ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មផង ស្រាប់តែបានគោរមងារជាឧកញ៉ាបាត់ទៅហើយ ដែលនឹងត្រូវប្រកាសឡើងជាផ្លូវការក្នុងពេលដ៏ខ្លី។

លោក ឡេង ណាវ៉ាត់ត្រា

យោងតាមការប្រកាសរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីខួប១០ឆ្នាំនៃប្រព័ន្ធអនុញាតិEPS បានទទួលស្គាល់លោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងជាអតីតពលករនៅក្នុងប្រទេសកូរ៉េបានក្លាយជាឧកញ៉ាហើយ ដោយលោកបានទាំងអបអរដល់តារាចម្រៀងរូបនេះ និងថាលោកជាតារាសិល្បៈវ័យក្មេងមួយរូប ដែលបានវិវត្តន៍ខ្លួនក្លាយជាអ្នកជំនួន និងក្លាយជាឧកញ៉ាតាមរយៈការរួមចំណែកជួយដល់សង្គមនោះផង។ ការប្រកាសរបស់លោកហ៊ុន ម៉ាណែត បានធ្វើអោយម្នាក់ៗភ្ញាក់ព្រឺតយ៉ាងខ្លាំង ក្នុងពេលដែលពេលកន្លងមក គេដឹងត្រឹមតែលោក ឡេង ណាវ៉ាត់ត្រា គ្រាន់តែមានសំណង់បុរីផ្ទះល្វែង និងវីឡាកូនកាត់ អមដោយមុខជំនួញពុះដីឡូតិ៍លក់ និងមានការរួមចំណែកជួយដល់សង្គមជាច្រើន តែមិនបានដឹងថាលោកបានងារជាឧកញ៉ា ដែលនឹងប្រកាសឡើងដោយព្រះមហាក្សត្រនោះឡើយ។ ប្រភពផ្លូវការបានអះអាងថាគោរមងាររបស់លោកនឹងធ្លាក់ជាផ្លូវការក្នុងពេលឆាប់ៗ អ៊ីចឹងហើយទើបអ្នកមុខអ្នកការដែលបានដឹងពីគម្រោងនៃការប្រកាសនោះបានហៅលោកថាលោកឧកញ៉ារួចជាស្រេច ជាពិសេសគឺការប្រកាសរបស់លោក ហ៊ុន ម៉ាណែត តែម្ដង។ លោកគឺជាអ្នកសិល្បៈទី២ ដែលបានទទួលងារជាលោកឧកញ៉ា បន្ទាប់ពីតារាកំប្លែងនាយឃ្លោក ដែលមានគុណបំណាច់ជាច្រើនក្នុងការរួមចំណែកជួយដល់សង្គម ក៏បានទទួលគោរមងារមួយនេះផងដែរ។

លោក ឡេង ណាវ៉ាត់ត្រា
លោក ឡេង ណាវ៉ាត់ត្រា

ជួបជាមួយនឹង លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា លោកពិតជាត្រូវបានស្នើអោយឡើងជាឧកញ៉ាប្រាកដមែន ប៉ុន្តែមិនទាន់ច្បាស់ថានឹងធ្លាក់លិខិតប្រកាសនោះក្នុងពេលណានោះទេ។ យ៉ាងណាមិញ លោកថាសម្រាប់ថ្នាក់ៗដែលបានមើលឃើញពីសកម្មភាពរបស់លោក បានទទួលស្គាល់ពីការតែងតាំងនោះរួចអស់ហើយ បន្ទាប់ពីលោកបានរួមចំណែកជួយដល់សង្គមនាមួយរយៈចុងក្រោយ ដែលរួមមានជួយសមាគមសិល្បករខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កាកបាទក្រហមកម្ពុជាជាដើម។

លោកបានឲ្យដឹងទៀតថា ទោះជាលោកមានឈ្មោះថាជាឧកញ៉ា តែលោកមិនបោះបង់ការងារជាតារាចម្រៀងនោះទេ ដោយលោកនឹងនៅតែបន្តបញ្ចេញបទចម្រៀងនៅក្នុងផលិតកម្ម Galaxy ជាហូរហែរ ដោយក្នុងពេលខាងមុខ លោកក៏នឹងត្រលប់មកផលិតភាពយន្តជាថ្មីផងដែរ បន្ទាប់ពីបានផលិតរឿង«កំពូលល្ងង់នៅអាស៊ី»ទទួលបានជោគជ័យ។ លោកថាសប្បាយចិត្តដែលការប្រឹងប្រែងនាពេលកន្លងហុចផលវិជ្ជមាន ប៉ុន្តែលោកនៅតែប្រកាសថាបើទោះជាបានឡើងតំណែងខ្ពស់ផុតពីតារាសិល្បៈយ៉ាងណាក៏ដោយ ក៏លោកនៅតែយល់ថាខ្លួនឯងជាតារាសិល្បៈយ៉ាងសាមញ្ញមួយរូប និងនៅតែជាអតីតពលករ ដែលធ្លាប់ហែលឆ្លងនូវការតស៊ូដដែល។

គួរឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ លោកកាន់តែមមាញឹកនឹងគម្រោងសង់បុរីដាក់លក់ តែលោកមិនភ្លេចជួយសង្គម និងបន្តចេញបទចម្រៀងនៅក្នុងផលិតកម្មនោះទេ ដើម្បីរួមចំណែកលើកស្ទួយវិស័យចម្រៀង អោយមានបទចម្រៀងជាស្នាដៃកូនខ្មែរ៕

លោក ឡេង ណាវ៉ាត់ត្រា
លោក ឡេង ណាវ៉ាត់ត្រា
លោក ឡេង ណាវ៉ាត់ត្រា
លោក ឡេង ណាវ៉ាត់ត្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡេង ណាវ៉ាត់ត្រា