ជប៉ុន៖ ក្រុមហ៊ុនតូយ៉ូតា ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយលើពិភពលោក គ្រោងផលិតរថយន្តអគ្គិសនី ដើរដោយថាមពលថ្ម ឲ្យបានទាំងស្រុង នៅឆ្នាំ ២០២៥។

រថយន្តតូយ៉ូតា

កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ខាងក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍មួយ ថាខ្លួនបានកំណត់គោលដៅ ផលិតរថយន្តអគ្គិសនី ឲ្យបាន ៥.៥ លានគ្រឿង នៅឆ្នាំ ២០៣០ ដែលនឹងត្រូវលក់ចេញ ទៅកាន់ប្រទេសចិន ព្រមទាំងពង្រីកទីផ្សាររបស់ខ្លួននៅបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ប្រទេស ឥណ្ឌា និងប្រទេសនៅអឺរ៉ុប ជាដើម។

ការលើកឡើងបែបនេះ ស្របពេលក្រុមហ៊ុន តូយ៉ូតា បានផលិតរថយន្តអគ្គិសនីបានប្រមាណ ១១ លានគ្រឿងមកហើយ គិតមកទល់ពេលបច្ចុប្បន្ន ហើយនាពេលអនាគតឆាប់ខាងមុខ ក្រុមហ៊ុន នឹងមានរថយន្តអគ្គិសនី (ដើរដោយថាមពលថ្មសុទ្ធ) ចំនួន ១០ ប្រភេទខុសៗគ្នា សម្រាប់ដាក់លក់លើទីផ្សារ។ 

រថយន្ត តូយ៉ូតា

ចំពោះរថយន្តទាំងអស់ ដែលនឹងត្រូវផលិតនាពេលខាងមុខ អាចជារថយន្តអគ្គិសនី ដើរដោយថាមពលអគ្គិសនីសុទ្ធ ឬប្រភេទរថយន្តដើរដោយថាមពលថ្មផង និងដំណើរការដោយប្រេងឥន្ធនៈ (hybrid option) ក្នុងរយៈពេលតែមួយផងដែរ។

នាពេលកន្លងមកនេះ ខាងក្រុមហ៊ុន បានសហការណ៍ជាមួយក្រុមហ៊ុន ប៉ាណាសូនិក ក្នុងការផលិតថ្មរបស់រថយន្ត ដើម្បីធានាឲ្យបានថា វាមានទម្ងល់ស្រាល និងចំណាយតិច។ រីឯប្រភេទថ្ម ដែលនឹងត្រូវគេយកមកបំពាក់ លើរថយន្តឯណោះវិញ ត្រូវគេឲ្យឈ្មោះថា “next-generation solid-state batteries” រំពឹងនឹងមានលក់លើទីផ្សារ នៅឆ្នាំ ២០២០ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន តូយ៉ូតា ជាប់ឈ្មោះជាក្រុមហ៊ុនផលិតរថយន្តធំជាងគេសម្រាប់ឆ្នាំ ២០១៦ ដែលរថយន្តប្រមាណ ១០ លានគ្រឿង ត្រូវបានផលិតកំឡុងពេលនោះ។ នេះបើយោងតាម របាយការណ៍ របស់អង្គការអន្តរជាតិមួយ ហៅកាត់ថា OICA៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]