កំពង់ស្ពឺ ៖ និស្សិតម្នាក់រៀននៅសាកល វិទ្យាល័យជាតិគ្រប់គ្រង ក្នុងរាជធានីភ្នំពេញ បានផ្ដាច់ជីវិតខ្លួនឯង តាមរយៈការធ្វើអត្ដ ឃាតដោយការបាញ់ ប្រហារ ចំនួនពីរគ្រាប់ ចំ ក្បាលនិងសៀតផ្កា ហើយស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ ដោយមិនទាន់ដឹងមូល ហេតុពិតប្រាកដ ដែលនាំឱ្យនិស្សិតរូបនេះ បាញ់ សម្លាប់ខ្លួនឯងនោះឡើយ បើទោះបី សេចក្ដីរាយការណ៍មួយចំនួន មិនទាន់ផ្លូវការ បានអះអាងថា ជនរងគ្រោះតូចចិត្ដដោយ សារតែឪពុករបស់ខ្លួន មិនទិញ ម៉ូតូស៊េរីធំឱ្យ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា អំពើអត្ដឃាតបាញ់សម្លាប់ ខ្លួនឯងចំនួនពីរគ្រាប់របស់និស្សិតវ័យក្មេងរូបនេះ បានកើតឡើង កាលពី វេលាម៉ោងប្រហែល ២និង៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅផ្ទះរបស់ជនរងគ្រោះតែ ម្ដង នៅក្នុងភូមិស្លា ឃុំវល្លិ៍ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បន្ទាប់ពីជនរងគ្រោះបានធ្វើ ដំណើរពីភ្នំពេញទៅលេងផ្ទះ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលបាញ់ សម្លាប់ខ្លួនឯងខាងលើនេះ មានឈ្មោះសូត្រ មេត្ដា អាយុ២០ឆ្នាំ ជានិស្សិតនៅសាកល វិទ្យាល័យជាតិគ្រប់គ្រង ហើយមានឪពុក ឈ្មោះសូត្រ វាសនា អាយុជាង៥០ឆ្នាំ ជា មន្ដ្រីយោធា ពាក់ស័ក្ដិ៤កន្លះ និងប្រពន្ធឈ្មោះ រឿន ចាន់ណា អាយុជាង៤០ឆ្នាំ ។

ប្រភពព័ត៌មានមិនទាន់ផ្លូវការបានឱ្យដឹងថា ដំណើររឿងដែលឈានទៅដល់ការធ្វើ អត្ដឃាតរបស់ជនរងគ្រោះរូបនេះ បានកើត ឡើង បន្ទាប់ពីជនរងគ្រោះ បាន សុំលុយទិញ ម៉ូតូធុនធំ ពីឪពុក ប៉ុន្ដែត្រូវបានឪពុកបដិសេធ រួចហើយធ្វើការស្ដីបន្ទោសបន្ដិចបន្ដួច នាំឱ្យ ជនរងគ្រោះគិតខ្លី ហើយយកកាំភ្លើងឪពុក របស់ខ្លួន ម៉ាកកា៥៤ បាញ់ខ្លួនឯងចំនួន២ គ្រាប់ ចំក្បាលនិងសៀតផ្កា បណ្ដាលឱ្យរង របួសធ្ងន់ ប៉ុន្ដែជនរងគ្រោះបានដាច់ខ្យល់ ស្លាប់ ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ ករណីបាញ់សម្លាប់ខ្លួន ឯងខាងលើនេះ មិនទាន់ត្រូវបានបញ្ជាក់ជា ផ្លូវការពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលមួយបានថ្លែងថា ចំពោះករណីនេះ ខាង សាច់ញាតិជនរងគ្រោះ ដែលអាងខ្លួនជាមន្ដ្រី យោធា មិនបានចូល រួមសហការ ជាមួយសមត្ថ កិច្ចជំនាញនោះឡើយ ជាហេតុធ្វើឱ្យសមត្ថកិច្ច មានការលំបាកក្នុងការស្រាវជ្រាវ ចំពោះ ករណីនេះ ។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដកំពង់ស្ពឺ លោកស័ក្ដិ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ថា ចំពោះ ករណីនេះសមត្ថកិច្ចជំនាញរបស់លោក មិន ទាន់រកឃើញរកមូលហេតុពិតប្រាកដ នៅ ឡើយទេ ខណៈកំពុងធ្វើការស្រាវជ្រាវនៅ ឡើយ ។

ដូចគ្នានេះដែរ មេបញ្ជាការអាវុធហត្ថ ខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ ម៉ែន ស៊ីប៊ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យ ដឹងថា សមត្ថកិច្ចជំនាញរបស់លោក កំពុងធ្វើ ការស្រាវជ្រាវនិងស៊ើបអង្កេតករណីរកមូល ហេតុពិតប្រាកដឱ្យឃើញ ។

លោកឧត្ដមសេនីយ៍ម៉ែន ស៊ីប៊ន បាន បញ្ជាក់ថា នៅពេលនេះសមត្ថកិច្ចរបស់លោក មិនទាន់បានសួរលំអិតទៅនឹងសាច់ញាតិជន រងគ្រោះនៅឡើយទេ ដោយសារតែ ពួកគេ កំពុងជាប់រវល់រៀបចំពិធីបុណ្យសព ហេតុ ដូច្នេះហើយការបើកស៊ើបអង្កេតនិងស្រាវ ជ្រាវនឹងធ្វើនៅពេលពិធីបុណ្យសពជនរង គ្រោះបានរួចរាល់ ។

មន្ដ្រីនគរបាលមួយរូបបានឱ្យដឹងថា ក្រោយ ពេលកើតហេតុ ភ្លាមៗនៅពេលសមត្ថកិច្ច ចុះទៅដល់នោះ កន្លែងដែលជនរងគ្រោះបាញ់ សម្លាប់ខ្លួនឯង ត្រូវបានលាង សំអាតយ៉ាង ស្អាត ដែលនាំឱ្យសមត្ថកិច្ចមានការលំបាក ក្នុងការស៊ើបអង្កេត ខណៈដែលប្រភពព័ត៌ មានខ្លះនៅមានមន្ទិលសង្ស័យ ចំពោះការធ្វើ អត្ដឃាតរបស់ ជនរងគ្រោះរូបនេះ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]