទេ តែសមត្ថកិច្ចបានកោះហៅបុគ្គលិកទាំងអស់មក ធ្វើការផ្ដិតមេដៃ ដើម្បីពិនិត្យក្រយៅដៃធ្វើការស្រាវជ្រាវតែមុខសញ្ញា ដែលសង្ស័យសំខាន់នោះ គឺសន្ដិសុខឯកជន ដែលអវត្ដមានក្រោយកើតបទល្មើសចោរកម្មខាងលើនេះ។

រឿងសន្ដិសុខរបស់ក្រុមហ៊ុនឯកជនដែល ត្រូវបានក្រុមហ៊ុនឬក៏អង្គការនានា ជួលយកទៅយាម ហើយធ្វើសកម្ម ភាពលួចយកទ្រព្យសម្បត្ដិនោះ វាមិនមែនជាករណីទី១នោះទេ កន្លងមកធ្លាប់កើតមានជាញឹកញាប់មក ហើយ ដូច្នេះមុននឹងជួលសន្ដិសុខឯកជន គេគួរតែពិនិត្យមើលឱ្យបានត្រឹមត្រូវ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]